Ad Code

តារា​កំប្លែង​ជើងចាស់​ លោកតា សង់​ស៊ី​ស ត្រូវ​បាន​សមាគម​សិល្ប​ករ​ខ្មែរ​ប្រគល់​អំណោយ ​និង​ថវិកា​ជួយ​សម្រួលការ​លំបាក​



​ភ្នំពេញ​ ៖​ តារា​កំប្លែង​ជើងចាស់​មាន​ប្រជាប្រិយភាព ​និង​តែង​បង្ក​ភាពសប្បាយ​រីករាយ​ជូន​ទស្សនិក​ជន​គ្រប់​វ័យ​ លោកតា សង់​ ស៊ី​ស គិត​មកទល់ពេលនេះ ​គឺ​លោកតា​បាន​ធ្លាក់ខ្លួន​ឈឺ​មាន​រយៈពេល​ជា​ច្រើន​ឆ្នាំ​មកហើយ​ ខណៈដែល​អាជីព​សិល្បៈ​ ត្រូវបាន​បាត់បង់​សមត្ថភាព​សម្តែង​ទាំងស្រុង​ផង​នោះ​។​

ទន្ទឹមពេល​ជាមួយគ្នា​ដែរ ​វ័យ​កាន់តែ​ជរា និង សុខភាព​ក៏​ធ្លាក់ចុះ​ទ្រុឌទ្រោម​អន់​ថយ​ផង​នោះ ​តារា​កំប្លែង​ លោកតា សង់​ស៊ី​ស ត្រូវបាន​ទស្សនិកជន​ និង​អ្នកគាំទ្រ​ជាច្រើន​បាន​បង្ហាញ​ការ​អាណិត​អាសូរ​ និង​តែង​ជូនពរ​ឲ្យ​លោកតា​មាន​សុខភាព​ល្អជា​សះស្បើយ​ពី​ជំងឺ​។ ​លើសពីនេះ​ កាលពី​ថ្ងៃទី​២៦ ខែ​មេសា​ ឆ្នាំ​២០១៩​កន្លងមកនេះ​ លោកតា សង់​ស៊ី​ស ក៏​ទទួលបាន​ការយកចិត្ត​ទុកដាក់​ និង​ឧបត្ថម្ភ​ថវិកា​ ព្រមទាំង​គ្រឿង​បរិភោគ​មួយ​ចំនួន​ពី​ខាង​សមាគម​សិល្បករ​ខ្មែរ​។​

ប្រភពពី​ខាង​សមាគម​សិល្បករ​ខ្មែរ​ឲ្យ​ដឹងថា​ តំណាង​ឲ្យ​សមាគម​សិល្បករ​ខ្មែរ​ អតីត​តារា​កំប្លែង​នាយ ឃ្លោក បាន​ជូន​ថវិកា​មូលនិធិ​សិល្បករ​ចាស់ជរា និង គ្រឿង​ឧបភោគ​បរិភោគ​មួយ​ចំនួន​ និង​ជា​រៀង​រាល់​ខែ​ដល់​សិល្បករ លោកតា សង់​ស៊ី​ស ដែល​គាត់​មាន​ជំងឺ​ប្រចាំ​កាយ​និយាយ​ពុំ​រួច បាន​ធ្វើ​ឲ្យ​លោក​តា​បាត់បង់​នូវ​សមត្ថភាព​សម្តែង​។​

ប្រភព​ដដែល​បន្តទៀត​ថា​ សមាគម​សិល្បករ​ខ្មែរ សូម​គោរព​ថ្លែងអំណរគុណ​ដល់​សប្បុរសជន​ទាំ​ង​អស់​ដែល​បាន​ជួយឧបត្ថម្ភ​ដល់ ​«​មូលនិធិ​សិល្បករ​ចាស់ជរា​» ​ជាពិសេស​សូម​គោរព​ថ្លែងអំណរគុណ​ដល់​ សម្ដេច​តេ​ជោ ហ៊ុន សែន និង សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ដែល​បាន​ឧបត្ថម្ភ​ថវិកា​៥​ម៉ឺន​ដុល្លារ​ ក្នុង​១​ឆ្នាំ ក្នុង​រយៈពេល​៥​ឆ្នាំ​,​អ្នកឧកញ៉ា លាង ឃុន អគ្គនាយក​ក្រុមហ៊ុន ជីប ម៉ុង ​និង​អ្នក​ឧកញ៉ា ហុ ង​ពី​វ អគ្គនាយក បុរី​ពិភពថ្មី ដែល​បាន​ឧបត្ថម្ភ​ថវិកា​ក្នុង​មួយ​នាក់​៥​ម៉ឺន​ដុល្លារ ក្នុង​១​ឆ្នាំ ​ក្នុង​រយៈពេល​៥​ឆ្នាំ​ ដើម្បី​ទ្រទ្រង់​ដល់​សិល្បករ​ចាស់ជរា​។​

គួរ​រម្លឹក​ថា ​តារា​កំប្លែង​វ័យ​ចំណាស់​ លោកតា សង់​ស៊ី​ស បាន​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់​ ដោយសារ​ជំងឺ​លើស​ឈាម​ ដែល​គិត​មកទល់ពេលនេះ​ មាន​រយៈពេល​ប្រមាណ​ជាង​៣​ឆ្នាំ​ហើយ​ ដែល​ធ្វើ​ឲ្យ​តារា​កំប្លែង​ជើង​ចាស់​រូបនេះ​មិនអាច​បន្ត​អាជីព​សម្តែង​កំប្លែង​បាន​ដូច​គ្រា​មុនៗ​។ ខណៈ​ដែល​មាន​មហាជន​ជា​ច្រើន​នៅតែ​អាណិត ​និង​គាំទ្រ​ លោកតា សង់​ស៊ី​ស ​ផង​នោះ​៕

 



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu