កំពង់ឆ្នាំង ៖ នៅឯសាលាខេត្តកំពង់ឆ្នាំង ការប្រារព្ធមហាមិទ្ទិញរំឭកខួបលើកទី៣៦នៃទិវាជ័យជម្នះ៧មករា (ថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩-ថ្ងៃទី៧ ខែមករា ឆ្នាំ២០១៥) បានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់សម្ដេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ដោយមានមហាជន ប្រមាណជិត១ម៉ឺននាក់បានចូលរួមក្នុងពិធីនោះ។
លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំងបានអានសុន្ទរកថារបស់សម្ដេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ប្រធានព្រឹទ្ធសភា ប្រធានគណបក្សប្រជាជនកម្ពុជា ដែលមានប្រសាសន៍ថា យើងជួបជុំគ្នាដើម្បីរំឭកនូវទិវានៃជ័យជម្នះនេះ ក្នុងស្មារតីគោរពដឹងគុណដ៏ជ្រាលជ្រៅបំផុតចំពោះវីរយុទ្ធជន យុទ្ធនារី និង អ្នកស្នេហាជាតិដ៏ច្រើនឥតគណនា និង វីរយុទ្ធជននៃកងទ័ពស្ម័គ្រចិត្តវៀតណាមដែលបានប្រយុទ្ធ និងធ្វើពលិកម្មយ៉ាងអង់អាចក្លាហានបំផុត ដើម្បីរំដោះប្រទេសកម្ពុជា។ យើងទាំងអស់គ្នា សូមលំឱនកាយគោរពដួងវិញ្ញាណក្ខន្ធរបស់ជនរួមជាតិជាងបីលានបីសែននាក់ ដែលត្រូវបានសម្លាប់យ៉ាងអយុត្តិធម៌បំផុត ក្រោមរបបប្រល័យពូជសាសន៍ និង សូមឧទ្ទិសបួងសួងសូមឱ្យដួងព្រលឹងរបស់លោកអ្នកទាំងនោះ បានទៅកាន់សុគតិភពជារៀងរហូត។
ស្មារតី៧មករា នៅស្ថិតស្ថេរជានិច្ចក្នុងដួងចិត្តរបស់ប្រជាជនកម្ពុជាទាំងក្នុងពេលបច្ចុប្បន្ន ក៏ដូចអនាគតយូរអង្វែងប្រៀបដូចជាប្រទីបបំភ្លឺផ្លូវ ដែលនាំយើងឱ្យឈានពីជ័យជម្នះមួយទៅជ័យជម្នះមួយទៀតឥតឈប់ឈរ។ ស្មារតី៧មករាបានផ្តល់នូវមេរៀន និងបទពិសោធន៍ជាច្រើនដ៏មានតម្លៃបំផុតសម្រាប់យើងទាំងអស់គ្នាដើម្បីកសាង និងការពារមាតុភូមិតទៅមុខទៀត។ ស្មារតី៧មករាមានសត្រូវតែមួយប៉ុណ្ណោះ គឺរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានក្លាយជាបញ្ហាក្នុងប្រវត្តិសាស្ត្រទៅហើយ។ ដូច្នេះ អ្នកប្រឆាំងនឹងស្មារតី៧មករាគឺជាអ្នកស្រឡាញ់របបប្រល័យពូជសាសន៍ ជាអ្នកប្រឆាំងនឹងដំណើរការលូតលាស់របស់ប្រទេសជាតិ។ លើមូលដ្ឋានរក្សាខ្ជាប់ស្មារតី៧មករា ប្រជាជនយើងបានឆ្លងកាត់ឆ្នាំ២០១៤ជាមួយនឹងការសម្រេចបានសមិទ្ធផលថ្មីៗទៀត លើគ្រប់វិស័យហើយកំពុងឈានចូលឆ្នាំ២០១៥ ប្រកបដោយសុទិដ្ឋិនិយមយ៉ាងមុតមាំ។ ពេលនេះយើងអាចអះអាងដោយមោទនភាពថា សភាពការណ៍ទូទៅរបស់កម្ពុជាមានភាពល្អប្រសើរដែលបានឆ្លុះបញ្ចាំងឱ្យឃើញច្បាស់នូវភាពកាន់តែរឹងមាំនៃសន្តិភាព ស្ថិរភាព ការបង្រួបបង្រួមជាតិ ប្រជាធិបតេយ្យ និងនីតិរដ្ឋ ទោះបីជាបានប្រឈមនឹងបញ្ហាស្មុគស្មាញខាងនយោបាយមួយរយៈក្តី។ ភាពចាស់ទុំនៃគណបក្ស ដែលមានអាសនៈក្នុងរដ្ឋសភាបានផ្តល់ក្តីសង្ឃឹមកាន់តែច្រើនដល់ប្រជាជនទូទៅ ដែលប្រាថ្នាចង់ឲ្យមាតុភូមិខ្លួនបន្តរីកចម្រើនក្នុងសន្តិភាព និងការផ្សះផ្សារជាតិ ដោយគោរពប្រតិបត្តិខ្ជាប់ខ្លួននូវគោលការណ៍ប្រជាធិបតេយ្យ និងនីតិរដ្ឋ។
នៅក្នុងចំណាប់អារម្មណ៍របស់ខ្លួន តំណាងអង្គមិទ្ទិញបានលើកឡើងថា ថ្ងៃមករាគឺជាទិវាប្រវត្តិសាស្ត្ររបស់ជាតិយើង និងជាថ្ងៃកំណើតទី២របស់ជាតិ និងប្រជាជនកម្ពុជា។ យើងខ្ញុំជាស្រទាប់យុវវ័យបន្តវេនជំនាន់ក្រោយបានយល់ដឹងកាន់តែច្បាស់ថា «បើគ្មានថ្ងៃ៧មករា យើងពិតជាគ្មានអ្វីៗ ទាំងអស់ដូចថ្ងៃនេះទេ» នេះជាសច្ចធម៌ប្រវត្តិសាស្ត្រ ដែលមិនអាចមានបុគ្គលណាម្នាក់បដិសេធបានឡើយ»។ យើងខ្ញុំសូមប្រកាសថ្កោលទោសយ៉ាងម៉ឺងម៉ាត់ចំពោះជនជ្រុលនិយម មួយចំនួន ដែលមួយរយៈកន្លងមកនេះបានញុះញង់ អុជអាល បំផុស ធ្វើបាតុកម្មយ៉ាងអនាធិបតេយ្យ ដែលជាការពិតសកម្មភាពរបស់ពួកគេ គឺបង្កអសន្តិសុខ អស្ថិរភាពសង្គមបំផ្លាញដំណើរការជាប្រក្រតីនៃផលិតកម្ម និងជីវភាពសង្គម ការអភិវឌ្ឍប្រទេស ប៉ះពាល់ដល់ជីវភាព រស់នៅរបស់ប្រជាជន កម្មករ អាជីវករនៅទូទាំងប្រទេសធ្វើឱ្យអាប់ឱនដល់កិត្តិយស សេចក្ដីថ្លៃថ្នូររបស់ជាតិ ឆ្លើយទម្លាក់កំហុសមកលើរាជរដ្ឋាភិបាល ក្នុងគោលបំណងផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោតស្របតាមឆន្ទៈប្រជាជន។ យើងខ្ញុំទាំងអស់គ្នាក៏សូមប្រកាសជាឱឡារិកគាំទ្រ ចំពោះចំណាត់ការត្រឹមត្រូវ តាមច្បាប់ជាធរមានរបស់រាជរដ្ឋាភិបាលដែលនាំឱ្យប្រជាជន កម្មករ ទូទាំងប្រទេសសោមនស្សរីករាយគាំទ្រស្វាគមន៍នោះ។
នៅក្នុងមហាមិទ្ទិញនោះ សម្ដេចចៅហ្វាវាំង គង់ សំអុល អមដំណើរដោយលោក គុយ សុផល ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការទូ ទៅព្រះបរមរាជវាំងបានប្រគេនទេយ្យទានព្រះសង្ឃចំនួន៣៧អង្គ និង បច្ច័យ១០ម៉ឺនរៀលសម្រាប់ព្រះមេគណខេត្ត និង៥ម៉ឺនរៀលក្នុង១អង្គសម្រាប់ព្រះសង្ឃទាំង៣៦អង្គ និងបានផ្តល់អំណោយដល់ក្រុមរបាំជូនពរក្រុមសិល្បៈ ក្រុមភ្លេងសម័យ ក្រុមលែងព្រាប និងបង្ហោះប៉េងប៉ោងផងដែរ៕
ស្នាយពល



0 Comments