Ad Code

អង្គការ​មូលនិធិ​កុមារ​កម្ពុជា​ផ្តល់​ផ្ទះ​ថ្មី​២០០​ខ្នង​ដល់​ពលរដ្ឋ​ក្រីក្រ​នៅ​តំបន់​ចាក់​សំរាម​ស្ទឹងមានជ័យ

ភ្នំពេញ ​៖ ​ប្រជាពលរដ្ឋ​គ្រួសារ​ក្រីក្រ​រស់នៅ​តំបន់​ចាក់​សំរាម​ស្ទឹងមានជ័យ​ ដែល​ភាគច្រើន​ ជា​គ្រួសារ​ដែល​មាន​កុមារ​រើស​សំរាម ​និង​គ្រួសារ​ចាស់ជរា​នោះ​បាន​ទទួល​ផ្ទះ​ថ្មី​ចំនួន​២០០​ខ្នង ពី​អង្គការ​មូលនិធិ​កុមារ​កម្ពុជា​(CCF)

ពិធី​ប្រគល់​ផ្ទះ​ថ្មី​ដល់​គ្រួសារ​ក្រីក្រ​នៅ​តំបន់​ចាក់​សំរាម​ស្ទឹងមានជ័យ​នេះ​បាន​ប្រព្រឹត្តទៅ​កាលពី​ល្ងាច​ថ្ងៃ​ទី​៨​ ខែ​មករា​ ឆ្នាំ​២០១៥​នេះ។ ផ្ទះ​ទាំង​អស់​នេះ​ត្រូវបាន​សាងសង់​ឡើង​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ ដោយ​ក្រុម​ជាង​ជា​អ្នកស្រុក​ ដោយ​សម្រេច​បានជា​ផ្ទះ​ជា​មធ្យម​ចំនួន​២០​ខ្នង​ក្នុង​មួយ​ខែ។ រហូតមកដល់​ពេលនេះ​សហគមន៍​ចំនួន​១៥​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ក្នុង​តំបន់​ស្ទឹងមានជ័យ​ដោយមាន​ផ្ទះ​សរុប​ចំនួន​១៩៨​ខ្នង​​​ត្រូវ​បាន​​ប្រគល់​ជូន​ជា​អំណោយ​រួចស្រេច​ហើយ។

ផ្ទះ​ថ្មី​៣៦០​ខ្នង​បន្ថែម​ទៀត ​​ត្រូវ​បាន​អង្គការ​មូលនិធិ​កុមារ​កម្ពុជា​ គ្រោង​សាងសង់​សម្រាប់​ឆ្នាំ​២០១៥​នេះ​ដល់​សហគមន៍​ក្រៅពី​រាជធានី​ភ្នំពេញ។

គម្រោង​សាងសង់​លំនៅដ្ឋាន​សហគមន៍​របស់​អង្គការ​មូលនិធិ​កុមារ​កម្ពុជា ​មានការ​សហការ​ក្នុង​ភាពជា​ដៃគូ​រវាង​អង្គការ​មូលនិធិ​កុមារ​កម្ពុជា ​នឹង​អង្គការ​លំនៅដ្ឋាន​ពិភពលោក ដែល​ផ្អែកលើ​មូលដ្ឋាន​ អចលនទ្រព្យ​បណ្តាក់ទុន​សង្គម​មួយ​របស់​ប្រទេស​កាណាដា។

លោក Scott Neeson​ដែលជា​ស្ថាបនិក និង​ជា​នាយក​ប្រតិបត្តិ​អង្គការ​មូលនិធិ​កុមារ​កម្ពុជា​បាន​ថ្លែងថា «​ខណៈ​ពេលដែល​ផ្ទះ​ទាំងនេះ​ត្រូវបាន​ផ្តល់ជូន​ជា​អំណោយ​ដោយ​ពុំមាន​សំណង​នោះ អាទិភាព​ចម្បង​ត្រូវបាន​ផ្តល់​ទៅដល់​គ្រួសារ​ដែល​មាន​ការប្តេជ្ញា​ចិត្ត​ចំពោះ​ការអប់រំ​កូនៗ​របស់​ពួកគេ​ដោយ​ផ្តល់នូវ​ជីវិត​លំនៅដ្ឋាន​ប្រកបដោយ​សុវត្ថិភាព​និង​យល់ព្រម​ក្នុងការ​ការពារ​កូនៗ​របស់ខ្លួន​ពី​ការរក​ប្រាក់​ដោយ​លក់​ក​ម្លាំ​ង​ពលកម្ម​»​។​

លោក​បាន​បន្តថា​ ផ្ទះ​នីមួយៗ​មាន​ទំហំ ១៣ ម៉ែត្រ​ការ៉េ ដែល​នៅ​ដាច់ៗ​ពីគ្នា បំពាក់​ដោយ​ប្រព័ន្ធ​អគ្គិសនី​ដើរ​ដោយ​ពន្លឺព្រះអាទិត្យ ​និង​បាន​សាងសង់​ បាន​លើកឡើង​ខ្ពស់​ផុត​ពី​ដី​នៅក្នុង​រចនាប័ទ្ម​ខ្មែរ​បុរាណ ដោយ​ចាក់​បេតុង​ផ្នែក​ខាងក្រោម។

អង្គការ មូលនិធិ​កុមារ​កម្ពុជា​បាន​សាង​សង់ផ្ទះ​ដើម្បី​សម្រួល​ដល់​ការ​ស្នាក់នៅ​របស់​មនុស្ស​វ័យ​ចំណាស់​។ សហគមន៍​ភាគច្រើន​ទទួល​បាន​ផ្ទះមួយ​ខ្នង​ដែល​ផ្ដល់ជូន​សម្រាប់​ជីដូន​ជីតា​ដើម្បី​ឲ្យ​កុមារ​បាន​ទទួល​នូវ​ចំណេះដឹង​ផ្នែក​ប្រពៃណី​ខ្មែរ​រចនាសម្ព័ន្ធ​និង​គុណ​តម្លៃសង្គម​។​

ជាក់ស្តែង​គំរូ​ផ្ទះ​នៅ​ភូមិ​ឫស្សី​ខណ្ឌ​ស្ទឹងមានជ័យ​មាន សួនច្បារ​សហគមន៍ ដែល​ជា​តំបន់​រួម​សម្រាប់​ប្រជាជន​និង​ជា​តំបន់​សម្រាប់​កុមារ​លេង នឹង​ត្រូវ​បាន​ចាត់ទុក​ជា​បទដ្ឋាន​គំរូ​សម្រាប់​សហគមន៍​ថ្មីៗ​ជាច្រើន​ទៀត។ រាល់​សហគមន៍​របស់​អង្គការ​មូលនិធិ​កុមារ​កម្ពុជា​/​អង្គការ​លំនៅដ្ឋាន​ពិភពលោក (World Housing)​បាន​ត​ភ្ជាប់​នូវ​ទឹក​សម្រាប់​ប្រើស​ប្រាស់ បង្គន់​អនាម័យ​ទឹក​និង​ឋាមពល​អគ្គិសនី​រួចជាស្រេច។ ផ្ទះ​នីមួយៗ​អាច​ត្រូវបាន​ជួល​ក្នុងតម្លៃ​១៥ ដុល្លារ​ក្នុង​មួយ​ខែ​ដែល​ជា​តម្លៃ​បន្ទាប់បន្សំ ដែល​គ្របដណ្ដប់​ផ្នែក​ខ្លះ​នៃ​ការ​ចំណាយ​លើ​ការជួល​ដី។

អង្គការ​មូលនិធិ​កុមារ​កម្ពុជា (CCF) ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​២០០៤ ​ដោយ​លោក​Scott Neeson ដែល​ជា​អតីត​នាយក​ប្រតិបត្តិ​ភាពយន្ត​មួយ​រូប។ អង្គការ​មូលនិធិ​កុមារ​កម្ពុជា​ផ្តល់​នូវ​ការអប់រំ​ដើម្បី​ផ្លាស់​ប្តូរជីវិត​ការ​ចិញ្ចឹម​បីបាច់​ និង​ការ​ព្យាបាល​ដល់​កុមារ​ដែល​ងាយ​រងគ្រោះ មាន​ប្រភព​ចេញ​មក​ពី​សហគមន៍​ទុរគត​បំផុត​នៅ​ប្រទេស​កម្ពុជា។

គួរ​បញ្ជាក់​ថា​ នៅ​ឆ្នាំ​២០២០​ខាងមុខនេះ​បេសកកម្ម​សង្គម​របស់​អង្គការ​លំនៅដ្ឋាន​ពិភពលោក​(World Housing)​គ្រោង​នឹង​ផ្តល់នូវ​លំនៅដ្ឋាន​ដល់​ប្រជាពលរដ្ឋ ​ចំនួន ៣០,០០០ នាក់៕

Post a Comment

0 Comments

Close Menu