Ad Code

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា និយាយ​ពី​ប្រជាធិបតេយ្យ​នៅ​ប្រទេស​កូរ៉េ និង​កម្ពុជា ខណៈ​ក្រុម​ប្រឆាំង​កំពុង​រៀបចំ​មហា​បាតុកម្ម​



​ភ្នំពេញ ​៖ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បាន​អះអាង​ថា កូរ៉េ​ជា​ប្រជា​ធិបតេយ្យ ប៉ុន្តែ​បើ​មាន​នរណា​ម្នាក់​ប្រព្រឹត្ត​ខុសច្បាប់ ហើយ​មាន​ដីកា​ពី​តុលាការ ជន​នោះ​ពិតជា​ត្រូវ​ចាប់ខ្លួន​ដាក់គុក​ជាមិនខាន ហើយ​ករណីនេះ ក៏​ដូច​នៅ​កម្ពុជា​ដែរ ពីព្រោះ​ប្រជាធិបតេយ្យ ត្រូវ​គោរព​ច្បាប់​។​

សារ​នយោបាយ​របស់​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​នេះ បាន​ធ្វើឡើង​តាមរយៈ​បណ្តាញ​ទំនាក់​ទំនាក់​តេ​ឡេ​ក្រាម​របស់ខ្លួន នៅ​ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០១៩ និង​ស្រប​ពេលដែល ក្រុម​ប្រឆាំង ដែលមាន​និន្នាការ​សមរ​ង្ស៉ី​និយម ត្រៀម​ធ្វើបាតុកម្ម​មួយ ដែលមាន​ឈ្មោះថា “​បាតុកម្ម​ភ្លើង​ទៀន​” នៅលើ​ទឹកដី​ប្រទេស​កូរ៉េ ដើម្បី​ប្រឆាំង​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​។​

សារ​នយោបាយ​របស់ លោក សុខ ឥសាន បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា “​ប្រទេស​កូរ៉េ​ជា​ប្រទេស​ប្រជាធិបតេយ្យ ប៉ុន្តែ​បើ​មាន​នរណាម្នាក់​ប្រព្រឹត្ត​ខុសច្បាប់ ហើយ​មាន​ដីកា​ពី​តុលាការ ជន​នោះ​ប្រាកដជា​មិន​រួចខ្លួន​ទេ ច្បាស់​ជា​ត្រូវ​ចាប់ខ្លួន​ញាត់​ចូល​គុក​ជាមិនខាន​។ រឿងនេះ​ក៏​មិន​ខុសគ្នា​នៅ​ប្រទេស​កម្ពុជា​ដែរ​។ ប្រទេស​កម្ពុជា​ជា​ប្រទេស​ប្រជាធិបតេយ្យ និង​នីតិរដ្ឋ​។ បើ​មាន​ជន​ណា​ល្មើសច្បាប់ ប្រាកដ​ជា​ត្រូវ​ចាប់​ញាត់​គុក​ដូច​នៅ​កូរ៉េ​ដែរ ប៉ុន្តែ​ដោយសារតែ​អា​មេ​ឧទ្ទាម​ក្រៅច្បាប់​ពូកែ​រត់គេចខ្លួន​ទៅ​នៅ​បរទេស បានជា​នៅ​រួចខ្លួន​ដូច​សព្វថ្ងៃ ប៉ុន្តែ​មិន​អី​ទេ គង់​មាន​ថ្ងៃ​ណាមួយ ភ្លេចខ្លួន នឹង​រត់​មករក​ជុច​ជាមិនខាន​”​។​

តាម​លោក សុខ ឥសាន ការចាប់ខ្លួន​អ្នកទោស ដែលមាន​ដីការ​ចាបខ្លួន​ជាការ​ងាយ​ទេ ជាពិ​សេស​ជាមួយ​បណ្តា​ប្រទេស ដែលមាន​កិច្ចព្រមព្រៀង​បត្យាប័ន​ជាមួយគ្នា​រួចហើយ ប៉ុន្តែ​ករណី​នៅ​កូរ៉េ​ខាងត្បូង​រាជរដ្ឋាភិបាល​កម្ពុជា មិន​គិតពី​កិច្ចព្រមព្រៀង​បត្យាប័ន​ជាមួយគ្នា​នោះទេ ដោយ​ទុក​ឲ្យ​ធ្វើ​តាមចិត្ត ហើយ​ចង់ដឹង​ពី​កម្លាំង ដែល​គេ​ហៅថា មហា​បាតុកម្ម​ពិភពលោក​នោះ មាន​កម្រិត​ប៉ុនណា មាន​មនុស្ស​ប៉ុន្មាន​នាក់​ចូលរួម ហើយ​មាន​ឥទ្ធិពល​យ៉ាងណា​ដល់​ផ្ទៃក្នុង​ប្រទេស​កម្ពុជា ? ។​

សូមបញ្ជាក់ថា លោក សម រង្ស៊ី និង ​សហការី មានដូចជា ​លោកស្រី មូរ សុខ​ហួរ លោក​ម៉ែន សុថា​វរិ​ន្ទ្រ ជាដើម កាលពី​ថ្ងៃទី​១៩ ខែមេសា ឆ្នាំ​២០១៩ បាន​ទៅដល់​ប្រទេស​កូរ៉េខាងត្បូង ដើម្បី​ចូលរួម​ប្រជុំ​ជាមួយ​សកម្មជន​ប្រឆាំង និង​ធ្វើ​មហា​បាតុកម្ម​មួយ​ដែលមាន​ឈ្មោះថា "​បាតុកម្ម​ភ្លើងទៀន​" ជា​លើក​ទី​២​នៅ​ទីនោះ ហើយ​បាតុកម្ម​នេះ គ្រោង​ធ្វើឡើង​ស្របពេល ដែល​ពលរដ្ឋ និង​ពលករ​ខ្មែរ​មួយ​ចំនួន បានប្រកាស​ត្រៀម​ចូលរួម រាំលេង​សប្បាយ​ជាមួយ​ការ​ប្រគំ​តន្ត្រី​ដ៏​ធំ​មួយ ដែល​ដឹកនាំ​ដោយ​លោក​ឧកញ៉ា ឡេង ណា​វ៉ា​ត់​ត្រា នៅលើ​ទឹកដី​កូរ៉េខាងត្បូង​នេះ ហើយ​ការ​សម្តែង និង​ប្រគំ​តន្ត្រី​នេះ មានការ​ចូលរួម​ដោយ​តារា​ល្បី​ខ្មែរ​ចំនួន​១០​នាក់ ដែលជា​តារា​ល្បីៗ​ពី​ប្រទេស​កម្ពុជា ដែលមាន​ដូចជា កញ្ញា ឡូ រ៉ា​ម៉ម​, លោក ខេ​ម​,​លោក វុ​ទ្ធា​, កញ្ញា បាន ម៉ុ​ន្នី​ល័​ក្ខ​,​លោក ចាន់ សម័យ​, ក​ញ្ញ៉ា យូ​រី​, លោក Bmo លោក Tampo,​ពិធីក កំពូល​កូ លោក ប៉ែន ​ចំ​រ៉ុង និង​ លោក យឹម តា​ស្រង់​។​

ការ​ប្រគំ​តន្ត្រី​ខាងលើ ធ្វើឡើង​តែ​១​ថ្ងៃ​ប៉ុណ្ណោះ ដោយ​មិន​ការ​លក់​សំបុត្រ​ឡើយ គឺ​ បងប្អូន​ពលករ​ខ្មែរ​អាច​ចូលរួម​ទស្សនា​ដោយ​សេរី នៅ​ទីក្រុង ប៊ូសាន សួនឧទ្យាន សាម​ណាក់ ​ក្បែរ​ស្ថានីយ​រថភ្លើង​សា​សាង​ចាប់ពី​ម៉ោង​៤​ល្ងាច​ដល់​ម៉ោង​១០​យប់​។ តាម​ការ​រំពឹង​ទុក ព្រឹត្តិការណ៍​នេះ នឹងមាន​បងប្អូន​ខ្មែរ​ទៅ​ចូលរួម​ទស្សនា​រាប់ម៉ឺន​នាក់​។ តោះ​យ៉ាងណា ក្រុម​អ្នករៀបចំ​ធ្វើបាតុកម្ម បាន​ចាត់ទុក​តន្ត្រី​នេះ​ថា ជា​ការ​បំបែក​កម្លាំង​របស់​ពួកគេ ក្នុង​ការ​ចូលរួម​ជាមួយ​ លោក សម រ​ង្ស៉ី​៕

 



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu