Ad Code

ក្មេង​ស្រី​ម្នាក់ ​បើក​ម៉ូតូ​វ៉ា​ជែង ​ទាក់​ដៃចង្កូត​ម៉ូតូ​មួយគ្រឿង​ទៀត ​ដួល​ចូល​កង់​រថយន្ត​ស្លាប់​ គួរ​ឲ្យ​រន្ធត់​



​តាកែវ ៖ ក្មេងស្រី​អាយុ​១៩​ឆ្នាំ​ម្នាក់​ បាន​បើកបរ​ម៉ូតូ​វ៉ា​ជែង​ក្នុងស្ថានភាព​ផ្លូវ​គ្រោះថ្នាក់​ និង​ខ្វះ​ការ​ប្រុងប្រយ័ត្ន​ ទៅ​ទាក់​ដៃចង្កូត​ម៉ូតូ​មួយគ្រឿង​ទៀត ​បណ្តាល​ឲ្យ​ដួល​ចូល​កង់​រថយន្ត​ដឹក​ដី ​កិន​ស្លាប់​ភ្លាម​មួយរំពេច​។​

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ព្រោះតែ​ខ្វះ​ការប្រុងប្រយ័ត្ន​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១៦​និង​០០​នាទី ស្ថិតនៅលើ​ផ្លូវជាតិ​លេខ​២ ចន្លោះ​គីឡូម៉ែត្រ​លេខ ៣៩-៤០ ចំណុច​ភូមិ​កណ្តឹង​ធំ ឃុំ​កណ្តឹង ស្រុក​បាទី ខេត្តតាកែវ​។

តាម​ការ​ឲ្យ​ដឹង​ពី​ប៉ូលិស​ស្រុក​បាទី​ប្រាប់ថា ក្មេងស្រី​រងគ្រោះ​មានឈ្មោះ ហ៊ែ​ល ស​ម្ភ​ស្ស អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ​កណ្ដឹង​ធំ ឃុំ​កណ្ដឹង ស្រុក​បាទី ខេត្តតាកែវ​។ ជនរងគ្រោះ​បើកបរ​ម៉ូតូ​ម៉ាក​ស្កុប​ពី ពណ៌​ស ពាក់​ស្លាក់​លេខ ភ្នំពេញ 1 HI 5216 ពី​ជើង​ទៅ​ត្បូង លុះដល់​ចំណុចកើតហេតុ​ បាន​បើក​វ៉ា​ជែង​ម៉ូតូ​មួយ​គ្រឿង​ទៀត​ដែល​កំពុង​បើកបរ​ស្រប​ទិស​គ្នា​ ក៏​ទាក់​ដៃចង្កូត​បណ្តាល​ឲ្យ​ដួល គាប់​ជួន​ពេលនោះ​មាន​រថយន្ត​ដឹក​ដី​ដែល​កំពុង​បើកបរ​ស្រប​ទិស​គ្នា​ដែរនោះ​បានមក​ដល់ ​កិន​ជនរងគ្រោះ​ស្លាប់​ភ្លាមៗ​នៅ​នឹងកន្លែង​តែម្តងទៅ​។​

​ក្រោយ​កើតហេតុ ​កម្លាំង​ជំនាញ ​នៃ​អធិការ​នគរបាល​ស្រុក​បាទី​ បាន​ចុះ​ដល់​វាស់វែង​ធ្វើ​កំណត់ហេតុ​និង​ដកហូត​វត្ថុតាង​ម៉ូតូ​ជនរងគ្រោះ ​និង​រថយន្ត​ យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ដើម្បី​ធ្វើការ​ដោះស្រាយ​គ្នា​នៅពេល​ក្រោយ ​តាម​នីតិវិធី។ ចំណែក​សព​ក្មេងស្រី​រងគ្រោះ​ បាន​ប្រ​គល់​ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu