បន្ទាយមានជ័យ ៖ អាងអំណាចជាស្មៀន ក្នុងរឿងជម្លោះដីធ្លី ព្រំប្រទល់ជាប់គ្នា ដែលក្នុងនាមខ្លួនជា អាជ្ញាធរ មិនព្រមដោះស្រាយតាមសន្តិវិធី បែរជាបញ្ជាគ្រឿងចក្រ កាយ និងចាក់ដីបំពានទៅលើដីម្ខាងទៀត ដែលមិនទាន់ដោះស្រាយចប់ លុះគេហាមឃាត់ មិនព្រមឈប់ថែមទាំងគំរាមវាយទៅលើភាគីទំនាស់ជាស្ត្រីមេភូមិ ចុះទម្រាំប្រជាពលរដ្ឋសាមញ្ញដទៃទៀត តើស្មៀនរូបនេះ នឹងធ្វើបែបណា ?
ហេតុការណ៍វិវាទដីធ្លី គំរាមវាយមេភូមិខាងលើនេះ កើតឡើងកាលពីរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩ នៅចំណុចទីតាំងទំនាស់ដីធ្លី រវាងមេភូមិ ភូមិអង្គាបុស្ប ជាមួយស្មៀនសង្កាត់កោះពងសត្វ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
ទំនាស់រវាងស្មៀនសង្កាត់កោះពងសត្វឈ្មោះ ឈឹម យុត្យា និងប្រពន្ធឈ្មោះ ជុំ ស៊ីណា ជាមួយឈ្មោះ កែវ ពុន និង ប្រពន្ធឈ្មោះ យ៉ាត ទួម ជាមេភូមិអង្គាបុស្ប លើទំនាស់ដីធ្លីជាប់ព្រំ ដែលទាមទារលើទំហំកាន់កាប់រៀងខ្លួន ដោយខាងស្មៀនអះអាងថា ខ្លួនមានដីទំហំ៣២,៤០ម៉ែត្រ គុណនឹង ១០២,២០ម៉ែត្រ ដែលមានលិខិតស្នើសុំបញ្ជាក់ ការកាន់កាប់ប្រើប្រាស់ដីធ្លី ត្រឹមចៅសង្កាត់កោះពងសត្វ នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៤។ តាមរយៈ លិខិតនេះស្មៀន និងប្រពន្ធបានឲ្យអេស្កា កាយ និងចាក់ដី ទៅតាមទំហំដីរបស់ខ្លួនរំលោភទៅលើដីភាគីម្ខាងទៀត ដែលមានការបោះបង្គោលព្រំច្បាស់លាស់ ដោយអាជ្ញាធរឃុំ និងមានលិខិតស្នើបញ្ជាក់ការកាន់កាប់ប្រើប្រាស់ដីធ្លី ដល់សាលាក្រុងសិរីសោភ័ណ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០០៩ លើទំហំដី៦៤ម៉ែត្រ គុណនឹង១៤៥ម៉ែត្រ។
ទំនាស់ដីធ្លីខាងលើនេះ បានបង្កការរំខានដល់អាជ្ញាធរក្រុង និងភូមិបាលក្រុង រហូតដល់ព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ ក្រោយពីទំនាស់កាលពីរសៀល ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩ ដែលអាជ្ញាធរឲ្យភាគីទាំង២ទៅជួបដោះស្រាយគ្នា នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ ស្រាប់តែភាគីម្ខាងជាមេភូមិទៅសាលាក្រុង បែរជាខាងស្មៀនមិនទៅ ថែមទាំងបន្តចាក់ដីទាំងបំពានទៅលើទីតាំងដីទំនាស់ បង្កជាជម្លោះលើកទី២ ក៏ត្រូវបានលោក ហ៊ឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ និងលោក នាង ហាវ អភិបាលរងក្រុងសិរីសោភ័ណ និងប្រធានភូមិបាលក្រុងសិរីសោភ័ណ ចុះដោះស្រាយទំនាស់ខាងលើ ដោយមានការវាស់វែង ទៅតាមទំហំដីរៀងៗ ខ្លួន នៅចំណុចទំនាស់។
ផ្អែកតាមការវាស់វែងរបស់អាជ្ញាធរ និងមន្ត្រីជំនាញ ឃើញថា ពុំមានដីគ្រប់ទៅតាមការទាមទាររៀងៗខ្លួន នៃភាគីទំនាស់នោះទេ ក្នុងនោះអាជ្ញាធរបានឲ្យភាគីទាំង២ ប្រកាន់យកនយោបាយឈ្នះឈ្នះ គឺភាគីទាំង២ ព្រមលះបង់ និងបរិច្ចាគ ដោយទទួលយកពាក់កណ្ដាលម្នាក់ នៃចន្លោះដី៤,៥ម៉ែត្រ ដែលមានវិវាទ តែភាគីទាំងសងខាងមិនព្រមទទួល គឺទាមទារយកទៅតាមទំហំដីរៀងៗខ្លួន។
តាមការលើកឡើងរបស់ លោក នាង ហាវ អភិបាលរងក្រុងសិរីសោភ័ណ បានឲ្យដឹងថា បើភាគីទាំង២ មិនព្រមយកតាមគោលនយោបាយឈ្នះឈ្នះ មានតែពិនិត្យទៅតាមឯកសារ ដោយឯកសារអ្នកធ្វើមុន បើត្រឹមត្រូវទៅតាមទម្រង់នីតិវិធីច្បាប់ គឺមានអាទិភាពជាង។ ដើម្បីដោះស្រាយទំនាស់ លោក ហ៊ឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ បានយករឿងនេះ ទៅដោះស្រាយនៅសាលាក្រុង ដោយឲ្យភាគីទាំង២យកឯកសាររៀងៗខ្លួនទៅជាមួយផង នៅរសៀលម៉ោង២ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ ។
តាមការអះអាងរបស់ភាគីខាងមេភូមិ បានឲ្យដឹងថា ខ្លួនបានទិញដីនេះតាំងពីឆ្នាំ២០០៩ ដោយមានឯកសារវាស់វែង ត្រឹមត្រូវតាមច្បាប់ពីអ្នកជាប់ព្រំ និងកំណត់ហេតុទិញលក់ត្រឹមត្រូវ ពីកូន និងឪពុកនៃម្ចាស់ដី។ ដោយឡែកឯកសារម្ខាងទៀត ដែលទិញលក់នៅឆ្នាំ២០១៤ ជាប់ព្រំប្រទល់របស់ខ្លួនបែរជាមានឈ្មោះ មេភូមិ និងមានស្នាមមេដៃដែលមិនមែនជាស្នាមមេដៃរបស់មេភូមិ នៅក្នុងឯកសារទិញលក់ទៅវិញ។
សូមបញ្ជាក់ថា កន្លងទៅថ្មីៗនេះ ស្មៀនខាងលើនេះ ធា្លប់បានបង្កបញ្ហាដល់ពលរដ្ឋម្តងរួចទៅហើយ ដោយបានធ្វើរបងបិទផ្លូវសាធារណៈ ដែលប្រជាពលរដ្ឋតែងធ្វើដំណើរចេញចូលជាប្រចាំ តែត្រូវបានអាជ្ញាធរភូមិតវ៉ា និងក្រោមកិច្ចសម្របសម្រួលពីអភិបាលក្រុង ក៏បានបើកផ្លូវឲ្យប្រជាពលរដ្ឋប្រើប្រាស់វិញ។
ចាំមើល បញ្ហាទំនាស់ខាងលើនេះ អាចដោះស្រាយបញ្ចប់ត្រឹមថ្នាក់ក្រុងបានដែរ ឬទេ ? បើភាគីម្ខាង ៗ សុទ្ធតែជាអាជ្ញាធរដូចគ្នា បែរជាមិនធ្វើជាគំរូល្អដោះស្រាយដោយសន្តតិវិធីឲ្យពលរដ្ឋយកគំរូតាម ៕
Source: Kampuchea Thmey Daily
0 Comments