Ad Code

Down Town Sport,​កំចាយមារ​, Home Sport និង​ឪម៉ាល់ ឡើង​ទៅ​វគ្គ​៤​ក្រុម​ចុងក្រោយ​ពាន​លី​គ​ហ្វូ​ត​សាល



ទោះបីជា​នៅសល់​២​សប្ដាហ៍​ទៀត​ទើប​បញ្ចប់​វគ្គ​សន្សំ​ពិន្ទុ​ប្រចាំ​ពានរង្វាន់​បាល់ទាត់​លី​គ​ហ្វូ​ត​សាល​ក៏ដោយ ប៉ុន្តែ​ក្រោយ​ចប់​ការប្រកួត​សប្ដាហ៍​ទី​១៦ គណៈកម្មការ​រៀបចំ​កា​រ​ប្រកួត​បាន​រកឃើញ​ក្រុម​ដែលមាន​កៅអី​ឡើងទៅ​កាន់​វគ្គ​៤​ក្រុម​ចុងក្រោយ ដោយ​ក្នុងនោះ​មាន​ក្រុម Down Town Sport,​កំចាយមារ​, Home Sport និង​ឪម៉ាល់​។

សរុប​លទ្ធផល​ប្រចាំ​សប្ដាហ៍​ទី​១៦ ឃើញថា​នៅ​ថ្ងៃ​សៅរ៍ ទី​៣០ ខែមិថុនា ឆ្នាំ​២០១៨ ក្រុមយុវជន​៧​មករា ឈ្នះ​ក្រុម B.A United ១១​ទល់​៥ ខណៈ​ក្រុម​អាណាចក្រ​បៃតង ចាញ់​ក្រុម Down Town Sport ១១​ទល់​៥ និង​ក្រុម​ស​.​ស​.​យ​.​ក កំចាយមារ ឈ្នះ​ក្រុម​ឆន្ទៈ​កីឡា​៦​ទល់​៤​។ នៅ​ថ្ងៃអាទិត្យ ទី​១ ខែកក្កដា ឆ្នាំ​២០១៨ ក្រុម Panda FC ចាញ់​ក្រុម​ឱ​ម៉ា​ល់ ៤​ទល់​២ និង​ក្រុម Home Sport FC ស្មើគ្នា​ជាមួយ​ក្រុម Fan Sport FT ៦​ទល់​៦​។​

​ងាក​មក​មើល​ចំណាត់ថ្នាក់​បណ្ដោះអាសន្ន​ក្រោយ​ប្រកួត​បាន​១៦​លើក​ម្នាក់​មក​ឃើញថា​ក្រុម Down Town Sport FC​ឈរ​លេខ​១ មាន​៣៩​ពិន្ទុ តាម​ពីក្រោយ​ដោយ​ក្រុម Home Sport FC​ឈរ​លេខ​២ មាន​៣៤​ពិន្ទុ ក្រុម ស​.​ស​.​យ​.​ក កំចាយមារ ឈរ​លេខ​៣ មាន​៣៣​ពិន្ទុ ស្មើគ្នា​នឹង​ក្រុម​លេខ​៤ ឱ​ម៉ា​ល់ តែ​ខុស​គ្រាប់​បាល់​ចំណេញ​។ ក្រុម​លេខ​៥ Fan Sport FC មាន​២២​ពិន្ទុ ហើយ​ក្រុម​លេខ​៦ អាណាចក្រ​បៃតង មាន​២១​ពិន្ទុ​។ លេខ​៧ ក្រុម Panda FC មាន​១៤​ពិន្ទុ ហើយ​ក្រុម​ឆន្ទៈ​កីឡាករ ឈរ​លេខ​៨ មាន​១៤​ពិន្ទុ​ដូចគ្នា ហើយ​ក្រុមយុវជន​៧​មករា ឈរ​លេខ​៩ មាន​១១​ពិន្ទុ និង​ក្រុម​B.A United លេខ​១០ មាន​៤​ពិន្ទុ​។​

​ទោះបីជា​ពេលនេះ​គណៈកម្មការ​ប្រកួត​បាន​រកឃើញ​ក្រុម​ខ្លាំង​ទាំង​៤​ប្រចាំ​រដូវ​កាល (Top4) ក៏ពិតមែន ​ប៉ុន្តែ​នៅ​មិនទាន់​អាច​ចាប់​គូប្រកួត​នៅឡើយ​នោះទេ ដោយ​រង់ចាំ​ការប្រកួត​រហូតដល់​ស​ប្ដា​ហ៍​ទី​១៨ រួចរាល់​សិន​។ តាម​ការបែងចែក​គឺ​ប្រកួត​វគ្គ​៤​ក្រុម​ចុងក្រោយ តម្រូវឱ្យ​ក្រុម​លេខ​២​ប៉ះ​ក្រុម​លេខ​៣ និង​ក្រុម​លេខ​១​ប៉ះ​ក្រុម​លេខ​៤ ដើម្បី​ឡើងទៅ​លេង​វគ្គ​ផ្តាច់ព្រ័ត្រ​ប្រជែង​យក​ជើងឯក​ប្រចាំ​រដូវ​កាល​ផងដែរ​។​

​ការប្រកួត​លី​គ​ហ្វូ​ត​សាល​ជា​លើកដំបូង​នៅក្នុង​ស្រុក​នេះ​ធ្វើឡើង​ពីថ្ងៃ​ទី​០៣ ខែ មិនា រហូតដល់​ថ្ងៃទី​២៨ ខែ កក្កដា ឆ្នាំ ២០១៨ ខណៈ​ភាកច្រើន​ប្រកួត​នៅ​ថ្ងៃ​ចុង​សប្ដាហ៍ ដែលមាន​ក្រុម​ជា​សមាជិក​ចំនួន​១០​ក្រុម​លើ​ទីលាន ដឹ​ប្លូ​ស្ព័ត (The Blue Sport) ម្តុំ​ទួលគោក​។ ការប្រកួត​មាន​រូបមន្ត​ជា​លក្ខណៈ​ប្រកួត​បែប​លី​គ តាម​ប្រព័ន្ធ​លី​គ​២​ជុំ (​វិលជុំ​សន្សំ​ពិន្ទុ​) ហើយ​ក្រុម​ដែលមាន​ពិន្ទុ​ច្រើនជាងគេ​ចំនួន​៤​ក្រុម (Top4) ត្រូវ​ឡើងទៅ​ប្រកួត​គ្នា​ដណ្តើម​ជើងឯក​ប្រចាំ​រដូវ​កាល​។ ក្រុម​ជើងឯក​នឹង​ទទួលបាន​ពានរង្វាន់​១ មេដាយមាស​ម្នាក់​១​និង​ប្រាក់រង្វាន់​២០​លាន​រៀល​ផងដែរ​។​

​សម្រាប់​ប្រកួត​សប្ដាហ៍​បន្ទាប់​គឺ​នៅ​ថ្ងៃ​សៅរ៍ ទី​៧ ខែកក្កដា ឆ្នាំ​២០១៨ ដោយ​ក្រុម​ឪម៉ាល់ ប៉ះ Home Sport FC នៅវេលា​ម៉ោង​២:៣០​នាទី​ល្ងាច ខណៈ​នៅ​ម៉ោង​៤​ល្ងាច​ក្រុម B.A United ប៉ះ​ក្រុម​ឆន្ទៈ​កីឡា និង​នៅ​ម៉ោង​៥:៣០​នាទី​ល្ងាច​ក្រុមយុវជន​៧​មករា ប៉ះ​ក្រុម Down Town Sport FC​។ នៅ​ថ្ងៃអាទិត្យ ទី​៨ ខែកក្កដា វិញ​ក្រុម Panda FC ប៉ះ​ក្រុម​ស​.​ស​.​យ​.​ក កំចាយមារ នៅ​ម៉ោង​៤​ល្ងាច​និង​នៅ​ម៉ោង​៥:៣០​នាទី​ល្ងាច​ក្រុម​ឆន្ទៈ​កីឡា ជួប​ក្រុម Fan Sport FT៕​


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu