Ad Code

ជនជាតិ​ចិន​ស្រវឹង​បើករថយន្ត​បុក​ស៊ីក្លូ​របួស​ហើយ​ព្យាយាម​បើក​រត់​មិន​រួច​ត្រូវ​ប៉ូលិស​តាម​ក្រួច​ឲ្យ​មក​ទទួលខុសត្រូវ​វិញ

ជនជាតិ​ចិន​ស្រវឹង​បើករថយន្ត​បុក​ស៊ីក្លូ​របួស​ហើយ​ព្យាយាម​បើក​រត់​មិន​រួច​ត្រូវ​ប៉ូលិស​តាម​ក្រួច​ឲ្យ​មក​ទទួលខុសត្រូវ​វិញ

ភ្នំពេញ ៖ បុរស​អ្នក​ធាក់​ស៊ី​ក្លូ​ម្នាក់​បាន​រង​របួស​សន្លប់​ឈឹង​បន្ទាប់ពី​ត្រូវ​ជនជាតិ​ចិន​រថយន្ត​បុក​ទាំង​កំរោល​កាលពី​វេលា​ម៉ោង​២០​និង​៥០​នាទី​យប់​ថ្ងៃទី​០៨​ខែមករា​ឆ្នាំ​២០១៥​នៅ​ចំណុច​ផ្លូវ​លេខ​៩០​កែង​ផ្លូវ​ព្រះ​ស៊ីសុវត្ថិ​ក្នុង​សង្កាត់​ស្រះចក​ខណ្ឌដូនពេញ។

សមត្ថកិច្ច​បាន​ឱ្យ​ដឹង​ទៀត​ថា បុរស​អ្នក​ធាក់ស៊ីក្លូ​មានឈ្មោះ ជុំ សុផាន់ ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ស្នាក់នៅ​សង្កាត់​ស្រះចក ខណ្ឌដូនពេញ មាន​ស្រុកកំណើត​នៅ​ភូមិ​ព្រៃ​សណ្តែក ឃុំ​ព្រៃ​ស្លឹក ស្រុក​ទ្រាំង ខេត្តតាកែវ។

ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ជិតខាង​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​កើតហេតុ គេ​ឃើញ​រថយន្ត​ម៉ាក​កាមរី​ហើម ពណ៌​ស្លែ ពាក់​ស្លាក​លេខ ភ្នំពេញ 2A-9243 បើកបរ​ដោយ​បុរស​ជនជាតិ​ចិន​ម្នាក់​ប្រហែល​ទើប​ចេញពី​ផឹក​ស៊ី​មាន​សភាព​ស្រវឹង​ធ្លាក់​ភ្នែក បើក​ពី​ជើង​ទៅ​ត្បូង និង​រេ​ចង្កូត​ពេញ​ផ្លូវ​លុះ​មកដល់​ចំណុច​កើតហេតុ​ក៏​បុក​ពីក្រោយ​ស៊ីក្លូ ធ្វើ​ឲ្យ​បុរស​ជា​អ្នក​ធាក់ស៊ីក្លូ​ត្រូវ​ធ្លាក់​សន្លប់​ឈឹង​ប្រហែល​កន្លះ​ម៉ោង​ទើប​ដឹងខ្លួន។

ប្រភព​ព័ត៌មាន​ដដែល​បាន​បន្ត​ទៀត​ថា ក្នុង​ហេតុការណ៍​នោះ​ដែរ​រថយន្ត​បង្ក​បាន​ព្យាយាម​បើក​រត់​រហូត​ទៅដល់​មុខ​ភោជនីយដ្ឋាន​ហ្គោល​ដិ​ន ណូ​រ៉ា​វិឡា នៅ​តាម​ផ្លូវ​លេខ​១៧៨ សង្កាត់​ជ័យជំនះ ខណ្ឌដូនពេញ ទើប​សមត្ថកិច្ច​ឃាត់​ជាប់​ហើយ​បែរ​ជា​បុរស​ជនជាតិ​ចិន​រូប​នោះ​ព្យាយាម​មិន​ព្រម​ទទួលខុសត្រូវ​បន្ទាប់មក​សមត្ថកិច្ច​បា​ន​បញ្ជា​ឲ្យ​អ្នក​បើករថយន្ត​បង្កហេតុ​នោះ​នាំមក​កន្លែង​កើតហេតុ ធ្វើការ​សម្របសម្រួល​ដោះស្រាយ​គ្នា​សង​ទៅ​ឲ្យ​តា​ស៊ីក្លូ​ចំនួន​១០០​ដុល្លារ​ដើម្បី​បញ្ចប់​បញ្ហា​ផង​ដែរ៕


Post a Comment

0 Comments

Close Menu