Ad Code

ថ្ងៃទី​០៣​ឧសភា ចាប់ផ្ដើម​សម​យុទ្ធ​បាញ់​គ្រាប់​ពិត "​ហនុមាន​មាស ២០១៩" ដើម្បី​វាស់​ស្ទង់​សមត្ថ​ភាព​កងទ័ព ក្រោយពី​ធ្វើការ​ហ្វឹកហ្វឺន​តាម​បណ្ដា​សាលា​នានា​



ភ្នំពេញ​ ៖ នៅ​ដើមខែ​ក្រោយនេះ កម្ពុជា​ នឹង​រៀបចំ​សម​យុទ្ធ​បាញ់​គ្រាប់​ពិត ដែល​មាន​ ឈ្មោះថា "​ហនុ​មាន​មាស​២០១៩" នៅ​ទីលាន​បាញ់​គ្រាប់​ពិត​តេ​ជោ​សែន​ជុំ​គិរី ដែល​ស្ថិតនៅ​ភូមិ​ត្រពាំងវែង ឃុំ​ត្រពាំងវែង ស្រុក​ជុំ​គិរី ខេត្តកំពត រយៈពេល​៦​ថ្ងៃ ដោយ​ចាប់ពី​ថ្ងៃទី​០៣ ដល់​ថ្ងៃទី​០៨ ខែ​ឧសភា ឆ្នាំ​២០១៩ នេះ​បើតាម​ការ​បញ្ជាក់​ពី​អ្នកនាំពាក្យ​ក្រសួងការពារជាតិ ហើយ​សម​យុទ្ធ​នេះ ធ្វើឡើង​ដើម្បី​ពង្រឹង​សមត្ថភាព ចំណេះដឹង នាយទាហាន នាយទាហានរង និង​ពលទាហាន នៃ​កងទ័ពជើងគោក ក្នុង​កិច្ចការពារ​បូរណភាព​ទឹកដី ក៏ដូចជា​កា​រ​វាស់​ស្ទង់​សមត្ថភាព ក្រោយពី​ធ្វើការ​ហ្វឹកហ្វឺន​តាម​បណ្តា​សាលា និង​កងឯកភាព​នានា​។​

អ្នកនាំពាក្យ​ក្រសួងការពារជាតិ នាយ​ឧត្ដមសេនីយ៍ ឈុំ សុជាតិ បាន​ឲ្យ​ដឹងថា សមយុទ្ធ​បាញ់​គ្រាប់​ពិត "​ហនុមាន​មាស ២០១៩" ត្រូវបាន​ធ្វើឡើង ដើម្បី​ពង្រឹងសមត្ថភាព ចំណេះដឹង បណ្តា​ជំនាញ​ដល់ នាយទាហាន នាយទាហានរង និង​ពលទាហាន នៃ​កងទ័ពជើងគោក ក្នុង​កិច្ចការពារ​បូរណ​ភាព​ទឹកដី នាពេល​បច្ចុប្បន្ន និង​អនាគត​។ សមយុទ្ធ​នេះ ក៏​ជា​ការ​វាស់​ស្ទង់​សមត្ថភាព ក្រោយពី​ធ្វើ​ការ​ហ្វឹកហ្វឺន​តាម​បណ្តា​សាលា និង​កងឯកភាព​រួច​ផងដែរ​។ មួយវិញទៀត សម​យុទ្ធ​ហនុមាន​មាស នឹង​ជួយ​លើកកម្ពស់​សមត្ថភាព គុណភាព ផ្ដល់​ចំណេះដឹង​ការងារ​សេនាធិការ ក្នុង​ការ​ធ្វើ​សម​យុទ្ធ​ដល់​កម្មសិក្សា នាយទាហាន​សេនាធិការ ក្នុង​ការ​សហការ​រវាង​ប្រភេទ​ទ័ព និង​ទ័ព​ជំនាញ ក្នុង​ពេល​ហ្វឹកហ្វឺន ក៏​ដូច​ក្នុងពេល​ប្រយុទ្ធ​ថែមទៀត​។​

តាម​នាយ​ឧត្ដមសេនីយ៍ ឈុំ សុជាតិ ពិធី​បើក​សម​យុទ្ធ​បាញ់​គ្រាប់​ពិត "​ហនុមាន​មាស ២០១៩" នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃទី​០៣ ខែ​ឧសភា ឆ្នាំ​២០១៩ ក្រោម​អធិបតីភាព លោក​ឧត្ដមសេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការ​រង នៃ​កង​យោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ នៃ​បញ្ជាការដ្ឋាន​កងទ័ព​ជើងគោក​។ ចំណែក​ពិធី​បិទ​សម​យុទ្ធ​ដ៏​សំខាន់​នេះ នឹងធ្វើ​ឡើង​ក្រោម​អធិបតីភាព ឯកឧត្ដម នាយ​ឧត្ដមសេនីយ៍ វង្ស ពិ​សេន អគ្គមេបញ្ជាការ​ នៃ​កង​យោធពល​ខេមរភូមិន្ទ នា​ថ្ងៃ​ទី​០៨ ខែ​ឧសភា ឆ្នាំ​២០១៩​។​

សូមបញ្ជាក់ថា សមយុទ្ធ​ហនុមាន​មាស​២០១៩ នឹង​មាន​កម្លាំងយោធា​ចូលរួម​ចំនួន​១៥៩៥​នាក់ ដែល​ក្នុង​នោះ មាន​មកពី​បណ្តា​ជំនាញ​តាម​អង្គភាព វិទ្យាស្ថាន​កងទ័ពជើងគោក បញ្ជាការដ្ឋាន​អង្គរក្ស ទ័ព​ជើង​អាកាស បញ្ជាការដ្ឋាន​ការពារ​អាកាស វិទ្យាស្ថាន​កងទ័ពជើងគោក បញ្ជាការដ្ឋាន​បញ្ជូន​សារ ក​.​ជ​.​គ កងពលតូច​លេខ​៧០ កងពលតូច​ទ័ព​ពិសេស​ឆ័​ត្រ​យោង​៩១១ បញ្ជាការដ្ឋាន​វិស្វកម្ម ក​.​ជ​.​គ ការិយាល័យ​ទី​៥ ក​.​ជ​.​គ ក្រុម​គ្រូ ក្រុម​សេនាធិការ​ក្នុង​ទីបញ្ជាការ កងពល​ដឹកជញ្ជូន​លេខ​៩០ ខុទ្ទកាល័យ ក​.​ជ​.​គ ផង​ដែរ​។​

ដោយឡែក​សម្រាប់ អាវុធយុទ្ធភណ្ឌ ដែល​នឹង​ប្រើប្រាស់​ក្នុង​សម​យុទ្ធ​នេះ មាន​ដូចជា កាំភ្លើង​ធំ​១៥២​ម​ម និង​១២២​ម​ម កាំភ្លើង​២៣​ម​ម កាំភ្លើង​៣៧​ម​ម កាំភ្លើង BM21 RM70 រថក្រោះ រថពាសដែក រថយន្ត​ពេទ្យ រថយន្ត​ពន្លត់​អគ្គិភ័យ រថយន្ត​ដឹកជញ្ជូន ឧទ្ធម្ភាគចក្រ​ជាដើម​។​

សម​យុទ្ធ ហនុមាន​មាស ២០១៩ ត្រូវ​បាន​ធ្វើឡើង​ចំនួន​៣​លើក​រួចទៅហើយ ដោយ​លើក​ទី​១​ នៅ​ឆ្នាំ​២០១០ លើក​ទី​២ នៅ​ឆ្នាំ​២០១៣ លើក​ទី​៣ នៅ​ឆ្នាំ​២០១៨​។ ការ​ហ្វឹកហ្វឺន​នេះ មិនបាន​គំរាមកំហែង​ដល់​នរណា​ឡើយ ផ្ទុយទៅវិញ​ការ​ហ្វឹកហ្វឺន​នេះ មាន​គោលដៅ​ពង្រឹង​សមត្ថភាព​កងទ័ព​បន្ថែម​ទៀត​ប៉ុណ្ណោះ​។​

ឆ្លៀត​ក្នុងឱកាស ​នៃ​ការ​បើក​សម​យុទ្ធ​នេះ អ្នកនាំពាក្យ​ក្រសួងការពារជាតិ បាន​អំពាវនាវ​ដល់​ប្រជា​ពល​រដ្ឋ​ដែល​រស់នៅ​តំបន់​ហ្វឹកហ្វឺន ក្នុងស្រុក​ជុំ​គិរី ខេត្ត​កំពត កុំ​មានការ​ភ្ញាក់ផ្អើល​ចំពោះ​ការ​បាញ់​សម​យុទ្ធ​នេះ ហើយក៏​ស្នើសុំ​បងប្អូន​យោគយល់ បើសិនជា​ការ​ធ្វើ​សម​យុទ្ធ​មាន​សំឡេង​រំខាន​មួយ​រយៈ​ពេល​ខ្លី​៕





Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu