Ad Code

ជនសង្ស័យ​ម្នាក់ ​ត្រូវ​បាន​តុលាការ​កោះហៅ ​តែ​ពលរដ្ឋ​ជិត​២០០​នាក់​មក​ឈរ​លើកទឹកចិត្ត​


សៀមរាប ៖ នៅ​ថ្ងៃទី​៨ ​ខែមករា​នេះ ​តុលាការខេត្ត​សៀមរាប​បាន​ធ្វើការ​កោះហៅ​តំណាង​សហគម​ន៍​ស្គន់​ឲ្យ​ចូលខ្លួន​បំភ្លឺ​ពី​រឿង​ទំនាស់​ដីធ្លី ប៉ុន្តែ​ក្រុម​អ្នកភូមិ​ប្រមាណ​ជិត​២០០​នាក់​មកពី​៨​សហគមន៍ ក្នុង​ឃុំ​ចំនួន​ពីរ​នៃ​ស្រុក​បន្ទាយស្រី ខេត្តសៀមរាប បាន​លើកគ្នា​មក​ឈរ​ត្រៀបត្រា​ពាស​ពេញមុខ​តុលាការ​ បំណង​រារាំង​តវ៉ា​កុំ​ឲ្យ​តុលាការ​ឃុំខ្លួន​តំណាង​របស់​ពួកគាត់ បន្ទាប់ពី​តុលាការ​កោះហៅ​ឲ្យ​ចូលខ្លួន។ តំណាង​ក្រុម​អ្នកភូមិ លោក ច​ន្ទ័ រិ​ទ្ធ ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ រស់នៅ​ភូមិ​ចំបក់​បី​ដើម ឃុំ​ត្បែង ស្រុក​បន្ទាយស្រី និង​ជា​តំណាង​ពលរដ្ឋ​ក្នុង​រឿង​ទំនាស់​ដីធ្លី​ផង​នោះ បាន​ត្រូវ​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្ត លោក​សំ ប៊ុន​ពៅ ចេញ​ដីកា​បង្គាប់​ឲ្យ​ចូលខ្លួន​ក្រោម​បទចោទប្រកាន់​អំពើ​លួច​(លួច​គោ​) ដែល​បាន​ប្រព្រឹត្ត​កាលពី​ថ្ងៃទី​៤​ ខែសីហា ឆ្នាំ​២០១៤ នៅក្នុង​ភូមិ​ត្បែង​ខាងលិច ឃុំ​ត្បែង ស្រុក​បន្ទាយស្រី ខេត្តសៀមរាប។​

ប្រភព​ពី​ពលរដ្ឋ​ដែល​លើកទឹកចិត្ត​តំណាង​ពលរដ្ឋ​ចំនួន​ជិត​២០០​នាក់​នោះ​បាន​និយាយ​ថា ពួក​គាត់​មកពី​សហគមន៍​ចំនួន​៨​ ក្នុង​ឃុំ​ត្បែង ស្រុក​បន្ទាយស្រី​ ខេត្តសៀមរាប​ ហើយ​មកនេះ​ក្នុង​បំណង​តវ៉ា​និង​រារាំង​ដល់​ស្ថាប័ន​តុលាការ ប្រសិនបើ​ចៅក្រម​ស៊ើបសួរ​សម្រេច​ឃុំខ្លួន​លោក ​ច​ន្ទ័ រិ​ទ្ធ មែន​នោះ។ ពលរដ្ឋ​បាន​បន្ត​ថា ប្រសិនបើ​ពួកគាត់​មិនឃើញ​តំណាង​ចេញ​មក​ទេ​នោះ ក៏​មិនអាច​វិល​ទៅ​លំនៅ​ស្ថាន​វិញ​ដែរ បើ​ឈ្មោះ ​ច​ន្ទ័ រិ​ទ្ធ មិនបាន​វិល​ទៅ​ជាមួយគ្នា ពី​ព្រោះ​ថា មិនបាន​ប្រព្រឹត្តិ​ដូច​ការ​ចោទប្រកាន់​របស់​ដើម​បណ្ដឹង​នោះ​ឡើយ។​

ចំណែក​ស្ត្រី​ដែល​ជា​ប្រពន្ធ​របស់​លោក ​ច​ន្ទ័ រិ​ទ្ធ​ គាត់​មាន​ឈ្មោះ ឃី ភី​រម្យ បាន​និយាយ​នៅ​ចំពោះ​មុខ​តុលាការ​ថា រូប​គាត់​មានការ​ព្រួយ​បារម្ភ​ពី​ការ​ឃុំ​ខ្លួន​ប្ដី​របស់​គាត់​ណាស់ ក្រៅពី​រូប​គាត់​និង​ក្រុម​អ្នកភូមិ​ក៏​ដូចគ្នា​ដែរ ទើប​ពួកគាត់​នាំគ្នា​មក​ឈរ​ត្រៀម​ត្រា​ពេញមុខ​តុលាការ​ដើម្បី​តវ៉ា​បែបនេះ។​

លោក សួស ណារិន អ្នកឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​សមាគមន៍​អាដ​ហុក ខេត្តសៀមរាប​បាន​មាន​ប្រសាសន៍​នៅ​រសៀល​ថ្ងៃទី​០៩​ ខែមករា​ថា ករណី​ហ្នឹង​បើ​តាម​លោក​ទទួល​បាន​ពី​ជនសង្ស័យ​ឈ្មោះ ច​ន្ទ័ រិ​ទ្ធ ខាង​លើ​នេះ​ត្រូវ​បាន​តុលាការ​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន ប៉ុន្តែ​នៅ​ក្រោម​ការ​ស៊ើប​អង្កេត​របស់​តុលាការ។ លោក​បន្ត​ថា ករណី​លោក​នឹង​បន្ត​តាមដាន​បន្ថែម​ទៀត។

នៅ​រសៀល​ថ្ងៃទី​០៨ ​ខែមករា​ ឆ្នាំ​២០១៥ លោក​ ច​ន្ទ័ រិ​ទ្ធ រួម​ទាំង​ក្រុម​អ្នកភូមិ​បាន​វិល​ទៅផ្ទះ​រៀងៗ​ខ្លួន​វិញ​អស់ហើយ ​បន្ទាប់ពី​តុលាការ​សម្រេច​ដោះលែង​តំណាង​ពលរដ្ឋ​គឺ លោក ច​ន្ទ័ រិ​ទ្ធ ដោយ​ឲ្យ​ស្ថិត​នៅ​ក្រោម​ការស៊ើបអង្កេត​ពី​តុលាការ។​

លោក ​សំ ប៊ុន​ពៅ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្ត​បាន​មាន​ប្រសាសន៍​ប្រាប់​អ្នកកាសែត​នៅ​ល្ងាច​ថ្ងៃទី​៨​ ខែមករា​ថា លោក​សម្រេច​ឲ្យ​លោក​(​ច​ន្ទ័ រិ​ទ្ធ​) ត្រឡប់​ទៅ​ផ្ទះ​វិញ​ហើយ តែ​លោក ច​ន្ទ័ រិ​ទ្ធ ត្រូវ​ចូលខ្លួន​មក​បំភ្លឺ​នៅ​ប៉ុស្តិ៍​នគរបាល​ក្នុង​មូលដ្ឋាន​របស់​គាត់​ជា​រៀង​រាល់​ខែ៕

ដោយ កុសល​

Post a Comment

0 Comments

Close Menu