Ad Code

Hun Sen Cup 2019 ៖ ៣​គូ​ត្រូវ​ប្រកួត​មុនគេ​ក្នុង​វគ្គ​ជម្រុះ​១៦​ក្រុម​ចុងក្រោយ​ថ្នាក់​ខេត្ត​នៅ​ថ្ងៃ​អង្គារ​នេះ



​ពានរង្វាន់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន លើក​ទី​១៣ ឆ្នាំ​២០១៩​ដែល​រៀបចំឡើង​ដោយ​គណៈកម្មាការ​ប្រកួត​បាល់ទាត់​ជាតិ​កម្ពុជា (CNCC) សេនាធិការ​របស់​សហ​ព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​(​ស​.​ប​.​ក​) បានចាប់ផ្ដើម​ពី​ចុងខែ​កុម្ភៈ មក​ម្ល៉េះ​ដោយមាន​ការប្រកួត​បែង​ចែកចេញជា ២​វគ្គ​ដូច​កាលពី​ឆ្នាំ​២០១៨​ដែរ​គឺ​វគ្គ​ប្រកួត​ជម្រុះ​ថ្នាក់​ខេត្ត និង​វគ្គ​ប្រកួត​ជម្រុះ​ថ្នាក់ជាតិ​។



យោង​តាម​ប្រភព​មកពី​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បាន​បញ្ជាក់​ថា ​ការប្រកួត​វគ្គ​ថ្នាក់​ខេត្ត​ចាប់ផ្ដើម​មុនគេ​ដោយ​ចាប់​ប្រកួត​ពី​ថ្ងៃ​ទី​២៦ ខែកុម្ភៈ ឆ្នាំ​២០១៩ ខណៈ​មាន​ក្រុម​ទាំងអស់​ចំនួន ២៣​ចូលរួម មកពី​២៣​ខេត្ត ដែល​បែង​ចែកចេញជា ៦​ពូ​ល​ដែល​១​ពូ​ល​មាន ៤​ក្រុម លើកលែងតែ​ពូ​ល F ដែល​មានតែ​៣​ក្រុម​ធ្វើការ​ប្រកួត​ចំនួន​មួយ​ជើង​ប៉ុណ្ណោះ រៀងរាល់ថ្ងៃ​អង្គារ​និង​ថ្ងៃ​ពុធ នៃ​សប្ដាហ៍​នីមួយៗ​។

តាម​គម្រោង​ការប្រកួត​ដែល​មានតែ ១​ជើង ក្រុម​ចំនួន​១៦ នឹង​ត្រូវ​រើស​ចេញពី​ចំណោម​ក្រុម​ទាំង​២៣ គឺ​ក្រុម​លេខ ១ និង​លេខ ២ ប្រចាំ​ពូ​ល​ទាំង​៦ បូក​បញ្ចូល​ជាមួយ​ក្រុម​លេខ ៣​ល្អ​ចំនួន ៤​ក្រុម​ផ្សេងទៀត ដើម្បី​ប្រកួត​ក្នុង​វគ្គ ១៦​ក្រុម​ចុងក្រោយ​និង​ជា​បន្តបន្ទាប់​រហូតដល់​វគ្គ​ផ្ដាច់ព្រ័ត្រ ថ្នាក់​ខេត្ត ដែល​គ្រោង​នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី​២៩ ខែឧសភា ឆ្នាំ​២០១៩​។



ជា​លទ្ធផល​ប្រកួត​ប្រចាំ​វគ្គ​១៦​ក្រុម​ថ្នាក់​ខេត្ត​ឃើញថា​នៅ​ថ្ងៃ​អង្គារ ទី​២៣ ខែមេសា ក្រុម​ខេត្តសៀមរាប យកឈ្នះ​លើ​ក្រុម​ខេត្តកំពង់ស្ពឺ ដោយ​លទ្ធផល​បាល់​ប៉េ​ណាំង​ទី​កាត់សេចក្តី​៣​ទល់​៣ ក្រោយ​ស្មើគ្នា​១​ទល់​១ ក្នុង​ម៉ោង​ប្រ​កូត​១២០​នាទី លើ​ទីលាន​កីឡដ្ឋាន​ខេត្តសៀមរាប ចំណែក​ក្រុម​ខេត្ត​កែប យកឈ្នះ​លើ​ក្រុម​ខេត្តបន្ទាយមានជ័យ ៤​ទល់​៣ ដោយ​បាល់​ប៉េ​ណាំង​ទី​កាត់សេចក្តី​ដែរ​ក្រោយ​ស្មើគ្នា​១​ទល់​១ លើ​ទីលាន​កីឡដ្ឋាន​ខេត្ត​កែប ខណៈ​ក្រុម​ខេត្តព្រៃវែង​ឈ្នះ​ក្រុម​ខេត្តបាត់ដំបង ២​ទល់​០​លើ​ទីលាន​កីឡដ្ឋាន​ខេត្តព្រៃវែង​។

​ចំណែក​នៅ​ថ្ងៃ​ពុធ ទី​២៤ ខែមេសា ឆ្នាំ​២០១៩ វិញ​ក្រុម​ខេត្តកំពត យកឈ្នះ​លើ​ក្រុម​ខេត្តមណ្ឌលគិរី ៣​ទល់​០ លើ​ទីលាន​កីឡដ្ឋាន​ខេត្ត​មណ្ឌល​គី​រី ហើយ​ក្រុម​ខេត្តកំពង់ធំ យកឈ្នះ​ក្រុម​ខេត្តព្រះវិហារ​២​ទល់​០​លើ​ទីលាន​កីឡដ្ឋាន​ខេត្តកំពង់ធំ និង​ក្រុម​ខេត្ត​ត្បូងឃ្មុំ ឈ្នះ​ក្រុម​ពោធិ៍សាត់ ២​ទល់​១ លើ​ទីលាន​កីឡដ្ឋាន​ខេត្ត​ត្បូងឃ្មុំ​។ សម្រាប់​ប្រកួត​ចុងក្រោយ​នឹងធ្វើ​ឡើង​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី២៥ ខែមេសា នេះ​ដោយ​ក្រុម​ខេត្តកោះកុង ទទួល​ក្រុម​ស្វាយរៀង នៅ​កីឡដ្ឋាន​ខេត្តកោះកុង វេលា​ម៉ោង​៣​រសៀល​ហើយ​ក្រុម​រតនគិរី ទទួល​ក្រុម​ខេត្តតាកែវ នៅ​ម៉ោង​៣​រសៀល​លើ​ទីលាន​កីឡដ្ឋាន​ខេត្ត​រតនគីរី​។



បន្ទាប់មក​ក្រុម​ដែល​បាន​ឈាន​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​នៃ​វគ្គ​ថ្នាក់​ខេត្ត​ចំនួន​២​ក្រុម នឹង​ទទួល​បាន​កៅអី​ឡើង​មក​ប្រកួត​វគ្គ​ថ្នាក់ជាតិ បន្ត​ទៀត​ជាមួយ​ក្រុម​ចំនួន​១៤ ដែល​ជា​សមាជិក​នៃ​លី​គ​កំពូល​កម្ពុជា រដូវ​កាល​២០១៩ ក្នុង​វគ្គ​១៦​ក្រុម​ចុងក្រោយ ចាប់ពី​ថ្ងៃទី​១៩ ខែមិថុនា​ប្រកួត​ចំនួន​២​ជើង (​ក្នុង​ដី និង​ក្រៅ​ដី​) លើកលែងតែ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ និង​វគ្គ​ផ្ដាច់ព្រ័ត្រ ដែល​ប្រកួត​តែ ១​ជើង​វគ្គ​ផ្ដាច់ព្រ័ត្រ​នឹង​ធ្វើ​ឡើង​ថ្ងៃ​ទី០២ ខែ​វិច្ឆិកា ឆ្នាំ២០១៩៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu