Ad Code

លោក អ៊ឹង ម៉េង​ហួរ​ ៖ ការងារ​ត្រួតពិនិត្យ ​ត្រូវ​ផ្សារ​ភ្ជាប់​ការងារ​ដឹកនាំ​ បើ​មានការ​ដឹកនាំ ​គឺ​ត្រូវ​មាន​ការ​ត្រួតពិនិត្យ​



កំពត ៖ ការងារ​ត្រួតពិនិត្យ​ត្រូវ​ផ្សារភ្ជាប់​ការងារ​ដឹកនាំ បើ​មានការ​ដឹកនាំ​ គឺ​ត្រូវមាន​ការត្រួតពិនិត្យ ឲ្យ​បាន​ហ្មត់ចត់​ទើប​ការងារ​ទទួល​បាន​បាន​ជោគជ័យ​។ នេះ​គឺជា​មតិ​លើកឡើង​របស់ លោក អ៊ឹង ម៉េង​ហួរ សមាជិក​គណៈកម្មាធិការ​កណ្តាល ​និង​ជា​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​កំពត ដើម្បី​ក្រើនរំលឹក​ណែនាំ ដល់​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​មកពី​គណបក្ស​ថ្នាក់​មូលដ្ឋាន​ នៃ​មន្ទីរ អង្គ​ភាព និង​ក្រុង ស្រុក ឃុំ សង្កាត់ ​ក្នុង​ខេត្ត​ សរុប​ចំនួន​ជាង​២០០​នាក់​។​

​នៅក្នុង​ឱកាស​កិច្ចប្រជុំ​បូកសរុប​ការងារ​ត្រួតពិនិត្យ​គណបក្ស​ខេត្ត​ឆ្នាំ​២០១៨​ និង​លើក​ទិសដៅ​ភារកិច្ច​ឆ្នាំ​២០១៩ ដែល​បាន​ធ្វើឡើង ​កាលពី​ព្រឹក​ថ្ងៃទី​២៦​ ខែ​មេសា ​ឆ្នាំ​២០១៩​ នៅ​មន្ទីរ​គណបក្ស​ប្រជាជន​ខេត្ត​កំពត លោក អ៊ឹង ម៉េង​ហួរ បាន​លើក​បញ្ជាក់​ក្រើនរំលឹក​ដល់​សមាជិក​ក្នុង​កិច្ចប្រជុំ​នេះ​ថា​ ៖ កន្លងមក​អង្គការ​ចាត់តាំង​គណបក្ស​ និង​មន្ត្រី​គណបក្ស​ភាគច្រើន​បាន​កំពុង​យកចិត្តទុកដាក់​យ៉ាងសកម្ម​ និង​សម្រេច​រាល់​ទិសដៅ​ភារកិច្ច​របស់​គណបក្ស​ទាំង​ក្នុង​ការងារ​ទូទៅ ទាំង​ក្នុង​ការងារ​កសាង​ពង្រឹង​គណបក្ស របប​ដឹកនាំ ​និង​របៀបរបប​ធ្វើការ​ភាគច្រើន​បាន​អនុវត្ត​ត្រឹមត្រូវ​តាម​លក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុង និង​គោលការណ៍​ណែនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ថ្នាក់​កណ្ដាល ដែល​ចំណុច​វិជ្ជមាន​ទាំងអស់នេះ ​បានធ្វើ​ឲ្យ​គណបក្ស​រឹងមាំ ទទួល​បាន​ការគាំទ្រ​ពី​ប្រជាជន ដណ្ដើមបាន​ជ័យ​ជម្នះ​ជា​បន្តបន្ទាប់​ក្នុងការ​ដឹកនាំ​ប្រទេស​ និង​ការបោះឆ្នោត​ទាំង​នៅ​ក្នុង​ថ្នាក់ជាតិ​ និង​ថ្នាក់​មូលដ្ឋាន​។​

​លោក​ក៏បាន​បន្ត​លើកឡើង​ទៀតថា​ តែ​ទោះបី​លទ្ធផល​សម្រេច​បានជា​ភាព​វិជ្ជមាន​ទាំងនេះ​ក៏ពិត​មែន ក៏​នៅមាន​ចំណុច​អវិជ្ជមាន​ដែល​ត្រូវ​ពុះពារ​កែលំអ​បន្ថែមទៀត ចំពោះ​មន្ត្រី​ដឹកនាំ​គណបក្ស​មួយ​ចំនួន ខ្វះ​ការយល់ដឹង​អំពី​ការងារ​គណបក្ស​ ខ្វះ​ការអនុវត្ត​របប​ប្រជុំ​ជីវភាព និង​ មិន​គោរព​បាន​ត្រឹម​ត្រូវ​តាម​គោលការណ៍​សមូហភាព​ដឹកនាំ ម្នាក់ៗ​ទទួលខុសត្រូវ ឃ្លាតឆ្ងាយ​ពី​មហាជន រហូត​ប្រព្រឹត្ត​ខុស​ឆ្គង​ ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សិទ្ធ​ និង​ផលប្រយោជន៍​ប្រជាជន​ថែមទៀត​។​

​មិនតែប៉ុណ្ណោះ​ចំណុច​អវិជ្ជមាន​ទាំងអស់នេះ បាន​ជះឥទ្ធិពល​ដល់​សាមគ្គីភាព​ផ្ទៃក្នុង ដល់​ប្រសិទ្ធ​ភាព​ការងារ និង​ប្រជាប្រិយភាព​របស់​គណបក្ស​ដែល​ទាមទារ​ឲ្យ​គណបក្ស​ត្រូវតែ​ពង្រឹង​ការងារ​អនុវត្ត​លក្ខន្តិកៈ​គណបក្ស​ឲ្យ​បាន​ម៉ឺងម៉ាត់​ពង្រឹង​គុណភាព​បង្កើន​ការងារ​ត្រួតពិនិត្យ​របស់​មន្ត្រី​ឲ្យ​បាន​រឹងមាំ និង​ប្រកាន់ខ្ជាប់​លើកកម្ពស់​ការដឹកនាំ អនុវត្ត​គោលនយោបាយ​ចំពោះ​មន្ត្រី​ប្រកបដោយ​ភាព​យុត្តិធម៌​និង​បរិយាប័ន​ ដោយ​ភ្ជាប់​នឹង​ការអនុវត្ត​ផ្អែក​តាម​ប្រសាសន៍​ក្រើនរំលឹក​របស់ ​សម្ដេច​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ថា​ ត្រូវតែ​បន្ត​ពង្រឹង​អភិបាលកិច្ច ​នៅ​គ្រប់​ស្ថាប័ន ពង្រឹង​សមត្ថភាព​លុបបំបាត់​គ្រួសារនិយម ទំនើង​និយម បក្សពួក​តាមរយៈ​អភិក្រម ​"​ឆ្លុះកញ្ចក់ ងូតទឹក ដុស​ក្អែល ព្យាបាល និង​វះកាត់​"៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu