Ad Code

មន្ត្រីជាន់ខ្ពស់​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​អំពាវនាវ​ឲ្យ​យុវជន​បង្កើន​ការចូលរួម​បរិច្ចាគ​ឈាម​បន្ថែមទៀត​ដើម្បី​ត្រៀម​ជួយសង្គ្រោះ​ដល់​អាយុជីវិត​មនុស្ស



ភ្នំពេញ ​៖ ​មន្ត្រីជាន់ខ្ពស់​នៃ​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​បាន​អំពាវនាវ​ឲ្យ​យុវជន​បង្កើន​ការចូលរួម​បរិច្ចាគ​ឈាម​បន្ថែម​ទៀត ​ដើម្បី​ត្រៀម​ជួយសង្គ្រោះ​ដល់​អាយុជីវិត​មនុស្ស​ឲ្យ​បាន​ទាន់ពេលវេលា​។

ថ្លែង​ក្រោយ​ចូលរួម​កម្មវិធី​បរិច្ចាគ​ឈាម​ដោយ​ស្ម័គ្រ​ចិត្ត​ក្រោម​ប្រធានបទ «​យុវជន មនុស្សធម៌ និង​ក្តី​សង្ឃឹម​» ដែល​រៀបចំឡើង​សាកលវិទ្យាល័យ​ធនធានមនុស្ស​ដែល​ឧបត្ថម្ភ​គាំទ្រ​ដោយ ក្រុមហ៊ុន អិន វី ស៊ី ខ​ប​ភើ​រេ​សិន វី​តា​ល់ កាលពី​ព្រឹក​ថ្ងៃទី​៣០​ ខែមេសា​ ឆ្នាំ​២០១៩ នៅក្នុង​បរិវេណ​សាកលវិទ្យាល័យ​ធនធាន​មនុស្សលោក​វេជ្ជ​បណ្ឌិត លី សុ​វិ​ទ្យ អនុប្រធាន​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​បាន​មានប្រសាសន៍ថា​ ការ​អំពាវនាវ​ឲ្យ​យុវជន​ចូលរួម​បរិច្ចាគ​ឈាម​នេះ​ដោយសារតែ​ការ​ផ្គត់ផ្គង់​ឈាម​សម្រាប់​ជួយសង្គ្រោះ​ដល់​អ្នកជំងឺ​មានការ​កើនឡើង​ពី​១៥០​ទៅ​២០០​ប្លោក​នៅ​ទូទាំង​ប្រទេស​ក្នុង​១​ថ្ងៃៗ​ខណៈ​បច្ចុប្បន្ន​ការផ្តល់​ឈាម​ដោយ​ស្ម័គ្រចិត្ត​នៅមាន​ចំនួន​តិចតួច​នៅឡើយ​។

លោក​វេជ្ជបណ្ឌិត លី សុ​វិ​ទ្យ បាន​ណែនាំ​ឲ្យ​និស្សិត​និង​យុវជន​បន្ត​ចូលរួម​បរិច្ចាគ​ឈាម​ឲ្យ​បាន​ផុលផុស​ថែមទៀត​ព្រោះថា​ ការផ្តល់​ឈាម​មិនមាន​ការប៉ះពាល់​ដល់​សុខភាព​ឡើយ​ហើយ​ការចូលរួម​បរិច្ចាគ​ឈាម​នេះ​នឹង​រួមចំណែក​ក្នុងការ​ជួយសង្គ្រោះ​ដល់​អ្នកជំងឺ​ទាក់ទិន​នឹង​ការ​ហូរឈាម​តាម​ប្រដាប់​រំលា យ​អាហារ ការវះកាត់​ជំងឺ​បេះដូង គ្រោះថ្នាក់​ចរាចរណ៍ ការហូរ​ឈាម​មិន​ប្រក្រតី​នៅមុន​និង​ក្រោយពេល​សម្រាលកូន ជំងឺ​ខ្សោយ​តម្រង់​នោម​និង​ការ​ព្យាបាល​ថែទាំ​ជំងឺមហារីក​ជាដើម​។



លោក​បាន​បន្ថែម​ថា​ ដើម្បី​បំពេញ​ការ​ខ្វះខាត​ឈាម​នេះ ក្រសួងសុខាភិបាល​បាន​នឹង​កំពុង​រៀបចំ​យុទ្ធសាស្ត្រ​ជាច្រើន​ ក្នុង​នោះ មានការ​បង្កើត​ជា​ស្ថានីយ​ទទួល​អំណោយ​ឈាម​ឲ្យ​បាន​ច្រើន​កន្លែង​ដើម្បី​ផ្តល់​ភាព​ងាយស្រួល​ដល់​ប្រជាពលរដ្ឋ​ចូលរួម​អ្នក​បរិច្ចាគ​ឈាម​ខណៈ​បច្ចុប្បន្ន​នេះ​មានតែ​នៅ​ផ្សារ​ទំនើប​អ៊ី​អន​ទី​១​និង​ទី​២​ប៉ុណ្ណោះ​ ដែល​ធ្វើ​នៅ​រៀងរាល់ថ្ងៃ​សៅរ៍​។

ជាមួយគ្នា​នេះ​ដែរ មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ជាតិ​ក៏បាន​សហការ​ជាមួយ​ក្លឹប​នៃ​ក្តី​ស្រលាញ់​របស់​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​គ្រឹះស្ថាន​សាកលវិទ្យាល័យ​និង​វិស័យ​ឯកជន​ផ្សេងៗ​ទៀត​ដើម្បី​ប្រមូល​ឈាម​ឲ្យ​បាន​ច្រើន​សម្រាប់​ទុក​ជួយសង្គ្រោះ​ដល់​អ្នកជំងឺ​ដែល​ត្រូវការ​ឈាម​ជា​ចាំបាច់​។​
«​ចំណែក​លោក​អ៊ុំ វណ្ណៈ តំណាង​ក្រុមហ៊ុន អិន វី ស៊ី ខ​ប​ភើ​រេ​សិន វី​តា​ល់​បាន​មានប្រសាសន៍ថា​ដើម្បី​លើកទឹកចិត្ត​ដល់​និស្សិត​ដែល​បានផ្តល់​ឈាម វី​តា​ល់​បាន​ឧបត្ថម្ភ​ទឹក​វី​តា​ល់​ម្នាក់​១​យួរ បន្ថែម​លើ​ការឧបត្ថម្ភ​ទឹក​ប្រើប្រាស់​ក្នុង​កម្មវិធី​ទាំង​មូល​។



ជាមួយគ្នា​នេះដែរ​ លោក​បាន​កោតសរសើរ​ដល់​ថ្នាក់ដឹកនាំ​របស់​សាកលវិទ្យាល័យ​ធនធានមនុស្ស​ ដែល​តែងតែ​យកចិត្តទុកដាក់​ចំពោះ​កម្មវិធី​សប្បុរសធម៌ ជាពិសេស​កម្មវិធី​បរិច្ចាគ​ឈាម​ដោយ​ស្ម័គ្រ​ចិត្ត​នេះ ដែល​នេះ​គឺជា​កម្លាំង​ជំរុញ​ទឹកចិត្ត​ដ៏​មុតមាំ​សម្រាប់​សកលវិទ្យាល័យ​ឯកជន ក៏ដូចជា​សាធារណ​ជន​ដទៃទៀត​ក្នុង​ការធ្វើ​យុទ្ធ​ការ​នេះ​ កាន់​តែ​ច្រើន​ទូទាំងប្រទេស​។



លោក​សន្យា​ថា ​វី​តា​ល់​នឹង​បន្ត​គាំទ្រ​និង​ឧបត្ថម្ភ​ដល់​កម្មវិធី​បរិច្ចាគ​ឈាម​និង​សកម្មភាព​មនុស្សធម៌​សង្គម​ផ្សេងៗ​ទៀត ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការចូលរួម​របស់​អតិថិជន​វី​តា​ល់​ក្នុង​មូលនិធិ ២៥​រៀល​ពី​ការលក់​ទឹក​មួយ​ដប​។

លោក ឈុន ណុ​ច សាកលវិទ្យាធិការ​ង​នៃ​សកលវិទ្យា​ល័យ​ធនធានមនុស្ស បាន​ប្តេជ្ញា​ថា​នឹង​រៀបចំ​កម្មវិធី​បរិច្ចាគ​ឈាម​នេះ​ជា​បន្តបន្ទាប់​ទៀត​ដើម្បី​ឲ្យ​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាមមាន​ឈាម​គ្រប់គ្រាន់​សម្រាប់​ជួយសង្គ្រោះ​ដល់​អ្នកជំងឺ​ដែល​ត្រូវការ​ឈាម​។



​គួរ​បញ្ជាក់​ថា ​កម្មវិធី​បរិច្ចាគ​ឈាម​ដោយ​ស្ម័គ្រ​ចិត្ត​ក្រោម​ប្រធានបទ «​យុវជន មនុស្សធម៌ និង​ក្តី​សង្ឃឹម​»​នេះ​មាន​និស្សិត​ចូលរួម​ជាង​៤០០​នាក់​ ក្នុង​គោលបំណង​ដើម្បី​លើកកម្ពស់​ដល់​ការចូលរួម​របស់​និស្សិត​ក្នុង​សកម្មភាព​មនុស្សធម៌​ក្នុងសង្គម​តាមរយៈ​ការ​បរិច្ចាគ​ឈាម​សម្រាប់​គាំទ្រ​ដល់​យុទ្ធនាការ​របស់​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​ដែល​តែងតែ​យកចិត្តទុកដាក់​ក្នុង​ការ​លុបបំបាត់ ការ​ស្លាប់​របស់​ប្រជាជន​កម្ពុជា​ដោយ​កង្វះ​ឈាម​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu