ភ្នំពេញ ៖ សម្ដេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា កាលពីរសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ បានទទួលជួបសវនាការជាមួយ លោកជំទាវ អោង សានស៊ូជី ទីប្រឹក្សារដ្ឋ នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ក្នុងឱកាសដែលលោក ជំទាវដឹកនាំគណៈប្រតិភូ មកបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា។
សម្ដេចវិបុលសេនាភក្តី សាយ ឈុំ បានសម្ដែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោកជំទាវ អោង សានស៊ូជី ដែលបានដឹកនាំគណៈប្រតិភូ អញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា។ ដំណើរទស្សនកិច្ចនេះ គឺពិតជាមានសារសំខាន់ និងរួមចំណែកពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អបន្ថែមទៀត និងនាំមកនូវឧត្ដមប្រយោជន៍ដ៏ធំធេងសម្រាប់ប្រជាជន និងប្រទេសទាំងពីរ ទាំងក្នុងពេលបច្ចុប្បន្ន ក៏ដូចជាអនាគត។
សម្ដេចវិបុលសេនាភក្តី សាយ ឈុំ បានរំលឹកថា ប្រទេសទាំងពីរមានទំនាក់ទំនងការទូតតាំងពីឆ្នាំ១៩៥៥ ដែលត្រូវបានបង្កើតឡើងដោយស្នាព្រះហស្តព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ “ព្រះបរមរតនកោដ្ឋ” និងថ្នាក់ដឹកនាំមីយ៉ាន់ម៉ាជំនាន់មុន។
ប្រទេសទាំងពីរគោរពប្រតិបត្តិ ព្រះពុទ្ធ សាសនាដូចគ្នា និង ប្រើប្រាស់ទឹកទន្លេមេគង្គដូចគ្នា ហើយប្រជាជនយើងទាំងពីរមានប្រវត្តិស្រឡាញ់រាប់អានគ្នាទៅវិញទៅមកប្រកបដោយមនោសញ្ចេតនាដ៏ជ្រាលជ្រៅជាយូរលង់មកហើយ។
សម្ដេចប្រធានព្រឹទ្ធសភា បានសម្ដែងសេចក្ដីរីករាយ និង ពេញចិត្តដោយបានមើលឃើញពីការរីកចម្រើន នៃចំណងមិត្តភាព និង កិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រទេសទាំងពីរជាលំដាប់។
ថ្នាក់ដឹកនាំជាន់ខ្ពស់ នៃរដ្ឋាភិបាលប្រទេសទាំងពីរ បានផ្លាស់ប្ដូរទស្សនកិច្ចគ្នាទៅវិញទៅមក និងបានបន្តគាំទ្រគ្នាទៅវិញទៅមក នៅក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការលើវេទិកាជាតិ អន្តរជាតិ ដើម្បីរួមចំណែកដល់ការរក្សាសន្តិភាព សន្តិសុខ ស្ថិរភាព និង ការអភិវឌ្ឍនៅក្នុងតំបន់ និងអន្តរជាតិ។ ជាមួយគ្នានេះ ប្រទេសទាំងពីរបានធ្វើសហប្រតិបត្តិការគ្នាដ៏ជិតស្និទ្ធលើវិស័យនយោបាយ សាសនា វប្បធម៌ អប់រំ កសិកម្ម និងបានជំរុញការផ្លាស់ប្តូរពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ មានការរីកចម្រើនជាបន្តបន្ទាប់។
សម្ដេចប្រធានព្រឹទ្ធសភា បានសម្ដែងការអបអរសាទរចំពោះវឌ្ឍនភាពផ្នែកសេដ្ឋកិច្ច-សង្គមរបស់សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា។ ក្រោមការដឹកនាំរបស់ថ្នាក់ដឹកនាំកំពូល នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា សម្ដេចប្រធានព្រឹទ្ធសភា មានជំនឿជាក់ថា ប្រទេស និងប្រជាជនមីយ៉ាន់ម៉ា នឹងបន្តរីកចម្រើនប្រកបដោយវឌ្ឍនភាព និងវិបុលភាព។ តាមរយៈលោកជំទាវ សម្ដេចប្រធានព្រឹទ្ធសភាបានផ្ដាំផ្ញើសួរសុខទុក្ខដោយសេចក្ដីគោរពរាប់អានអំពីសម្ដេច ជូនចំពោះឯកឧត្ដមប្រធានព្រឹទ្ធសភាមីយ៉ាន់ម៉ាផងដែរ។
សម្តេចជម្រាបជូនថា ឆ្នាំ២០២០ ខាងមុខនេះ គឺជាខួបលើកទី៦៥ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ សម្តេចប្រធានព្រឹទ្ធសភា ស្នើឱ្យសភានៃប្រទេសទាំងពីរធ្វើការផ្លាស់ប្ដូរគណៈប្រតិភូគ្នាទៅវិញទៅមក និងស្នើឲ្យសភាទាំងពីរជួយគាំទ្រគ្នាទៅវិញទៅមកនៅក្នុងក្របខណ្ឌអង្គការសភាតំបន់ និងពិភពលោក លើបញ្ហា សិទ្ធិមនុស្ស ប្រជាធិបតេយ្យ និងបញ្ហាផ្សេងទៀត។
នៅក្នុងឱកាសនោះដែរ លោកជំទាវ អោង សានស៊ូជី បានសម្ដែងនូវសេចក្ដីរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចប្រធានព្រឹទ្ធសភា ដែលបានចំណាយពេលដ៏មានតម្លៃទទួលជួបគណៈប្រតិភូនាឱកាសនេះ។
លោកជំទាវ អោង សានស៊ូជី បានសម្តែងនូវវឌ្ឍនភាពនៃទំនាក់ទំនង មិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ ប្រទេសទាំងពីរនឹងខិតខំពង្រឹងល្បឿន នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសទំនាក់ទំនងផ្សារភ្ជាប់រវាងប្រជាពលរដ្ឋ និងប្រជាពលរដ្ឋ នៃប្រទេសទាំងពីរ។
លោកជំទាវ អោង សានស៊ូជី បានជម្រាបជូន សម្តេចប្រធានព្រឹទ្ធសភាថា នេះគឺជាដំណើរទស្សនកិច្ចជាផ្លូវការលើកទី១ របស់លោកជំទាវនៅព្រះរាជាណាចក្រកម្ពុជា។
លោកជំទាវមានចំណាប់អារម្មណ៍យ៉ាងជ្រាលជ្រៅចំពោះវឌ្ឍនភាព និងការរីកចម្រើនរបស់ប្រទេសកម្ពុជា។
លោកជំទាវ អោង សានស៊ូជី បានស្នើឲ្យប្រទេសទាំងពីរផ្លាស់ប្ដូរបទពិសោធន៍គ្នាទៅវិញទៅមក ក្នុងពន្លឿននូវការអភិវឌ្ឍប្រទេសជាតិនាថ្ងៃអនាគត។ ក្នុងនោះ តួនាទីស្ថាប័ននីតិប្បញ្ញត្តិ ក៏មានការរួមចំណែកយ៉ាងសំខាន់ក្នុងការកសាងស្ថិរភាព និងសន្តិភាពនៅក្នុងប្រទេស ហើយអ្វីដែលសំខាន់ គឺសមាជិកសភា នៃប្រទេសទាំងពីរ ក៏អាចធ្វើការផ្លាស់ប្ដូរបទពិសោធន៍គ្នាទៅវិញទៅមក ដើម្បីនាំមកនូវវឌ្ឍនភាព និងការរីកចម្រើន នៃប្រទេសទាំងពីរ តាមរយៈការពង្រឹងនូវកិច្ចសហប្រតិបត្តិការ សាមគ្គីភាព មិត្តភាព រវាងសភានៃប្រទេសទាំងពីរ តាមរយៈការជំរុញ និង ផ្លាស់ប្តូរនូវវប្បធម៌ នៃប្រទេសទាំងពីរ។
ពាក់ព័ន្ធនឹងការផ្ដាំផ្ញើរបស់ សម្តេច លោកជំទាវបានបញ្ជាក់ជូនថា នឹងនាំយកនូវប្រសាសន៍ផ្ដាំផ្ញើសម្ដេចប្រធានព្រឹទ្ធសភា ជូនចំពោះឯកឧត្ដមប្រធានព្រឹទ្ធសភាមីយ៉ាន់ម៉ា។
លោកជំទាវ អោង សានស៊ូជី បានអញ្ជើញសម្តេចប្រធានព្រឹទ្ធសភា ទៅបំពេញទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ក្នុងពេលវេលាសមស្របណាមួយ។ លោកជំទាវមានសេចក្តីសង្ឃឹមថា សម្ដេចប្រធានព្រឹទ្ធសភា នឹងអាចស្វែងយល់អំពីស្ថានភាពជាក់ស្ដែងនៅប្រទេសមីយ៉ាន់ម៉ា ហើយលោកជំទាវ នឹងត្រៀមខ្លួនជាស្រេច ក្នុងការទទួលដំណើរទស្សនកិច្ចនេះ។
ជាមួយគ្នានេះ តាមរយៈ សម្ដេចប្រធានព្រឹទ្ធសភា លោកជំទាវ អោង សានស៊ូជី ក៏បានអញ្ជើញសមាជិក សមាជិកាព្រឹទ្ធសភា ទៅបំពេញទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ាផងដែរ។
លោកជំទាវ អោង សានស៊ូជី សង្ឃឹមយ៉ាងមុតមាំថា ប្រទេសទាំងពីរនឹងខិតខំពង្រឹងពង្រីកទំនាក់ទំនង មិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការឲ្យកាន់តែរឹងមាំថែមទៀត។
ជាការឆ្លើយតបនឹងការអញ្ជើញនេះ សម្តេចប្រធានព្រឹទ្ធសភា បានបញ្ជាក់ជូនលោកជំទាវ អោង សានស៊ូជី ថា សម្តេចនឹងទទួលយកការអញ្ជើញនេះ ហើយថានឹងរកពេលវេលាសមស្របណាមួយ ដើម្បីបំពេញទស្សនកិច្ចនៅសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា៕
Source: Kampuchea Thmey Daily
0 Comments