Ad Code

នគរបាល​ចាប់ខ្លួន​ជនសង្ស័យ​ជា​ចោរប្លន់​ប្រដាប់​អាវុធ​ឆែកឆេរ​រក​ឃើញ​កាំភ្លើងខ្លី​មួយ​ដើម​នៅក្នុង​ផ្ទះ​ជួល

នគរបាល​ចាប់ខ្លួន​ជនសង្ស័យ​ជា​ចោរប្លន់​ប្រដាប់​អាវុធ​ឆែកឆេរ​រក​ឃើញ​កាំភ្លើងខ្លី​មួយ​ដើម​នៅក្នុង​ផ្ទះ​ជួល

ភ្នំពេញ ៖ បុរស​ម្នាក់​ដែល​បាន​បាញ់បោះ​សេរី​ដោយ​មិនដឹង​មូលហេតុ​ត្រូវ​បាន​ប្រជាពលរដ្ឋ​លួច​រាយ​ការណ៍​ប្រាប់​ឲ្យ​ដឹង​ពី​សកម្មភាព​របស់​ជន​សង្ស័យ លុះ​ព្រឹក​ឡើង​ត្រូវ​បាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌ​ពោធិ៍​សេន​ជ័យ​សហការ​ជា​ប៉ុស្ដិ៍​ចោមចៅ​ចុះទៅ​ចាប់ខ្លួន​ដល់​ក្នុង​ផ្ទះ​ជួល​របស់​ខ្លួន​ហើយ​ឆែកឆេរ​រក​ឃើញ​កាំភ្លើងខ្លី​មួយ​ដើម​ជ​វត្ថុ​តាង។

ការ​ចុះ​ទៅ​ចាប់ខ្លួន​ជនសង្ស័យ​នេះ​ធ្វើឡើង​កាលពី​វេលា​ម៉ោង​៧​និង​២០​ព្រឹក​នាទី​ព្រឹក​ថ្ងៃទី​៩​ខែមករា​ឆ្នាំ​២០១៥​នៅ​ចំណុច​ផ្ទះ​ជួល​របស់​ជនសង្ស័យ​ស្ថិត​ក្នុងភូមិ​ថ្មគោល​សង្កាត់​ចោមចៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ។

ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​មានឈ្មោះ​ចាន់ សុខា​ភេទ​ប្រុស​អាយុ​២៩​ឆ្នាំ​មុខរបរ​កម្មករ​សំណង់​ស្នាក់នៅ​ផ្ទះ​ជួល​នៅ​ភូមិ​កើតហេតុ។ នគរបាល​ឆែកឆេរ​ដកហូត​បាន​កាំភ្លើងខ្លី​មួយ​ដើម​ម៉ាក​កា៥៤​និង​មាន​គ្រាប់​ចំនួន​ពីរ​គ្រាប់​ផង។

លោក​យឹម សារ៉ាន់​អធិការ​នគរបាល​ខណ្ឌ​ពោធិ៍​សេន​ជ័យ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​រូប​នេះ​ដោយសារ​កាលពី​យប់​ថ្ងៃទី​៨ មករា ជនសង្ស័យ​បាន​បាញ់​មួយ​គ្រាប់​ឡើងលើ​នៅ​ក្បែរ​ផ្ទះ​ជួល​របស់​ខ្លួន​ដោយ​មិន​ដឹង​ថា បាញ់បោះ​រឿង​អី​ទេ​ព្រោះ​ប្រជាពលរដ្ឋ​មិន​ហ៊ាន​ចូល​ទៅ​សួរនាំ​ទេ ប៉ុន្ដែ​ប្រជាពលរដ្ឋ​បាន​លួច​រាយ​ការណ៍​ជូន​សមត្ថកិច្ច​មូលដ្ឋាន​ឲ្យ​បានដឹង​ពី​សកម្មភាព​នេះ។

ប្រភព​បន្ដ​ថា បន្ទាប់​បី​ទទួល​បាន​ព័ត៌មាន​នេះ​ភ្លាម​លោក​បាន​បញ្ជា​ឲ្យ​កម្លាំង​ចុះ​ធ្វើ​ការ​តាមដាន​និង​កំណត់​មុខសញ្ញា​ឲ្យ​បាន​ច្បាស់លាស់​លុះ​មកដល់​ព្រឹក​ឡើង​ទើប​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌ​សហការ​ជាមួយ​នគរបាល​ប៉ុស្ដិ៍​ចុះទៅ​ដល់​ផ្ទះ​ជនសង្ស័យ​ដោយមាន​ការប្រុងប្រយ័ត្ន​ខ្ពស់​ហើយក៏​បាន​ធ្វើ​ការ​ឆែកឆេ​រ​នៅ​ក្នុងផ្ទះ​នោះ​រក​ឃើញ​កាំភ្លើងខ្លី​មួយ​ដើម​ដូច​អ្វី​ដែល​ពលរដ្ឋ​បាន​រាយ​ការណ៍​នោះ​មែន​បន្ទាប់មក​ក៏​ឃាត់ខ្លួន​យក​មក​សួរនាំ​នៅ​ប៉ុស្ដិ៍​តែម្ដង។

ពេល​នគរបាល​ប្រើ​ជំនាញ​សួរនាំ​ជនសង្ស័យ​បាន​សារភាព​ថា ខ្លួន​មាន​បក្ខពួក​បី​នាក់​និង​ធ្លាប់​បាន​ធ្វើ​សកម្មភាព​ប្លន់​បាញ់​តដៃ​ជាមួយ​ប៉េអិម​នៅ​នៅ​ខណ្ឌ​សែន​សុខ​កាលពី​ជាង​មួយ​សប្ដាហ៍​មុន​ដោយ​ប្លន់​បានសម្រេច​យក​បាន​ម៉ូតូ​ជនរងគ្រោះ​មួយ​គ្រឿង​ម៉ាក​ហុងដា​សេ​១២៥។ ពេលនេះ​នគរបាល​បាន​នឹង​កំពុង​កសាង​ឯកសារ​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី​និង​កំពុង​បន្ដ​ស្រាវជ្រាវ​ស្វែង​រក​ចាប់ខ្លួន​បក្ខ​ពួកគេ​ជា​បន្ដ​ទៀត៕

វិទូ

Post a Comment

0 Comments

Close Menu