ក្រចេះ ៖ ពលរដ្ឋដែលមានរបរដឹកជញ្ជូនអនុផលសម្រាប់ផ្គត់ផ្គង់ជីវភាពជារបរបន្ទាប់បន្សំដូចជាដឹកអុសដឹកឈើគ្រាក់តាមគោយន្តកន្ត្រៃ និងម៉ូតូបានសម្ដែងនូវ ការមិនពេញចិត្តចំពោះសកម្មភាពរបស់មន្ត្រីប៉េអឹមខេត្តមួយរូប ដែលយកតួនាទីមុខងារមកជំរិតទារលុយគាបសង្កត់លើរបររកស៊ីរបស់ពួកគាត់តិចតួចហួសពីព្រំដែនសមត្ថកិច្ចក្នុងកាតព្វកិច្ចជាកងកម្លាំងការពារសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ។
សេចក្តីរាយការណ៍មួយចំនួនរបស់ប្រជាពលរដ្ឋរស់នៅក្នុងស្រុកសំបូរ ដែលមានរបរ រកស៊ីដឹកអុសដឹកឈើគ្រាក់ចេញពីព្រៃឆ្លងកាត់លើផ្លូវជាតិលេខ៧ក្នុងឃុំស្រែស្បូវ ឃុំក្បាល ដំរី ស្រុកសំបូរ សម្រាប់យកមកផ្គត់ផ្គង់ជីវភាពបន្ថែមពីលើរបរកសិកម្មនោះបាននិយាយថា ការដឹកអនុផលព្រៃឈើតិចតួចរបស់ពួកគាត់សព្វថ្ងៃនេះ គឺមិនទទួលបានផលចំណេញឲ្យសមល្មមនឹងកម្លាំងពលកម្មនោះទេ ព្រោះតែការដឹកជញ្ជូនត្រូវប៉េអឹមខេត្តមួយរូបនេះបានកំណត់ការបង់ថ្លៃ ថ្លៃពេក បើមិនដូចច្នេះប៉េអឹមរូបនេះនឹងព្រមានចាប់រឹបអូសសម្ភារៈរបស់គាត់ដែលខំដឹកចេញពីព្រៃ ឬដាក់ខ្នោះមនុស្ស។
មន្ត្រីប៉េអឹមដែលរងការចោទប្រកាន់ពីពលរដ្ឋថា ជាឈ្លើងជញ្ជក់ឈាមនេះឈ្មោះ កែវ សំអាង មានឋានៈជាវរសេនីយ៍ បម្រើការងារនៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ ដោយបានអះអាងខ្លួនថា មានតួនាទីមកបង្ក្រាប និងទប់ស្កាត់បទល្មើសព្រៃឈើនៅស្រុក សំបូរ ទាំងការដឹកជញ្ជូនលើផ្លូវជាតិ និងក្នុងព្រៃក្រោមបញ្ជាបេសកកម្មរបស់មេប៉េអឹមនៃ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត។ ពលរដ្ឋជាច្រើននាក់បានត្អូញត្អែរប្រហាក់ប្រហែលគ្នាថា កន្លងមករាល់ការដឹកជញ្ជូនឈើ អុសរបស់គាត់ត្រូវបង់ទៅឲ្យប៉េអឹមរូបនេះ ក្នុងមួយគោយន្ត ឬឡានចាប់ពី៨ម៉ឺនទៅ២០ម៉ឺនរៀល ចំណែកឯការដឹក តាមម៉ូតូរ៉ឺម៉ក ត្រូវកំណត់ឲ្យបង់ចាប់ ពី ២០០០០រៀល ទៅ៤ម៉ឺនរៀលគឺទៅតាមការកំណត់ថ្លៃរបស់ប៉េអឹមរូបនេះបើមិនដូច្នេះគេនឹងគំរាមចាប់រឹបអូស។
សេចក្ដីរាយការណ៍បានឲ្យដឹងទៀតថា សកម្មភាពរបស់ប៉េអឹមឈ្មោះ កែវ សំអាង ដែលបានយកតួនាទីមកគាបសង្កត់លើរបររកស៊ីតិចតួចរបស់ពលរដ្ឋទាំងនេះ គឺកើតមានជាច្រើនឆ្នាំមកហើយ ដោយដាក់ក្បាលឡានសំកុកចាំកាក់ទារលុយពីពួកគាត់ទាំងយប់ ទាំងថ្ងៃនៅលើផ្លូវជាតិ និងនៅក្នុងព្រៃក្រុមហ៊ុន ក្នុងស្រុកសំបូរ ព្រមទាំងការដេញប្រមាញ់ រថយន្តដឹកឈើ លើផ្លូវជាតិ ដែលធ្វើឲ្យអ្នកធ្វើដំណើរមួយចំនួនព្រួយបារម្ភលើសុវត្ថិភាព ចរាចរណ៍ធ្វើដំណើរទៅមក។
ពលរដ្ឋទាំងនោះបញ្ជាក់ថា កន្លងមកពួកគាត់បានផ្ដិតមេដៃប្តឹងមកអាជ្ញាធរស្រុក ជាច្រើនលើកច្រើនសាឲ្យជួយទប់ស្កាត់សកម្មភាពជំរិតទារលុយរបស់មន្ត្រីប៉េអឹមឆ្មោះ កែវ សំអាងនេះ ឬការបន្ធូរបន្ថយការកំណត់បង់ថ្លៃ តែហាក់ដូចជាគ្មានចំណាត់ការសម្រាប់ ពួកគាត់នៅឡើយនោះទេ។
ជុំវិញការចោទប្រកាន់នេះកម្ពុជាថ្មីមិនអាចសុំការបំភ្លឺណាមួយបានទេ ទៅលោកកែវ ជា មេ បញ្ជាការកងរាជអាវុធហត្ថខេត្ត។ ដោយឡែកលោកហេង ស៊ីថា អភិបាលស្រុកសំបូរ បានទទួលស្គាល់ទង្វើ និងសកម្មភាពរបស់មន្ត្រីប៉េអឹមរូបនេះ ដូចការចោទប្រកាន់របស់ពលរដ្ឋមួយចំនួនមែន ហើយកន្លងមកក្នុងនាមលោកជាប្រធានគណៈបញ្ជាការឯកភាពស្រុកលោកក៏ធ្លាប់ណែនាំដល់មន្ត្រីប៉េអឹមរូបនេះដែរ តែគេមិនអនុវត្តតាម៕

0 Comments