Ad Code

អាមេរិក​យល់ស្រប​ជាមួយ​រុស្ស៊ី​ និង​ចិន​អំពី​ការ​ដកទ័ព​ចេញពី​អា​ហ្វ​ហ្គា​នី​ស្ថាន



សហរដ្ឋអាមេរិក​កាលពី​ថ្ងៃ​សុក្រ​ បានទទួល​ការគាំទ្រ​ពី​គូប្រជែង​រុស្ស៊ី​និង​ចិន​ស្តីពី​រូបមន្ត​សំខាន់​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​មួយ​ដែល​ខ្លួន​កំពុង​ចរចា​នៅក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​។ នោះ​គឺជា​ការដក​កងទ័ព​ដើម្បី​ឆ្លើយតប​ទៅនឹង​ការសន្យា​របស់​ក្រុម​តា​លី​បង់​ដែលថា​ខ្លួន​មិន​ស្វាគមន៍​ពួក​ជ្រុលនិយម​បរទេស​។​

លោក Zalmay Khalilzad បេសកជន​អាមេរិក​ដែល​ត្រូវបាន​គេ​កំណត់ថា​នឹង​រៀបចំ​កិច្ចចរចា​ជុំ​ចុងក្រោយ​ជាមួយ​ពួក​តា​លី​បង់​បាន​ហៅ​ការ​មូលមតិ​គ្នា​នេះ​ថា​ជា “​ព្រឹត្តិការណ៍​ដ៏​សំខាន់​មួយ​” នៅក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​បញ្ចប់សង្គ្រាម​បន្ទាប់ពី​លោក​បាន​ជួប​តំណាង​រុស្ស៊ី​និង​ចិន​នៅក្នុង​ទីក្រុង​មូ​ស្គូ​។​

សេចក្តីថ្លែងការណ៍​រួមគ្នា​មួយ​ដោយ​ប្រទេស​ទាំងបី​បាន​អំពាវនាវ​ឲ្យ​មាន​ដំណើរការ​សន្តិភាព​ដែល​ដឹកនាំ​ដោយ​អា​ហ្វ​ហ្គា​នី​ស្ថាន​និង​ចំណុច​បញ្ជាក់​ដែល​គ្រោង​នឹង​បង្ហាញ​នៅក្នុង​កិច្ចព្រមព្រៀង​ចុងក្រោយ​មួយ​។​

សេចក្តីថ្លែងការណ៍​ដែល​ចេញ​ដោយ​ក្រសួងការបរទេស​អាមេរិក​បាន​និយាយថា “​ភាគី​ទាំងបី​បាន​អំពាវនាវ​ឲ្យ​មាន​ការដក​កងទ័ព​បរទេស​ចេញពី​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​តាម​សម្រួល​និង​ទទួលខុសត្រូវ​ដែលជា​ផ្នែក​មួយ​នៃ​ដំណើរការ​សន្តិភាព​ទាំងមូល​”​។​

ពួកគេ​ក៏បាន​និយាយ​ផងដែរ​ថា ក្រុម​តា​លី​បង់​បានធ្វើការ​ប្តេជ្ញាចិត្ត​ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ក្រុម​ជ្រុលនិយម​រដ្ឋ​ឥស្លាម​និង​កាត់ផ្តាច់​ទំនាក់​ទំនងជា​មួយក្រុម​អាល់​កៃ​ដា​។​

សេចក្តីថ្លែងការណ៍​ដដែល​នេះ​បាន​និយាយទៀតថា ក្រុម​តា​លី​បង់​បាន​សន្យា​ធានាថា តំបន់​ដែល​ពួកគេ​គ្រប់គ្រង​នឹងមិន​ត្រូវបាន​ប្រើប្រាស់​ដើម្បី​គំរាមកំហែង​ដល់​ប្រទេស​ណាមួយ​ឡើយ​។ សេចក្តីថ្លែងការណ៍​នេះ​បាន​អំពាវនាវ​ឲ្យ​ពួកគេ​រារាំង​ពី​ការជ្រើសរើស​ភេរ​វករ បណ្តុះបណ្តាល​និង​រៃអង្គាស​មូលនិធិ​។​

លោក​ប្រធានាធិបតី Donald Trump មាន​ឆន្ទៈ​ក្នុងការ​បញ្ចប់សង្គ្រាម​យូ​រ​បំផុត​របស់​អាមេរិក​ដែល​ត្រូវបាន​ចាប់​ផ្តើមឡើង​ដើម្បី​ឆ្លើយតប​ទៅនឹង​ការវាយប្រហារ​ថ្ងៃទី​១១​ខែកញ្ញា​ឆ្នាំ​២០០១​នៅពេលដែល​អតីត​រប​ប​តា​លី​បង់​បានផ្តល់​ទីជ្រកកោន​ដល់​ក្រុម​អាល់​កៃ​ដា​។​
​ប្រទេស​រុស្ស៊ី​និង​ប្រទេស​ចិន​មានការ​ពាក់ព័ន្ធ​យ៉ាងខ្លាំង​នៅក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​។ ទាហាន​សូ​វៀត​ប្រហែល​១៤,០០០​នាក់​ត្រូវបាន​សម្លាប់​នៅក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​ចាប់ពី​ឆ្នាំ​១៩៧៩​ដល់​ឆ្នាំ​១៩៨៩​នៅក្នុង​ជម្លោះ​ជាមួយ​ទ័ពព្រៃ​ឥស្លាម​ដែល​គាំទ្រ​ដោយ​អាមេរិក​។​

ប្រទេស​ចិន​បាន​បង្កើន​ការចូលរួម​របស់ខ្លួន​នៅក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​ទាំង​ផ្នែក​យោធា​និង​សេដ្ឋកិច្ច​នៅពេលដែល​ខ្លួន​បង្ហាញ​ការព្រួយបារម្ភ​ថា ពួក​សកម្មប្រយុទ្ធ​អាច​ជ្រៀតចូល​ទៅក្នុង​តំបន់​ស៊ីន​ជាំ​ង​របស់ខ្លួន​ដែលជា​កន្លែង​មាន​ជន​មូស្លីម​ភាគច្រើន​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu