ភ្នំពេញ ៖ អគារខុនដូ Mekong view tower 6 បានបាក់ធ្លាក់ពិតានជាន់ទី២៣ បណ្តាលអោយកម្មករប្រុសស្រីរងរបួសធ្ងន់ស្រាល៥នាក់ និងបាត់ខ្លួន២នាក់។ ភ្លាមៗនោះ ក្រុមអ្នកជួយសង្គ្រោះរាប់សិបនាក់ រួមជាមួយអាជ្ញាធរខណ្ឌ និងក្រុង បាននាំគ្នាជីកកកាយបេតុង ដែលទើបនឹងចាក់ថ្មីៗដើម្បីរុករកជនរងគ្រោះដែលបាត់ខ្លួនតាំងពីម៉ោង៣រសៀលរហូតដល់យប់ជ្រៅនៅតែរកមិនឃើញ រហូតនៅវេលាម៉ោងជាង២២យប់ ទើបរកឃើញ ប៉ុន្តែជាអកុសលពួកគេទាំង២នាក់ បានស្លាប់បាត់ទៅហើយ។
ហេតុការណ៍នេះ បង្កអោយមានការភ្ញាក់ផ្អើលតាំងពីវេលាម៉ោង១និង៤០នាទីរសៀល និងដឹងដល់សមត្ថកិច្ចនៅវេលាម៉ោងប្រមាណ២និង៣០នាទីរសៀលថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៨ នៅទីតាំងខុនដូខាងលើ ស្ថិតនៅក្នុងភូមិទី២ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។
ជនរងគ្រោះ ដែលស្លាប់ទាំង២នាក់ទី១មានឈ្មោះ បាន លាស់ភេទប្រុស អាយុ៤៨ឆ្នាំ រស់នៅភូមិ តាពុំ ឃុំល្វេ ស្រុកកោះសូទិន ខេត្តកំពង់ចាម ;២.ឈ្មោះ នាម ហ៊ីង អាយុ៣៨ឆ្នាំ រស់នៅភូមិគោករុន ឃុំប៉ុបប៉ែន ខេត្តសៀមរាប។ ចំណែកអ្នករងរបួស៥នាក់
១.ជាង នឿន របួសជើង
២.ជាង ផាត របួសជើង
៣.ជាង រិទ្ធ របួសស្មា
៤.ស្រី លន ភេទស្រីរបួសស្មា
៥.ស្រី របួសកែងដៃ។
តាមព័ត៌មានអោយដឹងថា ពិតាន ដែលបាក់ធ្លាក់សង្កត់កម្មករមានទំហំ១២ម៉ែត្រគុណ២៤ម៉ែត្រ និងមានកម្រាស់០.១៤ម៉ែត្រស្ថិតនៅជាន់ទី២៣ ដែលជាដំបូលជាន់លើបង្អស់ ដែលត្រូវបញ្ចប់នៃការសាងសង់ខុនដូនេះផងដែរ។
តាមជាងសំណង់បានប្រាប់សមត្ថកិច្ចអោយដឹងថា នៅវេលាព្រឹកថ្ងៃកើតហេតុ ក្រុមជាងមានស្រីមានប្រុសប្រមាណជាង១៧នាក់ បាននាំគ្នាចាក់ពិតានជាន់ទី២៣។ លុះនៅវេលារសៀល ក៏បន្តបាញ់ចាក់ពិតានទៀត ហើយក៏អស់បេតុង ដោយសាររថយន្តដឹកបេតុងមកយឺត ត្រូវរង់ចាំប្រហែលជាង១០នាទី ទើបរថយន្តមកដល់ ពេលរថយន្តមកដល់ក៏ចាក់បន្ត។ ដោយសារកម្លាំងបុកនៃការចាក់ដំបូងវាមានកម្លាំងខ្លាំង ស្រាប់តែបណ្តាលអោយបាក់ធ្លាក់ពិតានគ្រឹបតែម្តង សង្កត់កម្មករនិងក្រុមជាងបណ្តាលអោយរងរបួសនិងបាត់ខ្លួន២នាក់ជាប់ក្រោមពិតាននោះ។
តាមព័ត៌មានអោយដឹងទៀតថា នៅវេលាល្ងាចនោះអាជ្ញាធរខណ្ឌ សមត្ថកិច្ចនិងមន្ត្រីតុលាការបានចុះទៅពិនិត្យកន្លែង ហើយក្រុមជាង បាននាំគ្នាដាប់គាស់បេតុងរុករកជាងដែលបាត់ខ្លួនអស់ជាច្រើនម៉ោង។ ខណៈនោះ លោកឃួង ស្រេងអភិបាលរាជធានីភ្នំពេញ និងលោកឃ្លាំងហួត អភិបាលខណ្ឌជ្រោយចង្វារ បានអញ្ជើញចុះទៅកន្លែងកើតហេតុដើម្បីជួយរុករកកម្មករ ដែលបាត់ខ្លួនផងដែរ។
នៅវេលាម៉ោងជាង២២យប់ក្រុមអ្នកជួយសង្គ្រោះជាមួយអាជ្ញាធរខណ្ឌ និងក្រុងដែលខំជីកកាយដោយដៃ ទីបំផុតបានរកឃើញអ្នកបាត់ខ្លួន ប៉ុន្តែ ជាអកុសល ពួកគេបានស្លាប់ទាំង២នាក់យ៉ាងអាណោចអាធម៌។
ជាមួយគ្នានោះ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាឱ្យសមត្ថកិច្ចស្រាវជ្រាវតាមរកអ្នកម៉ៅការសំណង់ខុនដូនេះ ដើម្បីមកទទួលខុសត្រូវក្នុងរឿងនេះផងដែរ ហើយឱ្យអ្នកគ្រប់គ្រងខុនដូនេះ ជួយចាត់ចែង ឱ្យបានសមរម្យចំពោះកម្មករដែលរងគ្រោះទាំង៧នាក់ ដើម្បីឱ្យគ្នាយកទៅចាត់ចែងធ្វើបុណ្យនិងព្យាបាលរបួស។
ក្រោយកើតហេតុអ្នករបួសគេបានដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត រីឯអ្នកស្លាប់ត្រូវបានដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត៕
Source: Kampuchea Thmey Daily
0 Comments