Ad Code

គ​.​ជ​.​ប ទទួល​ពាក្យ​បណ្តឹងតវ៉ា​ចំនួន​១០ ក្នុង​រយៈពេល​៧​ថ្ងៃ នៅ​ដំណាក់កាល​បិទ​ផ្សាយ​បញ្ជី​បោះ​ឆ្នោត​ដំបូង​



ភ្នំពេញ​ ៖ រយៈពេល​៧​ថ្ងៃ គិត​ត្រឹម​ថ្ងៃទី​២២ ដល់​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០១៩ ក្នុង​ដំណាក់កាល​បិទ​ផ្សាយ​បញ្ជី​បោះឆ្នោត​ដំបូង គណៈកម្មការ​រាជធានី ខេត្ត រៀបចំ​ការបោះឆ្នោត (​គ​ធ​.​ខ​ប​) ពុំ​បានទទួល​ពាក្យ​បណ្តឹង​ជំទាស់​ឡើយ ប៉ុន្តែ​ទទួល​ពាក្យ​បណ្តឹងតវ៉ា​១០​បណ្ដឹង ក្នុងនោះ​សម្រេច​យល់ព្រម​តាម​ពាក្យ​បណ្តឹង​ចំនួន​៣ និង​កំពុង​ដោះស្រាយ​ចំនួន​៧​បណ្ដឹង​។​

សេចក្តី​ប្រកាស​ព័ត៌មាន ដែល​កម្ពុ​ជាថ្មី​ទទួល​បាន​នៅ​ថ្ងៃ​ទី​២៧ ខែ​មេសា ឆ្នាំ​២០១៩​ បានឲ្យ​ដឹងថា បណ្តឹង​ទាំង​១០​បណ្តឹង​ខាងលើនេះ រួម​មាន នៅ​ខេត្តបាត់ដំបង​ចំនួន​១​បណ្តឹង ដោយ​យល់ព្រម​តាម​ពាក្យបណ្ដឹង​, ខេត្ត​កំពង់ស្ពឺ ចំនួន​២​បណ្ដឹង កំពុង​ដោះស្រាយ​ទាំង​២​បណ្ដឹង​, ខេត្ត​កំពង់ធំ ចំនួន​៦​បណ្តឹង យល់ព្រម​តាម​ពាក្យ​បណ្តឹង​ចំនួន​១​បណ្តឹង និង​កំពុង​ដោះស្រាយ​ចំនួន​៥​បណ្តឹង និង​ខេត្ត​តាកែវ ចំនួន​១​បណ្តឹង ដោយ​យល់ព្រម​តាម​ពាក្យបណ្តឹង​។​

សូមបញ្ជាក់ថា ការដាក់ ការទទួល និង​ការដោះស្រាយ​ពាក្យបណ្ដឹង​ទាក់ទង​ទៅនឹង​បញ្ជី​បោះឆ្នោត​ដំបូង មាន​រយៈពេល​១៩​ថ្ងៃ (​លើកលែង​ថ្ងៃបុណ្យ​ផ្លូវការ​១​ថ្ងៃ​) ចាប់ពី​ថ្ងៃទី​២២ ខែមេសា ដល់​ថ្ងៃទី​១០ ខែឧសភា ឆ្នាំ​២០១៩​។ ដំណាក់កាល​នីមួយៗ​នៃ​បណ្ដឹង​រួមមាន ទី​១, ការ​ប្តឹងទៅ គ​ធ​.​ខ​ប ក្នុង​រយៈ​ពេល​៥​ថ្ងៃ បន្ទាប់​ពីថ្ងៃ​បិទ​ផ្សាយ​បញ្ជី​បោះឆ្នោត​ដំបូង ចាប់ពី​ថ្ងៃទី​២២ ដល់​ថ្ងៃទី​២៦ ខែមេសា ឆ្នាំ​២០១៩ ទី​២, ការដោះស្រាយ​ពាក្យបណ្តឹង​ដោយ គ​ធ​.​ខ​ប ក្នុង​រយៈពេល​៣​ថ្ងៃ បន្ទាប់​ពីថ្ងៃ​ប្តឹង ចាប់ពី​ថ្ងៃ​ទី​២៧ ដល់​ថ្ងៃទី​២៩ ខែមេសា ឆ្នាំ​២០១៩ ទី​៣, ការ​ប្តឹងទៅ គ​.​ជ​.​ប ក្នុង​រយៈពេល​៥​ថ្ងៃ បន្ទាប់​ពីថ្ងៃ គ​ធ​.​ខ​ប បដិសេធ (​ឈប់​បុណ្យ​៧​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​៣០ ខែ​មេសា ដល់​ថ្ងៃ​ទី​៥ ខែ​ឧសភា ឆ្នាំ​២០១៩ ទី​៤, ការ​ដោះស្រាយ​ពាក្យបណ្តឹង​ដោយ គ​.​ជ​.​ប ក្នុង​រយៈពេល​៥​ថ្ងៃ បន្ទាប់​ពីថ្ងៃ​ប្តឹង ចាប់ពី​ថ្ងៃ​ទី​៦ ដល់ ថ្ងៃ​ទី​១០ ខែ​ឧសភា ឆ្នាំ​២០១៩​។​

ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ក្រុមប្រឹក្សា​ខេត្ត ក្រុមប្រឹក្សា​ក្រុង ក្រុមប្រឹក្សា​ស្រុក ក្រុម​ប្រឹក្សា​ខណ្ឌ អាណត្តិ​ទី​៣ ឆ្នាំ​៣០១៩ នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃអាទិត្យ​ទី​២៦ ខែ​ឧសភា ឆ្នាំ​២០១៩ ហើយ​លោក ឌុ​ច សុន សមាជិក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) ធ្លាប់​បាន​អះអាង​ថា ជន​ណាក៏ដោយ ឬ​តំណាង មាន​សិទ្ធិ​ប្ដឹងតវ៉ា និង​ប្ដឹង​ជំទាស់​ជា​លាយលក្ខណ៍អក្សរ ទាក់ទង​នឹង​បញ្ជី​បោះឆ្នោត​ដំបូង​ទៅ គ​ធ​.​ខ​ប ឬ គ​.​ជ​.​ប ហើយ​ពាក្យបណ្ដឹង​ត្រូវ​ធ្វើ​ឡើងជា​លាយលក្ខណ៍អក្សរ ប៉ុន្តែ​ពាក្យបណ្ដឹង​អនាមិក​ពុំ​ត្រូវបាន​ចាត់ទុកជា​ពាក្យ​ប្ដឹង​ស្របច្បាប់ និង​មិនត្រូវ​លើក​យក​មក​ដោះស្រាយ​ឡើយ​៕




Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu