Ad Code

ខ្យល់​​កន្ត្រាក់​បោកបក់​ចំ​កន្លែង​ធ្វើបុណ្យ​ឡើង​អ្នកតា​​ ប៉ើង​ឆត្រ​​​មក​បុក​ចំក្បាល​ស្ត្រី​ម្នាក់​ស្លាប់ និង​កុមារី​ម្នាក់​ជា​កូន​របួស​បាក់ដៃ



កំពង់ឆ្នាំង ​៖​ ស្ត្រី​ម្នាក់ ​បាន​ស្លាប់​ ដោយសារ​ឆត្រ​ធំ​១​ ​​ប៉ើង​មក​បុក​ចំក្បាល និង​កុមារី​ម្នាក់ ​បាន​របួស​បាក់ដៃ ក្នុង​ឧប្បត្តិហេតុ​គ្រោះ​ធម្មជាតិ ខ្យល់​កន្ត្រាក់​បោកបក់​ចំ​កន្លែង​អ្នកស្រុក​ធ្វើបុណ្យ​ឡើងអ្នកតា​ម្ចាស់​ស្រុក។

ហេតុការណ៍​គ្រោះថ្នាក់​ខាងលើនេះ​ បានកើត​ឡើង​ម៉ោង​៣​និង​១៥​នាទី​ល្ងាច ​ថ្ងៃទី​០១ ខែកក្កដា ឆ្នាំ​២០១៨ នៅ​ចំណុច​ឈើ​ត្រាវ ក្នុងភូមិ​ស្វាយចេក ឃុំ​ស្វាយជ្រុំ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង។

សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​បានអោយដឹងថា​ ៖ ​មុន​ពេល​កើតហេតុ​នៅ​ចំណុច​នោះ អ្នកស្រុក​ក្នុងភូមិ​ឃុំ​ បាន​នាំគ្នា​ធ្វើបុណ្យ​ឡើងអ្នកតា​ម្ចាស់​ស្រុក​ដូច​រៀងរាល់​ឆ្នាំ ដោយ​នៅក្នុង​កម្មវិធី​នោះ​មាន​គេ​ដាក់​ប្រដាប់​ប្រដា​សម្រាប់​ក្មេង​​​លេង មាន​កន្ត្រក​វិល សេះ​វិល ពោង​សម្រាប់​ក្មេង​លោត​លេង​ជាដើម និង​ក៏មាន​ការលក់ដូរ​នំចំណី​ផង​ដែរ។ ស្រាប់តែ​នៅពេល​វេលា​ខាងលើ មាន​ខ្យល់​​កន្ត្រាក់​បោកបក់​មក​យ៉ាង​ខ្លាំង បណ្តាល​អោយ​ឆត្រ​មួយ​ផ្ទាំង​ បាន​ប៉ើង​ហោះ​មក​បុក​ចំក្បាល​ជន​រងគ្រោះ ឈ្មោះ​ស្រី ណែ​ត អាយុ​៣៣​ឆ្នាំ ​បណ្តាល​អោយ​ស្លាប់​ភ្លាមៗ​នៅ​កន្លែង​កើតហេតុ​តែម្តង ដែល​គាត់​មាន​ទីលំនៅ​ក្នុងភូមិ​ឧទ្ទម្ពរ ឃុំ​ស្វាយជ្រុំ ស្រុក​រលាប្អៀរ ចំណែក​កូនស្រី​របស់​គាត់ ឈ្មោះ ណា ធា​រី អាយុ​៩​ឆ្នាំ កំពុង​ជិះសេះ​វិល​លេង បាន​ប៉ើង​ធ្លាក់​រងរបួស​បាក់ដៃ​ និង ត្រូវ​ក្រុមគ្រួសារ​ដឹកយក​មក​ស​ង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្តកំពង់ឆ្នាំង។​

សមត្ថកិច្ចបានបញ្ជាក់​អោយដឹងថា ​៖ ក្រៅពី​ជន​រងគ្រោះ​ទាំង​២​នាក់​គ្រោះ​ខាងលើ នៅ​កន្លែងកើតហេតុ​ក៏មាន​រង​ការខូចខាត​សម្ភារៈ​របស់​របរ​​អ្នក​លក់ដូរ​មួយចំនួន​ផង​ដែរ។ ចំណែក​គ្រោះថ្នាក់​ខាង​លើ​នេះ ​គឺជា​ឧប្បត្តិ​ហេតុ​នៃ​គ្រោះធម្មជាតិ ដែល​គ្មាន​អ្នកណា​អាច​ដឹង​មុន​បាន​នោះឡើយ៕

​ ​ ​
​ ​


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu