Ad Code

មើល​ឃើញ​ទោសកំហុស​គេ​!

ក្នុង​ឃ្លា​នៃ​កំណាព្យ​បុរាណ​បាន​ពោល​ថា​៖ "​ទោស​ខ្លួនឯង​មើល​មិន​យល់ ទោស​គេ​តូច​សោត​សល់ រមិល​យល់​ប៉ុន​ទាំង​ភ្នំ​"​។ បុ​រា​ណា​ចា​រ្យ​បាន​កត់​សម្គាល់​អំពី​ចរិត​របស់​មនុស្ស​ដែល​គ្របដណ្ដប់​ដោយ​ការ​លោភលន់​ចង់បាន​, ការ​ខឹង​ក្រោធ​និង​ការ​វង្វេង​ឬ​ជា​ការ​ភាន់ច្រឡំ​ជា​បុគ្គល​មាន​ចរិត​តាមបែប​អាត្មានិយម​ហៅថា អត្តទត្ថបុគ្គល និង​មាន​សកាយទិដ្ឋិ​មានះ​តាមរយៈ​ការ​លើក​កម្ពស់​ខ្លួនឯង​ដោយ​បាន​សម្លឹង​ឃើញ​ទោសកំហុស​របស់គេ ហើយ​បាន​កប់​បំភ្លេច​នូវ​ទោសកំហុស​របស់​ខ្លួន។

តាមរយៈ​សុភាសិត​បរទេសមួយ​ឃ្លា​ពោលថា "​មនុស្ស​ម្នាក់ៗ​គិតតែ​ប្រយោជន៍​ផ្ទាល់ខ្លួន​តែ​សម្រាប់​ព្រះអាទិទេព​ទើប​គិតពី​ប្រយោជន៍​ទូទៅ​"(Chacun pour soit et Dieu pour tout)​។ ដោយសារតែ​មនុស្ស​គិត​អំពី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​យ៉ាងនេះ​ហើយ​ទើប​មនុស្ស​មាន​រោគ​ចិត្ត​ដ៏​ធំ​មួយ​ហៅថា​"​លោភៈ​"​មក​គ្របដណ្ដប់​បិទបាំង​ធម្មជាតិ​របស់ខ្លួន​ទាំងបី​ជា​លក្ខណៈ​ទៀងទាត់​នោះ គឺ អនិច្ចំ​, ទុក្ខំ និង​អនត្តា​។ ហេតុនេះហើយ​ទើប​មនុស្ស​ចេះតែ​មើលឃើញ​នូវ​អ្វី​ដែលជា​ទោសកំហុស​និង​ការ​ឆ្គាំឆ្គង​របស់គេ​ច្រើនជាង​មើលឃើញ​ទោសកំហុស​ផ្ទាល់ខ្លួន​។ មានន័យថា "​ទោស​គេ​តូច​សោត​សល់ រមិល​យល់​ប៉ុន​ទាំង​ភ្នំ​"​។ ដោយឡែក​ចំពោះ​ទោសកំហុស​របស់ខ្លួន​នោះ បែរជា​មានការ​អធ្យាស្រ័យ​ទៅតាម​ការសម្របសម្រួល​ឲ្យមាន​ការលើកលែង​ឬ​មានការ​ធូរស្បើយ​ទៅវិញ​។​
ក្នុងការ​រំពៃ​គន់មើល​ទោសកំហុស​របស់​អ្នកដទៃ​នោះ ក្នុង​ទ្រឹស្តី​ព្រះពុទ្ធសាសនា​បាន​បញ្ជាក់ថា ជា​ឥរិយាបថ​មិនល្អ​នោះទេ ព្រោះ​វា​ពំ​ុ​មាន​អ្វី​ក្រៅពី​ការបង្ក​ជំលោះ​ឬ​បង្កើត​នូវ​វិបត្តិ​ទំនាស់​នោះឡើយ​។ ប៉ុន្តែ​លោក​បាន​ណែនាំ​ថា ឲ្យ​បុគ្គល​មើលឃើញ​អំពី​កំហុស​ខ្លួនឯង​ជាមុនសិន​គឺ​មុននឹង​មើល​នូវ​កំហុស​របស់​អ្នកដទៃ​។ ជាពិសេស​លោកអ្នក​ប្រាជ្ញ​បានបង្ហាញ​បន្ដទៀតថា​៖ ទោសកំហុស​របស់​អ្នកដទៃ​ចូរ​យើង​មានការ​អធ្យាស្រ័យ​ឲ្យគេ ប៉ុន្តែ​យើង​មិន​អធ្យាស្រ័យ​នូវ​ទោសកំហុស​របស់​ខ្លួនឯង​នោះទេ​។ បានសេចក្តីថា យើង​ត្រូវតែ​មានការ​រឹតបន្ដឹង​វិន័យ​ខ្លួនឯង ឬ​យើង​ត្រូវតែ​សម្លឹង​រំពៃមើល​កំហុស​ខ្លួនឯង​ឲ្យបាន​ដិតដល់​។ ទន្ទឹមនេះដែរ យើង​ត្រូវតែមាន​ការកែលម្អ​ខ្លួនឯង​ដើម្បី​កុំ​ឲ្យមាន​កំហុស​ដដែល​កើតមាន​ឡើងវិញ​។ ជាមួយនេះ​ផងដែរ ក៏​យើង​ព្រម​ទទួល​នូវ​ការរិះគន់​ពី​គេ​ដូច​ពាក្យចាស់​ពោលថា "​គេ​និន្ទា​ឲ្យ​យើង​រស់ បើ​សរសើរ​លើក​ខ្ពស់​ទុក​ដូច​ឲ្យស្លាប់​"​។ លើសពីនេះទៅទៀត​ពាក្យចាស់​បានធ្វើ​ការអប់រំ​ថា កាលណា​មនុស្ស​បានដឹង​នូវ​កំហុស​របស់ខ្លួន ប្រាកដជា​មានការ​កែប្រែ ព្រោះ​គេ​ធ្លាប់់ធ្វើ​ខុស នោះ​ទើប​គេ​រក​ត្រូវ​ឃើញ​។ ម្យ៉ាងទៀត​គេ​តែង​យល់ថា អ្វី​ដែលជា​កំហុស​នោះ វា​ជា​បទពិសោធន៍​ដើម្បី​រកឃើញ​នូវ​ចំណុច​ត្រឹមត្រូវ​ឬ​ចំណុច​ល្អ​បន្ដ​ទៅមុខទៀត​។​
ជាធម្មតា មនុស្ស​តែងមាន​កំហុស​ដោយ​គ្រាន់​តែមាន​កំហុស​តូច​ឬ​ធំ​ប៉ុណ្ណោះ​។ ចំពោះ​ការ​ផ្តល់នូវ​ការ​អធ្យាស្រ័យ​វា​ជា​របស់​ឋានសួគ៌​ឬ​វា​ជា​របស់​មានតម្លៃ​បំផុត​។ ការអត់ឱន​ឲ្យ​គ្នា​ទៅវិញទៅមក​នេះ វា​ជា​ប្រភព​នាំមក​នូវ​ការបញ្ចប់​បញ្ហា​ទំនាស់ ឬ​ហៅថា មា​នស​និ្ត​ភាព​ក្នុង​ជីវិត​ពិតប្រាកដ​។ នៅក្នុង​ការ​ទេសនា​រប​ស់​ព្រះមហា​អគ្គបណ្ឌិត​ធម្មាចារ្យ ប៊ុត សាវង្ស បានឲ្យដឹងថា មុននឹង​យើង​ខឹង​ទៅលើ​ជនណាម្នាក់​នោះ យើង​គប្បី​សម្លឹងមើល​នូវ​អំពើ​ល្អ​របស់គេ​កន្លងមក​ដែលមាន​មកលើ​ខ្លួន​យើង​។ នៅពេលដែល​យើង​រកឃើញ​នូវ​អំពើ​ល្អ​របស់គេ​ហើយ​នោះ ប្រាកដជា​កំហឹង​ទាំងនោះ​វា​បាន​រសាយ​ទៅវិញ​។ ជាក់ស្តែង​ដូច​ម្ដាយ​និង​កូន​ពាក្យចាស់​បាន​ពោលថា "​ខឹង​ឆាប់​រសាយ​" ព្រោះ​ជាការ​គិត​ឃើញ​នូវ​ចំណុច​ល្អ​រវាង​គ្នា​នឹង​គ្នា​ហ្នឹងឯង​។​
ដូចនេះ ប្រការ​ដែល​ល្អ​សម្រាប់​អប់រំ​ខ្លួន តាមរយៈ​ទ្រឹស្តី​នៃ​ពុទ្ធសាសនា​នោះ គឺ​ឲ្យ​យើង​មានការ​អធ្យាស្រ័យ​ចំពោះ​កំហុសឆ្គង​របស់​អ្នកដទៃ ប៉ុន្តែ​ចំពោះ​ខ្លួន​យើង​វិញ យើង គប្បី​មិនត្រូវ​មានការ​អធ្យាស្រ័យ​ឡើយ គឺ​ត្រូវ​រឹតបន្ដឹង​ជានិច្ច​។ ដូច​ពាក្យចាស់​បាន​ពោលថា "​លាង​គូទ​ខ្លួនឯង​ឲ្យ​ជ្រះ​សិន មុននឹង​លាង​គូទ​ឲ្យគេ​"​។ ត្បិត​ខ្លួន​យើង​ក៏មាន​កំហុស​ច្រើន​ដែរ ហើយ​ដែល​យើង​មានលទ្ធភាព​ដុស​សំអាត​ខ្លួនឯង​ជាជាង​ខ្លួនឯង​នៅ​មានការ​ប្រឡាក់​ស្រកេកស្រកាក​ហើយ​ទៅ​ព្យាយាម​លាងជម្រះ​ឲ្យគេ​នោះ ពិតជា​ពុំមាន​ប្រសិទ្ធភាព​នោះឡើយ​៕
លី ហាក់​សេង​

Post a Comment

0 Comments

Close Menu