Ad Code

អាមេរិក​កំណត់​គោលដៅ​លើ​រដ្ឋមន្ត្រីការបរទេស​វេ​ណេ​ហ្ស៊ូ​អេ​ឡា​ក្នុង​ការ​ដាក់​សម្ពាធ​ថ្មី



សហរដ្ឋអាមេរិក​កាលពី​ថ្ងៃ​សុក្រ​បានដាក់​ទណ្ឌកម្ម​ទៅលើ​រដ្ឋមន្ត្រីការបរទេស​របស់​ប្រទេស​វេ​ណេ​ហ្ស៊ូ​អេ​ឡា​ដែល​នេះ​ជាការ​បង្កើន​យុទ្ធនា​ការដាក់​សម្ពាធរ​បស់​ខ្លួន​ក្នុង​គោលបំណង​បណ្តេញ​លោក​ប្រធានាធិបតី Nicolas Maduro ចេញពី​តំណែង​។​

សកម្មភាព​ប្រឆាំងនឹង​រដ្ឋមន្ត្រីការបរទេស Jorge Arreaza គឺជា​សញ្ញា​ចុងក្រោយ​និង​ខ្លាំង​បំផុត​ដែល​បង្ហាញថា សហរដ្ឋអាមេរិក​មិន​ចាប់អារម្មណ៍​ក្នុង​ការចរចា​ជាមួយ​លោក Maduro ទេ​។ លោក​ជា​មេដឹកនាំ​ឆ្វេងនិយម​ដែល​ប្រទេស​ជាង​៥០​លែង​ទទួលស្គាល់​ជា​ប្រធានាធិបតី​។​

រដ្ឋមន្ត្រីការបរទេស​អាមេរិក​លោក Mike Pompeo បាន​ហៅ​លោក Arreaza ថា​ជា “​អ្នកបម្រើ​លោក Maduro” និង​បាន​សរសេរ​នៅលើ Twitter ថា លោក​ត្រូវបាន​គេ​ដាក់ទណ្ឌកម្ម​ដោយសារតែ​ការប៉ុនប៉ង​ទប់ស្កាត់​បំណងប្រាថ្នា​ប្រជាធិបតេយ្យ​របស់​ប្រជាជន​វេ​ណេ​ហ្ស៊ូ​អេ​ឡា​។​

លោក Pompeo បាន​និយាយថា “​ប៉ុន្តែ​ខ្ញុំ​ស្គាល់​ជនជាតិ​វេ​ណេ​ហ្ស៊ូ​អេ​ឡា ពួកគេ​នឹងមិន​ភ័យខ្លាច​ទេ​។ ជាមួយ​ការគាំទ្រ​ពី​បណ្តា​ប្រទេស​ប្រជាធិបតេយ្យ​ឈានមុខ​របស់​ពិភពលោក ពួកគេ​នឹង​ស្ដារឡើងវិញ​នូវ​លទ្ធិប្រជាធិបតេយ្យ​និង​កសាង​ប្រទេស​ឡើងវិញ​”​។​

ក្រោម​ការដាក់ទណ្ឌកម្ម​នេះ ទ្រព្យសម្បត្តិ​អាមេរិក​របស់លោក Arreaza នឹងត្រូវ​រារាំង​ហើយ​ពលរដ្ឋ​អាមេរិក​នឹងត្រូវ​ហាមឃាត់​ពី​ការទាក់ទង​ជាមួយ​អ្នកការទូត​កំពូល​របស់​ប្រទេស​វេ​ណេ​ហ្ស៊ូ​អេ​ឡា​រូបនេះ​។​

លោក Arreaza គឺជា​មន្ត្រី​វេ​ណេ​ហ្ស៊ូ​អេ​ឡា​ចុងក្រោយបង្អស់​ដែល​ត្រូវបាន​កំណត់​គោលដៅ​ខណៈពេលដែល​រដ្ឋការ​រ​បស់​លោក​ប្រធានាធិបតី Donald Trump ព្យាយាម​ផ្តល់​អំណាច​ដល់​លោក Juan Guaido ដែលជា​មេដឹកនាំ​គណបក្សប្រឆាំង​។​

ប៉ុន្តែ​ខណៈដែល​ការដាក់ទណ្ឌកម្ម​មុនៗ​ភាគច្រើន​បាន​ចោទប្រកាន់​ពី​អំពើពុករលួយ​ឬ​ការរំលោភបំពាន​សិ​ទិ្ធ​មនុស្ស​នោះ ក្រសួង​ហិរញ្ញវត្ថុ​មិនបាន​លើកឡើង​ពី​ការរំលោភបំពាន​ជាក់លាក់​ណាមួយ​ដោយ​លោក Arreaza ទេ​ដោយ​គ្រាន់តែ​និយាយថា គាត់​ត្រូវបាន​ដាក់ទណ្ឌកម្ម​ដោយសារតែ​តួនាទី​របស់គាត់​ជា​រដ្ឋមន្ត្រីការបរទេស​ប៉ុណ្ណោះ​។​

លោក Steven Mnuchin រដ្ឋមន្ត្រីក្រសួង​រតនា​គារ​បាន​និយាយថា សហរដ្ឋអាមេរិក​នឹង​បន្ត​ផ្តោត​គោលដៅ​លើ​អ្នកប្រព្រឹត្ត​អំពើពុករលួយ​ក្នុង​ក្រុម​លោក Maduro ដោយ​រួមទាំង​អ្នក​ដែលមាន​ភារកិច្ច​ផ្នែក​ការទូត​និង​យុត្តិធម៌​ជំនួសមុខ​ឲ្យ​របប​ខុសច្បាប់​នេះ​ផងដែរ​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu