Ad Code

MCL 2019 ៖​ កំពង់ចាម ទទួល​បឹងកេត ហើយ​ប៉ូលីស​ប៉ះ​ទ័ព ខណៈ​សូល​ទី​ឡូ​ជួប​ណាហ្គា​វើ​ល និង​ព្រះខ័ន​រាជ​ស្វាយរៀង ប៉ះ​ភ្នំពេញ​ក្រោ​ន



ក្រុមបាល់ទាត់​ខេត្តកំពង់ចាម ត្រូវ​ទទួល​ក្រុម​បឹងកេត​អែ​ហ្វ​ស៊ី ហើយ​ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ (​ប៉ូលីស​) ត្រូវ​ប៉ះ​ក្រសួងការពារជាតិ (​ទ័ព​) ខណៈ​ក្រុម​សូល​ទី​ឡូ​ជួប​ក្រុម​ជើងឯក​ឆ្នាំ​ចាស់​ណាហ្គា​វើ​ល និង​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង ប៉ះ​ក្រុម​ភ្នំពេញ​ក្រោ​ន ក្នុង​សប្ដាហ៍​ទី​៤​នៃ​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា (Metfone Cambodian League) រដូវ​កាល​ឆ្នាំ​២០១៩ នៅ​ល្ងាច​ថ្ងៃអាទិត្យ​ទី​២១ ខែមេសា ឆ្នាំ​២០១៩​។



*​កំពង់ចាម ទទួល​បឹងកេត
ក្រុម​ខេត្តកំពង់ចាម ត្រូវ​បើកទ្វារ​ទីលាន​វិទ្យាល័យ ប៊ុនរ៉ានី​ហ៊ុនសែន មេមត់ នៅ​វេលា​ម៉ោង ៣និង៣០​នាទី​រសៀល ខណៈ​ប្រកួត​នេះ​មាន​តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់ CNCC ផង​ដែរ​។ ក្រុម​ទាំង​២​មិន​ធ្លាប់មាន​ប្រវត្តិ​ប៉ះគ្នា​ពីមុនមក​ទេ ព្រោះ​ក្រុម​ខេត្តកំពង់ចាម ទើបតែ​ទទួល​សិទ្ធិ​ចូល​លេង​លី​គ​កំពូល​កម្ពុជា នៅ​ឆ្នាំ​២០១៩​នេះ​ប៉ុណ្ណោះ​។



ក្រុម​ខេត្តកំពង់ចាម កំពុងតែ​ដឹកនាំ​ដោយ​លោក ថុល កុល​ស ជា​គ្រូបង្វឹក​ហើយ​ក្រុម​នេះ​បាន​របូត​គ្រាប់​បាល់​រហូតដល់​២២​គ្រាប់​ក្នុងចំណោម​២​ប្រកួត​ចុងក្រោយ​ពោល​គឺ​ចាញ់​ក្រុម​អង្គ​រថា​យ​ហ្គឺ​រ ១១​ទល់​០ និង​បន្ត​ចាញ់​ក្រសួងការពារជាតិ ១១​ទល់​០ ខណៈ​ប្រកួត​បើកឆាក​បាន​ឈ្នះ​ក្រុម​អគ្គីសនី​កម្ពុជា ១​ទល់​០​។ ចំណែក​ក្រុម​បឹង​កេត​វិញ កំពុងតែ​ឃ្លាន​ជ័យជម្នះ​ព្រោះថា​ប្រកួត​បើកឆាក​៣​លើក​មកនេះ​ហាក់​មិនសូវ​សមប្រកប​ប៉ុន្មាន​នោះ​ទេ ក្រោយ​ឈ្នះ​ភ្នំពេញ​ក្រោ​ន ៣​ទល់​២ ហើយ​ចាញ់​អគ្គីសនី​កម្ពុជា ១​ទល់​០ និង​ស្មើគ្នា​ជាមួយ​អង្គរ​ថា​យ​ហ្គឺ​រ ១​ទល់​១​។

*​អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ ប៉ះ​ក្រសួងការពារជាតិ​
ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ត្រូវ​ប៉ះ​ក្រុម​ក្រសួងការពារជាតិ នៅ​វេលា​ម៉ោង​៣និង៣០​នាទី​រសៀល​លើ​ទីលាន​អគ្គីសនី​កម្ពុជា​។ ប្រកួត​នេះ​មាន​ផ្សាយ​ផ្ទាល់​តាម​ប៉ុស្តិ៍ BTV News ផង​ដែរ​។ បើ​ងាកមើល​ប្រវត្តិ​ជួបគ្នា​ចំនួន​៧​លើកចុងក្រោយ​ឃើញថា​ ក្រុម​ក្រសួងការពារជាតិ ឈ្នះ​លើ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ទាំង​៧​លើក​។

ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ កំពុងតែ​ដឹកនាំ​ដោយ​លោក ប្រាក់ សុវណ្ណារ៉ា អតីត​គ្រូបង្វឹក​របស់​ក្រុម​ជម្រើសជាតិ​កម្ពុជា ស្រប​ពេល​ដែល​លទ្ធផល​ហាក់​មិនសូវ​សមប្រកប​សោះ​ពោល​គឺ​បាន​ប្រកួត​ចាញ់​ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង ២​ទល់​០ ហើយ​ឈ្នះ​អាស៊ី​អឺរ៉ុប ៣​ទល់​២ និង​ចុងក្រោយ​ចាញ់​ណាហ្គា​វើ​ល ៦​ទល់​០​។ ចំណែក​ក្រុម​ក្រសួងការពារជាតិ វិញ​កំពុងតែ​ឈរ​លេខ​២​កំពូល​តារាង​ក្រោយ​ប្រកួត​ឈ្នះ​២​លើក​និង​ស្មើគ្នា​១​លើក​។ លោក ភា សុភ​ត្រា ដែល​ជា​គ្រូបង្វឹក​បាន​នាំ​យក​កីឡាករ​បរទេស​សុទ្ធ​សឹង​ជា​ខ្សែប្រយុទ្ធ​នៅ​រដូវ​កាល​នេះ​ដើម្បី​ចាប់ដៃ​ជាមួយ​កីឡាករ​ខ្មែរ​ដែលមាន​កម្រិត​បច្ចេក​ទេស​នៅ​តំបន់​ការពារ​និង​បម្រើ​បានល្អ​។

*​សូល​ទី​ឡូ​អង្គរ ប៉ះ​ណាហ្គា​វើ​ល
ក្រុម​សូល​ទី​ឡូ​អង្គរ ត្រូវ​បើកទ្វារ​ទីលាន​កីឡដ្ឋាន​ខេត្តសៀមរាប របស់​ខ្លួន​ទទួល​ក្រុម​ជើងឯក​ឆ្នាំ​ចាស់​ណាហ្គា​វើ​ល នៅវេលា​ម៉ោង​៣និង៣០​នាទី​រសៀល ហើយ​ប្រកួត​នេះ​មាន​ផ្សាយ​ផ្ទាល់​តាម​ហ្វេ​ស​ប៊ុ​ករ​បស់​សារព័ត៌មាន​កម្ពុជា​ថ្មី ផង​ដែរ​។ ងាក​ទៅ​មើល​ប្រវត្តិ​ប៉ះ​គ្នា​២​ដង គឺ​ក្រុម​ណាហ្គា​វើ​ល ឈ្នះ​ទាំង​២​លើក​ដោយ​ជើង​ទី​១​ឈ្នះ​ក្នុង​លទ្ធផល ៤​ទល់​១ ហើយ​ជើង​ទី​២​បន្ត​ឈ្នះ​២​ទល់​០ ទៀត​។



​កីឡាករ​ជប៉ុន​Kento Fujihara ដើរតួ​ជា​ប្រធាន​ក្រុម​លើ​ទីលាន​ផង​និង​ជា​គ្រូបង្វឹក​ផង ស្រប​ពេល​ក្រុម​នេះ​កំពុងតែ​ឈរ​លេខ​២​បាត​តារាង​ក្រោយ​ប្រកួត​៣​លើក មិនដែល​ឈ្នះ​តែ​ស្មើគ្នា​១​លើក​និង​ចាញ់​២​លើក​។ ជ័យជម្នះ​ក្នុង​ប្រកួត​នេះ​គឺ​ចាំបាច់​ណាស់​សម្រាប់​សូល​ទី​ឡូ​អង្គរ ក្នុងការ​ដកខ្លួន​ចេញពី​បាត​តារាង​។ ចំណែក​ក្រុម​ណាហ្គា​វើ​ល ទើបតែ​ខកចិត្ត​នៅក្នុង​ប្រកួត​ពានរង្វាន់ AFC Cup 2019 ថ្មីៗ​នេះ​ក្រោយ​ចាញ់​ម្ចាស់ផ្ទះ Tampine Rovers របស់​សឹង្ហ​បុរី ៣​ទល់​២ ខណៈ​លោក មាស ចាន់ណា ដែលជា​គ្រូបង្វឹក​មាន​សម្ពាធ​ជាង​រាល់​ឆ្នាំ​ព្រោះ​ត្រូវ​រៀបចំ​ក្រុម​ប្រកួត​៣​ពានរង្វាន់​ផ្សេងគ្នា​គឺ​ក្នុង​ពានរង្វាន់ AFC Cup,​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា និង​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន ផង​ដែរ។

*​ព្រះខ័ន​រាជ​ស្វាយរៀង ប៉ះ​ភ្នំពេញ​ក្រោ​ន
ក្រុមបាល់ទាត់​ព្រះខ័ន​រាជ​ស្វាយរៀង ត្រូវ​ទទួល​ស្វាគមន៍​ក្រុម​ភ្នំពេញ​ក្រោ​ន នៅវេលា​ម៉ោង​៦​ល្ងាច​លើ​ទីលាន​កីឡដ្ឋាន​ខេត្តស្វាយរៀង ហើយ​ប្រកួត​នេះដែរ​ក៏មាន​ផ្សាយ​ផ្ទាល់​តាម​ប៉ុស្តិ៍​ទូរទស្សន៍ BTV News ផងដែរ​។ សម្រាប់​ប្រវត្តិ​ប៉ះគ្នា​១០​លើកចុងក្រោយ​ឃើញថា​ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង ធ្លាប់​ឈ្នះ​បាន​៥​លើក ហើយ​ភ្នំពេញ​ក្រោ​ន​ឈ្នះ​បាន​៥​លើក និង​ធ្លាប់បាន​ស្មើគ្នា​១​លើក​។

លោក Conor Nestor ដែលជា​គ្រូបង្វឹក​ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង រំពឹង​ថា ​កូនក្រុម​នឹង​បន្តធ្វើ​បានល្អ​ដើម្បី​រក្សា​កៅអី​កំពូល​តារាង​បន្ត​ទៀត ក្រោយ​ប្រកួត​កន្លងមក​ក្រុម​នេះ​មិនទាន់​ស្គាល់​បរាជ័យ​នោះទេ ហើយក៏​មិន​ទាន់​មាន​ក្រុម​ណា​អាច​ទាត់​បញ្ចូល​ទី​ក្រុម​ខ្លួន​បាន​ឡើយ​។ ចំណែក​ក្រុម​ភ្នំពេញ​ក្រោ​ន ដែល​ដឹកនាំ​ដោយ​លោក Leonardo Vitorino អតីត​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​កម្ពុជា ក៏​បង្ហាញខ្លួន​មិនសូវ​បានល្អ​ផងដែរ​ក្រោយ​ចាញ់​ក្រុម​បឹងកេត ៣​ទល់​២ នៅ​ថ្ងៃ​បើកឆាក​តែ​យកឈ្នះ​យុវជន​បាទី​២​ទល់០ និង​ចុង​ក្រោយ​ចាញ់​វិសាខា ៣ទល់១៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu