Ad Code

ក្រសួង​ការងារ​ប្រារព្ធ​ពិធី​អបអរសាទរ​ខួប​អនុស្សាវរីយ៍ លើក​ទី​១៣៣ ទិវា​ពលកម្ម​អន្តរជាតិ ១ ឧសភា ឆ្នាំ​២០១៩



ភ្នំពេញ ​៖ ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​កាលពី​ថ្ងៃទី​២៤ ​ខែមេសា​ ឆ្នាំ​២០១៩​ បាន​ប្រារព្ធ​ពិធី​អបអរសាទរ​ខួប​អនុស្សាវរីយ៍ លើក​ទី​១៣៣ ទិវា​ពលកម្ម​អន្តរជាតិ ១ ឧសភា ឆ្នាំ២០១៩​ក្រោម​អធិបតីភាព​លោក​បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ។

លោក​រដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា​ ដូច​រៀងរាល់​ឆ្នាំ​ដែរ ព្រឹត្តិការណ៍​ទិវា​ពលកម្ម​អន្ដរជាតិ ១ ឧសភា ត្រូវ​បាន​ប្រារឰ​យ៉ាង​អធិកអធម ហើយ​ឆ្នាំនេះ រាជរដ្ឋាភិបាល​ក៏​បានចេញ​សារាចរ​ណែនាំ និង​សារលិខិត ដើម្បី​បំផុស​លើកទឹកចិត្ត​កម្មករនិយោជិត និង​ជនរួមជាតិ​។ ប៉ុន្មាន​ថ្ងៃនេះ មាន​រោងចក្រ សហគ្រាស ជាច្រើន​បាន​រៀបចំ កម្មវិធី​សំណេះសំណាល​ជាមួយ​កម្មករនិយោជិត កម្មវិធី​កម្សាន្ដ​សប្បាយ ពិធីជប់លៀង​រាំ​កម្សាន្ដ រៀបចំ​ដំណើរ​ទេសចរណ៍ និង​រៀបចំ​ឲ្យ​កម្មករ​កម្មការិនី​សម្រាកលំហែ​។​ល​។ ដែល​នាំមក​នូវ​បរិយាកាស​សាមគ្គីភាព ភាតរភាព​ក្នុង​សង្គម​។

លោក​រដ្ឋមន្ត្រី​បាន​ថ្លែងអំណរគុណ​ដល់​គ្រប់​ភាគី​ពាក់ព័ន្ធ ដែល​បាន​ចូលរួម​ក្នុង​ទិវា​នេះ​ប្រកបដោយ​ស្មារតី​ស្ថាបនា និង​សូម​អរគុណ​ដល់​ក្រុមការងារ​ដែល​បាន​ខិតខំ​រៀបចំ​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​១៣៣ នៃ​ទិវា​ពលកម្ម អន្ដរជាតិ ១ ឧសភា ឆ្នាំ​២០១៩ ដ៏​ឱឡារិក​នា​ពេល​នេះ​»​។

លោក​រដ្ឋមន្ត្រី​បាន​បន្ថែម​ថា ​ការ​ប្រារព្ធ​មី​ទ្ទិញ​ថ្នាក់ជាតិ​ថ្ងៃទី១ ឧសភា ឆ្នាំ​២០១៩ នា​ពេល​នេះ​គឺ​ស្រប​ពេល​នឹង​សភាពការណ៍​របស់​ប្រទេសជាតិ បាន​នឹង​កំពុង​បន្ត​រក្សា​បាន​សន្តិភាព ស្ថិរភាព​នយោបាយ និង​បន្ត​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ​ប្រកបដោយ​ជោគជ័យ ហើយក៏​ជា​ការ​ចូលរួម​ចំណែក​មួយ​ដ៏​សំខាន់​ក្នុង​ការ​អនុវត្ត​គោលនយោបាយ​ជា​អាទិភាព​របស់​រាជរដ្ឋាភិបាល​នីតិកាល​ទី​៦ សំដៅ​លើកកម្ពស់​ផលិតភាព និង​ភាព​ប្រកួតប្រជែង ដើម្បី​បន្ត​កែប្រែ​រចនាសម្ព័ន្ធ​សេដ្ឋកិច្ចជាតិ ឲ្យ​រក្សា​បាន​នូវ​កំណើន និង​ការ​បង្កើន​ការងារ​កាន់តែ​ល្អប្រសើរ​។



រាជរដ្ឋាភិបាល​កម្ពុជា​បាន​អនុវត្ត​គោលនយោបាយ​ធានា​នូវ​ការគោរព សិទ្ធិ​ការងារ លក្ខខណ្ឌ​ការងារ ស្របតាម​ច្បាប់ និង​អនុសញ្ញា​អន្តរជាតិ​ខាង​ការងារ​ដែល​កម្ពុជា​បាន​ផ្តល់​សច្ចាប័ន ដោយ​ចាត់ទុក​ការអនុវត្ត​សិទ្ធិ​ការងារ គឺជា​ការ​អនុវត្ត​សិទ្ធិមនុស្ស ដោយ​បាន​ដាក់ចេញ​នូវ​នយោបាយ​ផ្សារភ្ជាប់​ពាណិជ្ជកម្ម​ទៅ​និង​លក្ខខណ្ឌ​ការងារ សហការ​ជាមួយ​គម្រោង​ឃ្លាំមើល​លក្ខខណ្ឌ​ការងារ​នៅ​កម្ពុជា ដែល​បច្ចុប្បន្ន​ជា គម្រោង​រោងចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា (ILO-BFC) ដែល​បង្ហាញ​ពី​ឆន្ទៈ​និង​តម្លាភាព​នៃ​បរិយាកាស ការងារ​នៅ​កម្ពុជា​។

ទន្ទឹម​នឹង​នេះ រាជរដ្ឋាភិបាល​ក៏បាន​បន្ត​យកចិត្តទុកដាក់ ក្នុង​ការ​អភិវឌ្ឍ​ទំនាក់ទំនង​វិជ្ជាជីវៈ ដោយបាន​បង្កើត​ឲ្យ​មាន​យន្តការ​ត្រីភាគី សម្រាប់​សំ​វាទ​សង្គម និង​ការ​ដោះស្រាយ​បញ្ហា​ជាច្រើន​ទាក់ទង​ទៅ​នឹង​សិទ្ធិ និង​ផលប្រយោជន៍​របស់​កម្ម​ករ​និយោជិត​និង​និយោជក ជាអាទិ៍​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល ដែល​ជា​យន្តការ​ដោះស្រាយ​វិវាទ​ការងារ​ប្រកបដោយ​វិជ្ជាជីវៈ និង​មានការ​ទទួលស្គាល់​ពី​គ្រប់​មជ្ឈដ្ឋាន​។ គណៈកម្មការ​ប្រឹក្សា​ការងារ​បាន ចរចា​កំណត់​បទដ្ឋាន​ពាក់ព័ន្ធ​ជាច្រើន និង​បាន​បង្កើត​ក្រុមការងារ​ត្រីភាគី សម្រាប់​ចរចា​ប្រាក់​ឈ្នួល​អប្បបរមា​បាន​ដោះស្រាយ​ការកំណត់​ប្រាក់​ឈ្នួល អប្បបរមា ប្រកបដោយ​សុខដុមរមនា​។

ដើម្បី​បន្ត​ស្មារតី​ទិវា​ពលកម្ម​អន្តរជាតិ ១ ឧសភា ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​នឹង​កំពុង​យកចិត្ត​ដាក់​លើ​ប្រការ​មួយចំនួន​ដូចជា​១-​បន្ត​ខិតខំ​លើកកម្ពស់​លក្ខខណ្ឌ​ការងារ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង ពង្រឹង​ការអនុវត្ត​ច្បាប់​ស្តីពី​ការងារ​, ច្បាប់​ស្តី​ពី​សហជីព និង​លិខិត​បទដ្ឋាន​ពាក់ព័ន្ធ​។ បន្ត​ពង្រឹង​យន្តការ​អធិការកិច្ច​ការងារ​ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព និង​តម្លាភាព ពង្រឹង​ភាពសុខដុមរមនា​នៃ​ទំនាក់ទំនង​វិជ្ជាជីវៈ លើកកម្ពស់​ការ​យល់ដឹង​អំពី​សិទ្ធិ និង​កាតព្វកិច្ច​ស្របច្បាប់​របស់​កម្មករ​និយោជិត និង​និយោជក ព្រមទាំង​បង្កើន​ការអនុវត្ត​ប្រកបដោយ ប្រសិទ្ធភាព​នូវ​បទបញ្ជា​លេខ​០២​បប ចុះ​ថ្ងៃទី​០៦ ខែធ្នូ ឆ្នាំ​២០១៦ ស្តីពី​ការអនុវត្ត​ផែនការ​ស្តីពី​ការទប់ស្កាត់ និង​ដោះស្រាយ​បញ្ហា​កូដកម្ម បាតុកម្ម នៅតាម​គ្រប់​មុខសញ្ញា ឆ្នាំ​២០១៦-២០១៩, បទបញ្ជា​លេខ​០៣​បប ចុះ​ថ្ងៃទី​២៧ ខែមីនា ឆ្នាំ​២០១៣ ស្តីពី​ការ​រក្សា​ការពារ សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ នៅ​តាម​តំបន់​រោងចក្រ សហគ្រាស និង​តំបន់ឧស្សាហកម្ម វិធានការ​ការពារ​ទប់​ស្កាត់​កូដកម្ម បាតុកម្ម និង​ដោះស្រាយ​វិវាទ​ដោយ​សន្តិវិធី និង​ស្របតាម​នីតិវិធី​ច្បាប់ បទ​ប្បញ្ញត្តិ និង​អនុសញ្ញា​អន្តរជាតិ​ពាក់ព័ន្ធ​នឹង​វិស័យ​ការងារ​។

២-​បន្ត​រៀបចំ​នូវ​បណ្តា​លិខិត​បទដ្ឋាន​គតិយុត្តិ​សម្រាប់​ដាក់​ឲ្យ​ដំណើរ ការ​ការអនុវត្ត​ច្បាប់​ស្តី​ពី​សហជីព និង​ច្បាប់​ស្តីពី​ប្រាក់​ឈ្នួល​អប្បបរមា​។​ ៣-​បន្ត​អនុវត្ត​អនុសាសន៍​ទាំង ១០​ចំណុច របស់ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​។​ ៤-​បន្ត​អនុវត្ត​កម្មវិធី​ពិភាក្សា​ប្រាក់​ឈ្នួល​អប្បបរមា​ប្រចាំឆ្នាំ​តាម​រូបមន្ត និង​យន្តការ​ត្រីភាគី​ដែល​គ្រប់​ភាគី ទទួល​យក​បាន​កន្លង​មក​ក្នុង​ការកំណត់​ការដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា សម្រាប់​កម្មករនិយោជិត​ផ្នែក​វាយ​ន​ភណ្ឌ​កាត់ដេរ និង​ផលិត​ស្បែកជើង​។​ ៥-​បន្ត​លើកទឹកចិត្ត​ដល់​មាតាបិតា អាណាព្យាបាល កម្មករនិយោជិត និង​យុវជន ដើម្បី​ទទួល​ការ​បណ្តុះបណ្តាល​បច្ចេកទេស​វិជ្ជាជីវៈ ដើម្បី​លើកកម្ពស់​ជំនាញ ផលិតភាព​ការងារ និង​មាន​សមត្ថភាព​ប្រកួត ប្រជែង​។​ ៦-​បន្ត​ពង្រឹង​ការអនុវត្ត​អនុសញ្ញា​អន្តរជាតិ​ខាង​ការងារ​ដែល​បានផ្តល់​សច្ចាប័ន​។ បន្ត​សហការ​ជាមួយ​គម្រោង​រោងចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា (ILO-BFC), គម្រោង​បទដ្ឋាន​សង្គម និង​ការងារ​ក្នុង​វិស័យ​វាយ​ន​ភណ្ឌ និង​កាត់ដេរ​នៅ​ទ្វីបអាស៊ី (GIZ-SLSG) នៅ​ប្រទេស​កម្ពុជា​, គម្រោង​គំនិត​ផ្តួចផ្តើម​កិច្ចព្រមព្រៀង​ជាស​កល (Global Deal Initiative), កម្មវិធី​រួមគ្នា​របស់​អង្គការ សហប្រជាជាតិ “​រួមគ្នា​ដើម្បី​មុខរបរ និង​ការងារ របស់​យុវជន​នៅ​កម្ពុជា​”, កម្មវិធី​ការងារ​សមរម្យ​ប្រចាំ​ប្រទេស​កម្ពុជា​ឆ្នាំ​២០១៩-២០២៣ និង​គម្រោង​សហការ​ជាមួយ​ដៃគូ​អភិវឌ្ឍ​ផ្សេងទៀត ដើម្បី​រួមគ្នា​សម្រេច​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​របស់​អង្គការសហប្រជាជាតិ និង​ដើម្បី​សម្រេច​មហិច្ឆតា​ប្រែក្លាយ​កម្ពុជា​ទៅជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ និង​ទៅជា​ប្រទេស​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu