ភ្នំពេញ ៖ ផលិតករខ្សែភាពយន្ត និងតារាសម្ដែងខ្មែរជាច្រើនរូបបានធ្វើការរិះគន់ចំពោះរោងភាពយន្តMajor Cineplex នៅផ្សារទំនើបអ៊ីអនដែលជារោងភាពយន្តខ្នាតអន្តរជាតិមួយនៅកម្ពុជាទាក់ទិននឹង ការកាត់ពន្ធទុកបន្ថែមប្រមាណ១៥ភាគរយពីលើពន្ធចូលរដ្ឋប្រមាណ១០ភាគរយផ្សេងទៀត ដោយ បានចាត់ទុកថា នឹងធ្វើឲ្យមានផលអាក្រក់ដល់ការផលិតខ្សែភាពយន្តខ្មែរឲ្យមានគុណភាពខ្ពស់។
នៅឯរោងភាពយន្ត លីជិន ទួលគោក កាលពីដើមសប្ដាហ៍នេះក្នុងពិធីជួបជុំគ្នាមួយលោក លៀក លីដា ចាងហ្វាងផលិតកម្ម LD Picture បានលើកឡើងថា វានឹងក្លាយជាបន្ទុកកាន់តែធ្ងន់សម្រាប់ផលិតករ ខណៈដែលចំណូលពីការលក់សំបុត្រមានកម្រិត ហើយបែរជាមានការកាត់ពន្ធកាន់តែច្រើនដោយវានឹងធ្វើឲ្យគុណភាពខ្សែភាពយន្តខ្មែរធ្លាក់កាន់តែទាបនៅពេលដែលផលិតករមិនមានលទ្ធភាពក្នុងការស្វែងរកចំណូលដើម្បីពង្រឹងគុណភាពខ្សែភាពយន្តរបស់ខ្លួនបាន។ លោកលើកឡើងថា នៅរោងកុនទំនើបចំណូលពីការលក់សំបុត្រមិនបានពាក់កណ្ដាលផង តែត្រូវកាត់ពន្ធ១០ភាគរយរួចទើបត្រូវយកមកចែកគ្នាជាមួយរោងភាពយន្តម្នាក់ពាក់កណ្ដាល ហើយឥឡូវត្រូវកាត់បន្ថែម១៥ភាគរយទៀត សរុបទៅកើនឡើងដល់២៥ភាគរយ ហើយត្រូវយកមកចែកជាពីរជាមួយរោងកុនទៀត។ ដូចនេះចំណូលដែលបានពីការលក់សំបុត្រមិនបានដល់៤០ភាគរយផងនោះ តើឲ្យផលិតករ និង តារាសម្ដែងមានកម្លាំងឯណាដើម្បីរួមគ្នាផលិតខ្សែភាពយន្តឲ្យមានគុណភាពខ្ពស់នោះ។ ជាមួយគ្នានេះដែរ លោក ប៉ុល វិបូ ផលិតករនៃខ្សែភាពយន្តខ្មែររឿង «ស្បែកគង់» បាននិយាយថា ជាការពិតជាកាតព្វកិច្ចរាល់អាជីវកម្មទាំអស់ត្រូវបង់ពន្ធ តែបើយើងក្រឡេកមកមើលបរិយាកាសសិល្បៈភាពយន្តខ្មែរវិញ គឺផលិតករមិនទាន់ស្វែងរកចំណូលបានច្រើននៅឡើយទេ។ លោក ប៉ុល វិបូ និយាយថា កាលពីពេលថ្មីៗនេះ ប្រមុខរដ្ឋាភិបាលបានស្នើឲ្យស្ថាប័នពាក់ព័ន្ធធ្វើការប្រជុំពិភាក្សាធ្វើយ៉ាងណាឲ្យវិស័យភាពយន្តខ្មែរកាន់តែរីកចម្រើន ដែលក្នុងនោះផលិតករបានរំពឹងថា ពន្ធ១០ភាគ រយនឹងត្រូវបានពន្យារពេល។ ប៉ុន្តែពេលនេះផលិតករខកចិត្តចំពោះរោងភាពយន្តដែលដកពន្ធបន្ថែម១៥ភាគរយទៀត ដែលកាន់តែធ្វើឲ្យចំណូលពីការលក់សំបុត្រកាន់តែខើចទៅៗ។ អគ្គនាយកផលិត កម្ម Angkor Picture រូបនេះក៏បានលើកឡើងដែរថា ការយកពន្ធកាន់តែច្រើនពីរោងភាពយន្តនឹងធ្វើឲ្យផលិតករកាន់តែរារែកក្នុងការផលិតខ្សែភាពយន្តថ្មី ពិសេសរារែកក្នុងការផលិតកុនឲ្យកាន់តែមានគុណភាពហើយការងារសម្រាប់សិល្បករនឹងត្រូវបានកាត់បន្ថយផងដែរ។ លោកក៏បានស្នើឲ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ពិសេសនាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ ជួយអន្តរាគមន៍លើបញ្ហានេះដើម្បីវិស័យភាពយន្តខ្មែរបានរីកចម្រើន។
អ្នកនាង សុខ សោម៉ាវត្តី តារាសម្ដែងល្បីមួយដួងក៏បានលើកឡើងដែរថា ការបន្ថែមពន្ធកាន់តែច្រើនចំពោះផលិតកម្ម នឹងធ្វើឲ្យទីផ្សារការងារសិល្បករកាន់តែតិច ព្រោះតែផលិតកម្មនឹងផ្អាកឬមិនសូវមានសកម្មភាព។ ទោះជាយ៉ាងណានាងក៏អំពាវនាវឲ្យទស្សនិកជននៅតែបន្ត ការគាំទ្រវិស័យភាពយន្តខ្មែរ បើទោះបីជារឿងនោះចាក់នៅរោងភាពយន្តតូចធំទំនើបឬមិនទំនើបក្តី។
ចំណែកនាយគ្រឿន តារាកំប្លែងល្បីរបស់ស្ថានីយទូរទស្សន៍ស៊ីធីអិនវិញក៏បានលើកឡើងផង ដែរថា ក្រុមការងារផលិតខ្សែភាពយន្តពិតជាប្រឹងប្រែងណាស់ក្នុងការផលិតខ្សែភាពយន្តសម្រាប់ ទស្សនិកជន បើទោះបីជាជួបការលំបាកច្រើនក្តី។ តារាកំប្លែងរូបនេះនិយាយថា ការដកពន្ធកាន់តែ ច្រើនពីការដាក់បញ្ចាំងខ្សែភាពយន្តខ្មែរនឹងក្លាយជាបន្ទុកធ្ងន់ធ្ងរសម្រាប់ផលិតករ ហើយអ្នកសិល្បៈ ក៏មិនមានការងារធ្វើច្រើនឬអាចនឹងបានតម្លៃខ្លួនកាន់តែទាបសម្រាប់ការសម្ដែងផងដែរ។
ទោះជាយ៉ាងណាក៏ដោយការរិះគន់នេះ កាលពីម្សិលមិញ«កម្ពុជាថ្មី» នៅមិនទាន់អាចរកការបកស្រាយពីតំណាងរោងភាពយន្ត Major Cineplex បានទេ តែបើតាមក្រុមផលិតករខ្សែភាពយន្តខ្មែរ និងតារា សម្ដែងមួយចំនួនបានបង្ហាញថា បើសិនគ្មានដំណោះស្រាយទេ ការមិននាំយកខ្សែភាពយន្តខ្មែរថ្មីៗ ដែលទើបផលិតបានទៅបញ្ចាំងក្នុងរោងភាពយន្តដ៏ទំនើបមួយនេះគឺជាជម្រើសចុងក្រោយដ៏ល្អរបស់ក្រុមផលិតករខ្មែរ៕
នរសិង្ហ

0 Comments