Ad Code

កីឡាករ កីឡាការិនី​ប្រយុទ្ធ​កម្ពុជា​( MMA) ត្រៀម​ចេញទៅ​ប្រកួត WARRIORS OF LIGHT និង​ONE FOR HONOR នៅ​ឥណ្ឌូនេស៊ី ​និង​ថៃ​



នៅ​ដើមខែ​ឧសភា​ខាងមុខនេះ កីឡាករ​កីឡាការិនី​រ​បស់​សហព័ន្ធ​កីឡា​យុទ្ធ​គុន​ចម្រុះ​៣​រូប ដែល​២​រូប​នឹង​ចេញទៅ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ONE FOR HONOR នា​រដ្ឋធានី​ហ្សាកាតា ប្រទេស​ឥណ្ឌូណេស៊ី និង​១​រូប​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍ one WARRIORS OF LIGHT នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ​។​

យុទ្ធ​គុន​ចម្រុះ ​ឬ​MMA(Mixed Martial Art)​ ជា​ប្រភេទ​កីឡា​ប្រយុទ្ធ ដែល​កំពុងតែ​ពេញនិយម​នៅក្នុង​ពិភពលោក វា​ជា​ប្រភេទ​កីឡា ដែលមាន​បង្កប់​នៅ​ក្បាច់​ប្រដាល់​គុន​ខ្មែរ​នៅក្នុង​នោះ។​

កីឡាករ MMA ជើងចាស់​កម្ពុជា​ចាន់ រតនា និង កីឡា​ការិនី​ប្រដាល់​គុន​ខ្មែរ​ជម្រើស​ជាតិ នៅ ស្រី​ពៅ ត្រូវ​ចេញទៅ​ប្រកួត​នៅក្នុង​ព្រឹត្តិការណ៍​ONE FOR HONOR នា​រដ្ឋធានី​ហ្សា​កាតា ប្រទេស​ឥណ្ឌូណេស៊ី ដែល​នឹង​ប្រព្រឹត្តទៅ​នា​ថ្ងៃទី​០៣​ ខែ​ឧសភា ​ឆ្នាំ​២០១៩ ហើយ​កីឡាករ​ប្រដាល់​គុន​ខ្មែរ​សុខ ធី នឹង​ចេញ​ទៅ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍ ​one WARRIORS OF LIGHT នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ នា​ថ្ងៃទី​១០​ ខែ​ឧសភា ឆ្នាំ​​២០១៩។​

លោក វ៉ា​ត់​ចំរើន អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា និង​ជា​ស្ថាបនិក​សហព័ន្ធ​កីឡា​យុទ្ធ​គុន​ចម្រុះ​កម្ពុជា​(MMA) បាន​មានប្រសាសន៍​ឲ្យ​ដឹង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ដែល​រៀបចំ​ធ្វើ​នៅ​ទីស្នាក់ការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា នា​ថ្ងៃទី​២៧​ ខែ​មេសា ឆ្នាំ​២០១៩​នេះ​ថា កីឡា​ប្រយុទ្ធ​មួយ​នេះ ទាមទារ​ជំនាញ​ច្បាស់លាស់​ណាស់។​ កីឡាករ​-​កីឡា​ការិនី​ ត្រូវតែ​ចេះ​ក្បាច់​ប្រដាល់​គុន​ខ្មែរ ក្បាច់​បោក កាច់ តែ​កីឡា​ប្រភេទ​នេះ​មិន​ប្រកាន់​ថា តើ​ត្រូវតែ​ចេះ​ក្បាច់គុន​អ្វី​នោះ​ទេ​ គឺ​ទាម​ទារ​ទៅលើ​ការសម្រេចចិត្ត​រប​ស់​បុ​គ្គល​ដែល​ជា​អ្នក​ប្រយុទ្ធ។ ចេះ​ការាត់តេ ឬ ហាប់​គី​ដូ ប្រដាល់​... សុទ្ធ​តែ​អាច​ចូលរួម​ប្រកួត​បាន​ទាំងអស់ ។​
​ ​
កីឡាករ​សុខ ធី ដែល​ត្រូវ​ប្រកួត​ថ្ងៃទី​១០​ឧសភា​ នៅ​ប្រទេស​ថៃ​នោះ បាន​អះអាង​ថា លើក​នេះ​គេ​ជួប​ជាមួយ​ជើងឯក​ប្រចាំ​ប្រទេស​ថៃ។ គេ​ពិតជា​ខ្លាំង​តែ​សុខ ធី​ អះអាង​ថា ទោះបី​ចាញ់ ឬ ឈ្នះ​គេ​ត្រូវតែ​វ៉ៃ​ឲ្យ​អស់ពី​សមត្ថភាព។ រីឯ​កីឡា​ការិនី​នូវ ស្រី​ពៅ ​វិញ ក៏បាន​អះអាង​ដែរ​ថា គូប្រកួត​របស់គេ​លើក​នេះ​ល្អ​ទាំង​ក្បាច់​កាច់ ស្នៀត​បោក និង​ការ​វាយ​ដោយ​ប្រយោល។​

កីឡាករ​ចាន់ រតនា ដែលជា​អ្នក​ប្រយុទ្ធ​លើ​ស​ង្វៀន​MMA​ដ៏​ចាស់​វស្សា​នោះ បានដៃ​គូប្រកួត​របស់​គេ​លើក​នេះ​ទំនងជា​មិន​ខ្សោយ​ទេ គេ​នឹង​វាយ​ឲ្យ​បាន​អស្ចារ្យ។ ​សូមបញ្ជាក់ថា កីឡាករ​ចាន់ រតនា និង នូវ ស្រី​ពៅ ប្រកួត​នៅ​ប្រទេស​ឥណ្ឌូនេស៊ី​ថ្ងៃទី​៣​ឧសភា។​
​ ​
លោក ហ៊ុន ចាន់​រាជ ដែលជា​អគ្គលេខាធិការ​សហព័ន្ធ​បាន​បញ្ជាក់​ដែរ​ថា រាល់​គ្រោះថ្នាក់​ដែល​កើត​មាន​នៅក្នុងពេល​ប្រកួត​ គឺ​អ្នករៀបចំ​កម្មវិធី​គេ​រ៉ាប់រង​ទាំងអស់។​
​ ​
លោក​វ៉ា​ត់ ចំរើន​ វិញ​បាន​អះអាង​ថា កីឡាករ​-​កីឡា​ការិនី​ល្អៗ​របស់​កម្ពុជា​សុទ្ធ​តែមាន​ប័ណ្ណ​របប​សន្តិ​សុខ​សង្គម​ហេតុនេះ ប្រសិន​ជាមាន​បញ្ហា​គេ​អាច​ប្រើ​ប័ណ្ណ​នេះ ដើម្បី​ចូល​មន្ទីរពេទ្យ​ព្យាបាល​បាន។ លោក​ក៏​អះអាង​ដែរ​ថា លោក​នឹង​រៀបចំ​ឲ្យ​មានការ​ប្រកួត​ជើងឯក​ថ្នាក់ជាតិ​ នៃ​កីឡា​យុទ្ធ​គុន​ចម្រុះ​នេះ។

លោក វ៉ា​ត់ ចំរើន បាន​ផ្ដាំផ្ញើ​ និង​ផ្តល់​អនុសាសន៍​ដល់​កីឡាករ កីឡា​ការិនី​MMA ថា សហព័ន្ធ​កីឡា​យុទ្ធ​គុន​ចម្រុះ​ទើបតែ​បង្កើត​ឡើង​មិន​ដល់​១​ឆ្នាំ​ទេ តែ​យើង​មាន​កីឡាករ​ល្បី​ល្បី​ដែល​អាច​ចូលរួម​ការ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍ one fc នេះ​បាន។​ ដូច្នេះ​កីឡាករ កីឡា​ការិនី យើង​ម្នាក់ៗ ត្រូវតែ​ខិតខំ​ប្រឹង​ប្រែង​ដើម្បី​កិត្តិយស​របស់​ជាតិ​ និង​សង្គម។​

លោក​បញ្ជាក់​ថា កីឡា​ចាញ់​ឈ្នះ​គ្រាន់តែ​ជា​លទ្ធផល ប៉ុន្តែ​សំខាន់​ជាងគេ​គឺ ​Perfomance ឬ​ហៅថា​បច្ចេកទេស បើទោះបីជា​យើង​ចាញ់​ដោយ​បច្ចេកទេស​ទាប គឺ​នឹង​មានការ​មាក់ងាយ ហើយ​បើសិនជា​លទ្ធផល​យើង​ចាញ់​ដោយ​បច្ចេកទេស​ខ្ពស់ ក៏​ជា​ការ​ចាញ់​ដោយ​កិត្តិយស និយាយ​រួម​ចាញ់​ ឬ​ឈ្នះ​គឺ​ដោយ​កិត្តិយស។ ​មួយទៀត គឺ​ក្រមសីលធម៌​ចាញ់​ឈ្នះ​ក៏ដោយ ក៏ត្រូវ​តែ​ចាញ់​ដោយ​ត្រឹមត្រូវ​ ដោយ​អស់​ចិត្ត និង​ដោយ​កិត្តិយស​ដែរ៕





Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu