កំពង់ធំ ៖ នៅវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី៨ ខែមករា ឆ្នាំ២០១៥ សមត្ថកិច្ចប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការនគរបាល ខេត្តកំពង់ធំ ដឹកនាំកម្លាំងស្ទាក់ចាប់រថយន្តសាំយ៉ុងមួយគ្រឿង ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ2AB-2496នៅចំណុចភូមិ រុងរឿង ឃុំចំណាលើ ស្រុកស្ទោង ខេត្តកំពង់ធំ បន្ទាប់ពីម្ចាស់រថយន្តទាល់ច្រក បើកបុកទួលថ្មបណ្ដាលឲ្យបែកក្រទារថយន្ត ហើយចតរថយន្តរួចដាក់មេប្រូចបាត់ស្រមោលនោះ។
តាមការឲ្យដឹងពីលោកវរសេនីយ៍ឯកកែវ សុផល ស្នងការរងទទួលបន្ទុកផែនប្រឆាំងបទល្មើស និងលោកវរសេនីយ៍ទោ វ៉ា ចាន់កុសល នាយរងការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច បានឲ្យដឹងថា កិច្ចសហប្រតិបត្តិការបង្ក្រាបរថយន្តដឹកសត្វព្រៃនេះធ្វើឡើង ដោយមានការឯកភាព ពីលោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ ឲ្យសហការនាំគ្នាស្ទាក់រថយន្តដឹកសត្វព្រៃនេះ។ មុនពេលឃាត់រថយន្តនេះ ត្រូវបានសមត្ថកិច្ចប្រទះឃើញរថយន្តមុខសញ្ញាដឹកសត្វព្រៃមកដល់ចំណុច មុខរមណីយដ្ឋាន ប្រិយប្រស់ តែរថយន្តពុំ បានឲ្យសមត្ថកិច្ចត្រួតពិនិត្យ បែរជាបើករត់ចូលផ្លូវលំ ឆ្លងពីភូមិមួយទៅភូមិមួយជាច្រើនដំណាក់កាល។ លុះចុងក្រោយជនសង្ស័យបើកត្រឡប់ទៅស្រុកស្ទោង វិញតែចៃដន្យ រថយន្តខូចក៏ត្រូវបានស្ទាក់ចាប់តែម្តង។ រថយន្តនិងវត្ថុតាង ត្រូវបានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាល ខេត្តកំពង់ធំ ដើម្បីធ្វើកំណត់ហេតុ។
សត្វបក្សី ដែលសមត្ថកិច្ចប្រឆាំងបទល្មើសសេដ្ឋកិច្ចក្របួចបាន សរុបមានសត្វសារិកាកែវ ចំនួន៥១០ក្បាល ហើយត្រូវបានលោក សាយ ណូរ៉ា ព្រះរាជអាជ្ញារង ព្រមទាំងកម្លាំងសមត្ថកិច្ច នាំយកសត្វបក្សីទាំងនេះយកទៅព្រលែងចូលព្រៃ ដើម្បីឲ្យរស់បែបធម្មជាតិឡើងវិញ ប៉ុន្តែក្នុងនោះមានសត្វមួយចំនួនបានស្លាប់បាត់ទៅហើយនៅក្នុងការុង។
មហាជនទូទៅបានអរគុណដល់សមត្ថកិច្ច ដែលអាចឃាត់រថយន្តដឹកសត្វព្រៃបាន និងធ្វើការព្រលែងឲ្យរស់រានមានជីវិតឡើងវិញ រួចផុតពីការសម្លាប់ និងសំណូមពរ ឲ្យបងៗសមត្ថកិច្ច មេព្រៃ ជលផល និងសមត្ថកិច្ចប្រឆាំងបទល្មើស ជួយទប់ស្កាត់បន្ថែមទៀត និងពង្រីកការអនុវត្តច្បាប់ការពារសត្វព្រៃ ដោយសារតែសត្វតូច សត្វធំ នាបច្ចុប្បន្នកំពុងតែពេញនិយមនៅទីផ្សារជាតិ និងអន្តរជាតិ និងមានតម្លៃថ្លៃណាស់ សម្រាប់អ្នកក្រីក្រ ពុំមានលទ្ធភាពក្នុងបរិភោគនោះទេ គឺសម្រាប់តែអ្នកមានលុយ និងអ្នកមានអំណាចតែប៉ុណ្ណោះ៕

0 Comments