Ad Code

ក្រសួងសុខាភិបាល​នឹង​ចេញផ្សាយ​លទ្ធផល​ស្រាវជ្រាវ​អ្នក​ឃុំ​រកា​ មាន​ឆ្លង​មេរោគ​អេដស៍​នៅ​ចុង​សប្ដាហ៍​នេះ ​ឬ​សប្ដាហ៍​ក្រោយ

ភ្នំពេញ ​៖​ ការ​អន្ទះសា​របស់​មហាជន​ដែល​ចង់​ដឹង​ពី​មូលហេតុ​ពិតប្រាកដ​ទាក់ទង​ប្រជាពលរដ្ឋ​នៅក្នុង​ឃុំ​រកា​ស្រុក​សង្កែ​ខេត្ត​បាត់ដំបង​ឆ្លង​មេរោគ​អេដស៍​នោះ​ ក្រសួងសុខាភិបាល ​និង​អង្គការ​ដៃគូ​គ្រោង​នឹង​ចេញផ្សាយ​លទ្ធផល​ស្រាវជ្រាវ របស់​ខ្លួន​នៅ​ចុង​សប្ដាហ៍​នេះ ​ឬ​សប្ដាហ៍​ក្រោយ​នេះហើយ។

លោក​វេជ្ជបណ្ឌិត​មាន​ឈី​វុន​ទីប្រឹក្សា​អម​ក្រសួងសុខាភិបាល​បាន​មានប្រសាសន៍​ឲ្យ​ដឹង​ថា ចំពោះ​មូលហេតុ​នៃ​ការ​ឆ្លង​មេរោគ​អេដស៍​របស់​អ្នក​ឃុំ​រកា​ក្រសួងសុខាភិបាល​ និង​អង្គការ​ដៃ​បាន​និង​កំពុង​ធ្វើ​សេចក្តីព្រាង​មួយ​ដែល​នឹង​បញ្ចប់​នាពេល​ឆាប់ៗ​នេះ​ ហើយ​គ្រោង​នឹង​ចេញ​សេចក្តីប្រកាស​ព័ត៌មាន​រួម​មួយ​នៅ​ក្នុង​សប្តាហ៍​នេះ ​ឬ​សប្តាហ៍​ក្រោយ​ដើម្បី​ឲ្យ​សាធារណជន​បាន​ដឹង។ លោក​បាន​បន្ត​ថា​ «​រឿង​ការ​ឆ្លង​មេរោគ​អេដស៍​នៅ​ឃុំ​រកា​នេះ​អ្នកណា​ក៏​ចង់​ដឹង​ដែរ។ ដូចនេះ​នៅ​ពេល​ក្រុមការងារ​ធ្វើ​ចប់​នឹង​ចេញ​ជា​សេចក្តីប្រកាស​ព័ត៌មាន​ផ្សព្វផ្សាយ​ដល់​សាធារណជន​បានដឹង​ហើយ​»

ប៉ុន្តែ​បើ​តាម​អ្នកស្រី​មាន​សំអាន​ប្រធាន​គណៈកម្មការ​ទី​៨​នៃ​ព្រឹទ្ធសភា​ដែល​បាន​ចុះទៅ​សួរ​សុខទុក្ខ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ ដែល​មាន​ផ្ទុក​មេរោគ​អេដស៍​នៅ​ឃុំ​រកា​កាលពី​ថ្ងៃ​ទី​៦ ខែ​​មករា​កន្លង​ទៅបាន​ឲ្យ​ដឹងថា មេរោគ​អេដស៍​ដែល​កើត​រាលដាល​ដល់​ប្រជាពលរដ្ឋ​នៅក្នុង​ឃុំ​រកា​នោះ ពុំមែន​កើតឡើង​ដោយសារ​ប្រជាពលរដ្ឋ​ប្រព្រឹត្ត​ខុស​ដូច​អ្នក​ដែល​ផ្ទុក មេរោគ​អេដស៍​ពី​មុន​មក​នោះ​ទេ។អ្នកស្រី​មាន​ប្រសាសន៍​ថា ​«​រឿង​នេះ​គឺ​កើតឡើង ដោយសារ​បុគ្គល​តែ​ម្នាក់​ទេ​ជា​អ្នក​ចម្លង​ជំងឺ​ដល់​ប្រជាពលរដ្ឋ ដោយ​ការ​មិន​យកចិត្តទុកដាក់​ព្យាបាល​ជំងឺ​ឲ្យ​បាន​ត្រឹមត្រូវ​។ តែ​អ្នក​ដែល​ប្រព្រឹត្ត​នោះ ផ្លូវច្បាប់​កំពុងតែ​ដំណើរការ​លើ​រឿងនេះ​ហើយ​»

កាលពី​ថ្ងៃ​ទី​១៦ ខែ​​ធ្នូ ​ឆ្នាំ​២០១៤​កន្លង​ទៅ​នេះ​មាន​ភាព​ភ្ញាក់ផ្អើល​មួយ​បាន​កើត​ឡើង​នៅ​ឃុំ​រកា​ស្រុក​សង្កែ​ខេត្ត​បាត់ដំបង ​ដែល​មាន​ប្រជាពលរដ្ឋ​បាន​ឆ្លង​ជំងឺ​អេដស៍​យ៉ាង​ច្រើន។ ករណី​អ្នក​ឆ្លង​ទាំងនេះ ត្រូវ​បាន​ដឹង​តាមរយៈ​ការ​ធ្វើ​តេស្ត​ឈាម​ដំបូង នៅ​មណ្ឌល​សុខភាព​រកា និង​មន្ទីរពេទ្យ​បង្អែក​បាត់ដំបង នៅ​ចន្លោះ​ពី​ថ្ងៃ​ទី​៩ ដល់​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០១៤។

នៅ​ថ្ងៃ​ទី​១៧ ខែ​​ធ្នូ​ ឆ្នាំ​២០១៤​ក្រុម​មន្ត្រី​សុខាភិបាល​ជាតិ​ និង​អង្គការ​អន្តរជាតិ​រួម​មាន​មន្ត្រី​អង្គការ​សុខភាព​ពិភពលោក​(WHO) មន្ត្រី​នាយកដ្ឋាន​ប្រយុទ្ធ​ជំងឺឆ្លង​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា (US/CDC), មន្ត្រី​ទីភ្នាក់ងារ​អេដស៍​អង្គការសហប្រជាជាតិ​(UNAIDS), មន្ត្រី​មកពី​វិទ្យាស្ថាន​ប៉ាស្ទ័រ​(Pasture institute) និង​ទីភ្នាក់ងារ​អង្គការសហប្រជាជាតិ​សម្រាប់​កុមារ​(UNICEF)​បាន​ចុះ​ទៅពិនិត្យ​ និង​ស្រាវជ្រាវ​រក​ពី​មូលហេតុ​ពិតប្រាកដ​ដែល​បណ្ដាល​ឲ្យ​ប្រជាពលរដ្ឋ​នៅក្នុង​ឃុំ​រកា​ជាច្រើន​នាក់​បាន​ឆ្លង​មេរោគ​អេដស៍​ដោយ មិន​ដឹង​មូលហេតុ​ និង​មិនដឹង​ពី​ប្រភព​ចម្លង​នោះ។

ជា​លទ្ធផល​គេ​បាន​រកឃើញថា​មាន​ប្រជាពលរដ្ឋ​ចំនួន​២១២​នាក់​មាន​ផ្ទុក​មេរោគ​អេដស៍​ក្នុងចំណោម​អ្នក​ដែល​ទៅ​ធ្វើ​តេស្ត​ឈាម​សរុប​ចំនួន​១៩៤៨​នាក់​គិត​ចាប់ពី​ថ្ងៃ​ទី​ទី​៨​ ខែ​ធ្នូ​រហូតដល់​ថ្ងៃទី​៣១ ​ខែ​ធ្នូ ​ឆ្នាំ​២០១៤​កន្លងទៅ។ លោក​វេជ្ជបណ្ឌិត​មាន​ឈី​វុនបាន​ឲ្យ​ដឹង​ថា ​ក្នុង​ចំណោម​១៩៤៨​នាក់​នោះ​មាន​១៧០៣​នាក់​ទៅ​ធ្វើ​តេស្ត​ឈាម​នៅ​មណ្ឌល​សុខភាព​ឃុំ​រកា​៦​នាក់​ ធ្វើតេស្ត​នៅ​មណ្ឌល​សុខភាព​អន្លង់​វិល​១៧​នាក់​ ធ្វើតេស្ត​នៅ​មន្ទីរពេទ្យ​ខេត្តបាត់ដំបង​និង​២២២​នាក់​ធ្វើតេស្ត​ក្នុងពេលដែល​ក្រុមការងារ​ចម្រុះ​ចុះ​ធ្វើការ​សិក្សា​ស្រាវជ្រាវ។ ចំពោះ​លទ្ធផល​តេស្ត​ឈាម​ចាប់ពី​ថ្ងៃទី​០១​រហូតមកដល់​ថ្ងៃទី​៨​មករា​នេះ​យើង​កំពុង​តែធ្វើការ​ផ្ទៀងផ្ទាត់​នៅឡើយ។

លោក​វេជ្ជបណ្ឌិត​មាន​ឈី​វុន​បាន​បន្ត​ថា​ ក្នុងចំណោម​អ្នក​ផ្ទុក​មេរោគ​អេដស៍​ចំនួន​២១២​នាក់​នោះ​ក្នុង​នោះ​មាន​មនុស្ស​មាន​វ័យ​ចំណាស់​ដែល​មាន​អាយុ​ចាប់ពី​៦០​ឆ្នាំ​ឡើង​ទៅ​មាន​ចំនួន​៤៩​នាក់​កុមារ​អាយុ​ក្រោម​១៤​ឆ្នាំ​មាន​ចំនួន​៣៩​នាក់​ និង​ក្រៅពីនេះ​ជា​មនុស្ស​ពេញវ័យ។ ទន្ទឹមនឹង​ការស្រាវជ្រាវ​មាន​ក្រុម​ជំនាញ​ផ្តល់​ប្រឹក្សា​ និង​ការថែទាំ​ចំនួន​៤​ក្រុម​រួមមាន​ក្រុម​គ្រូពេទ្យ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ សូ​វៀត​ក្រុម​អង្ក​ការ​FHI360​ក្រុម​មន្ទីរពេទ្យ​ព្រះសីហនុ​នៃ​ក្តី​សង្ឃឹម​និង​ក្រុម​គ្រូពេទ្យ​មូលនិធិ​ថែទាំ​អ្នកជំងឺ​អេដស៍​សហរដ្ឋ​អាមេរិក​(AHF)​ដែល​ក្រុម​ទាំង​៤​នេះ​បាន​ផ្តល់​ប្រឹក្សា​ និង​ផ្ដល់​សេវា​ថែទាំ​ដល់​អ្នកជំងឺ​អេដស៍​ចាប់​ពី​ថ្ងៃ​ទី​២២ ខែ​​ធ្នូ​ និង​ថ្ងៃ​ទី​២៤​នៅ​មណ្ឌល​សុខភាព​រហូតមកដល់​ថ្ងៃ​ទី​៦​ ខែ​មករា​ ឆ្នាំ​២០១៥​មាន​ចំនួន​១០៦​នាក់​ក្នុង​នោះ​មាន​កុមារ​ចំនួន​២៥​នាក់៕

Post a Comment

0 Comments

Close Menu