Ad Code

ជន​មិន​ស្គាល់​មុខ​ បើក​រថយន្ត​យក​ទៅ​ប្លុង​ចោល​នៅ​បណ្ដោយ​ផ្លូវ​ភ្លោះ​ក្រុមហ៊ុន​OCIC ​ ត្រូវ​សមត្ថកិច្ច​ចុះ​ពិនិត្យ



ភ្នំពេញ ​៖​ រថយន្ត ​ម៉ាក​TOYOTA COROLA​ ពណ៌​ស​មួយ​គ្រឿង​ ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​ បើក​យក​មក​ប្លុង​ចោល​នៅ​​​តាម​បណ្តោយ​ផ្លូវភ្លោះ​ក្រុមហ៊ុន​OCIC ​ហើយ​គេចខ្លួនបាត់ រយៈពេល​មួយ​យប់​មួយថ្ងៃ​មក​ហើយ​ ធ្វើឲ្យ​មាន​ការភ្ញាក់ផ្អើល ដល់​សន្តិសុខ​ និង​អ្នកដំណើរ ហើយ​ក៏បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ប៉ុស្តិ៍ ​និង​ខណ្ឌ​ជ្រោយចង្វារ ចុះ​ត្រួតពិនិត្យ ដោយ​គេ​ឆ្ងល់​ថា ​មិនដឹង​ម្ចាស់​នៅឯណា​ហើយ​មានរឿង​អី​ ឬ​លួច​គេ​ពី​ណា​មក ទើប​យក​មក​ប្លុង​ចោល​នៅទីនេះ។

ហេតុការណ៍ នេះ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក ​ថ្ងៃទី​២៧ ​ខែ​មេសា ​ឆ្នាំ​២០១៩ ចំណុច​ផ្លូវភ្លោះ ​ក្នុង​ក្រុមហ៊ុន​OCIC ​ស្ថិតក្នុង​ភូមិ​ដើម​គ សង្កាត់​ជ្រោយចង្វារ​ ខណ្ឌ​ជ្រោយចង្វារ។​

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា រថយន្ត​ដែល​គេ​យក​ទៅ​ប្លុង​ចោល​នោះ​ម៉ាក​តូយ៉ូតា កូរ៉ូឡា​ពណ៌​ស ​ស៊េរី​ឆ្នាំ​១៩៩៣​ ពាក់​ស្លាក​លេខ សៀមរាប 2A 6938។

បើតាម​សន្តិសុខ​នៅ​យាម​ក្រុមហ៊ុន​សំណង់​ក្បែរ​នោះ​និយាយថា កាលពី​ល្ងាច​ម៉ោង​ប្រហែល​១២​និង​០០​នាទី​យប់ ​ឈានចូល​ថ្ងៃទី​២៧​ ខែ​មេសា ​ឆ្នាំ​២០១៩ ​ខណៈ​គាត់​កំពុង​យាម ​ស្រាប់​តែមាន​បុរស​៤​នាក់ ​ជិះ​រថយន្ត​នេះ​មក​ចត​នៅ​ចំណុច​នេះ ហើយ​ចុះ​ពី​រថយន្ត​បើក​ដំបូល​មុខ​មើល​ឆ្កឹះឆ្កៀល​មួយ​សន្ទុះ ក៏​នាំគ្នា​ចេញ​បាត់​តែម្តង។ ដោយ​បាត់​ម្ចាស់​យូរពេក​ រយៈពេល​១​យប់​១​ថ្ងៃ​មកហើយ ​មិនឃើញ​មក​យក​រថយន្ត​វិញ រហូតដល់​ថ្ងៃទី​២៧​មេសា ​ក៏​រាយការណ៍​ប្រាប់​ប៉ូលិស​ទៅពិនិត្យ​ និង​យក​មក​រក្សា​ទុក​នៅ​ខណ្ឌ​ជ្រោយចង្វារ​ ដើម្បី​ស្វែងរក​ម្ចាស់​រថយន្ត​ដែល​បាត់​។​

នៅ​ព្រឹក​ថ្ងៃទី​២៧​មេសា ​ក្រោយពី​សមត្ថកិច្ច​ពិនិត្យ​រថយន្ត​ដើម្បី​រក​វត្ថុតាង ​ឬ​មូលហេតុ​ត្រឹមត្រូវ​មិន​ឃើញ​មាន​អ្វី​គួរ​ឲ្យ​សង្ស័យ​ សមត្ថកិច្ច​ក៏បាន​អូស​រថយន្ត​មក​ទុក​នៅ​ប៉ុស្តិ៍​ខណ្ឌ​ជ្រោយចង្វារ​ ដើម្បី​ប្រកា​ស​រក​ម្ចាស់ ហើយ​បើ​បងប្អូន​ណា​បាត់​រថយន្ត​ដូច​មាន​ភិនភាគ​ខាងលើ ​សូម​ទំនាក់ទំនង​នៅ​ប៉ុស្តិ៍​រដ្ឋបាល​ជ្រោយចង្វារ​ នឹង​បានឃើញ​មិន​ខាន។​

នៅ​ព្រឹក​ម៉ោង​១០​និង​៣០​នាទី​ថ្ងៃទី​២៧​មេសា ​ក្រោយពី​សមត្ថកិច្ច​ពិនិត្យ​រថយន្ត​ដើម្បី​រក​វត្ថុតាង​ ឬ​មូល​ហេតុ​ត្រឹមត្រូវ​មិនឃើញ​មាន​អ្វី​គួរ​ឲ្យ​សង្ស័យ​ សមត្ថកិច្ច​រក​ឃើញ​លេខ​ទូរស័ព្ទ​ ក៏​ខ​ល​ទៅ​សាក​មើល​ម្ចាស់​រថយន្ត​ទទួល​ទូរស័ព្ទ​ ហើយ​សមត្ថកិច្ច​សួរ​នាំ​ទើប​ដឹងថា ​ម្ចាស់​រថយន្ត​ស្នាក់នៅ​ផ្ទះជួល​នៅ​ម្តុំ​ម្លប់​ដើម​មាន ​សង្កាត់​ព្រែកលៀប​ ហើយ​មូល​ហេតុ​ដែល​បណ្ដាល​ឲ្យ​ម្ចាស់​រថយន្ត​ចត​ចោល​ដូច្នេះ​ គឺ​បណ្តាលមកពី​រថយន្ត​អស់​ប្រេង ​និង​ម្ចាស់​ស្រវឹង​សា​ បើក​ទៅមុខ​លែងរួច​ ក៏​សម្រេចចិត្ត​ទុក​ចោល​ ហើយ​ចាក​ចេញទៅ​សម្រាក​បាត់​។ ក្រោយពី​សមត្ថកិច្ច​ទាក់ទង​ទៅ​ម្ចាស់​រថយន្ត​រួចមក​ រថយន្ត​ត្រូវបាន​ម្ចាស់​យកទៅ​វិញ​ហើយ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu