Ad Code

បើក​រថយន្ត ​បុក​ខឿន​ផ្លូវ ​ហើយ​គំរាម​មិន​ឲ្យ​ថត​ទៀត



ភ្នំពេញ​ ៖ ​បន្ទាប់​បើក​រថយន្ត​ស៊េរី​ទំនើប​បុក​ខឿន​របាំង​ពុះ​ចែក​ទ្រូងផ្លូវ​ខូច​រថយន្ត​ មិន​អាច​បើក​​​ទៅ​មុខ​ទៀត​​បាន​នោះ ​​​អ្នកសារព័ត៌មាន​ ក៏​ទៅ​ថត​ពី​ទិដ្ឋភាព​នៃ​គ្រោះថ្នាក់​នោះ​ តែ​ត្រូវ​អ្នកបើកបរ​​គំរាម​ និង​​ព្យាយាម​មិន​ឲ្យ​ថត​ថា​(​ប្រយ័ត្ន​បាត់​ជីវិត​​វើយ)។

អ្នកបើកបរ​ ដែល​គំរាម​អ្នកសារព័ត៌មាន​នោះ​ ត្រូវបាន​គេ​ស្គាល់​ថា​ឈ្មោះ​រ៉ា មាន​មុខរបរ​ជា​អគ្គនាយក​ក្រុមហ៊ុន​ដឹកជញ្ជូន បើករថយន្ត​ស៊េរី​ទំនើប Mercedes មួយ​គ្រឿង​​​ ​ទៅបុក​សួន​ចែក​ទ្រូងផ្លូវ​កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​ទៀបភ្លឺ ឈានចូល​ថ្ងៃទី​១ ខែកក្កដា ឆ្នាំ​២០១៨ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​R៥ ក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​

ប្រភព​ព័ត៌មាន​ពី​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គេ​ឃើញ​បុរស​ម្នាក់ ទំនងជា​ស្រវឹងស្រា បើករថយន្ត​ម៉ាក Mercedes ស៊េរី​ទំនើប​មួយគ្រឿង ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AL-9188 ធ្វើដំណើរ​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច ​លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ ក៏បាន​រេ​ចង្កូត​ទៅបុក​ឡើង​សួន​ចែក​ទ្រូងផ្លូវ បណ្តាល​ឲ្យ​ការខូចខាត​អស់​ជាច្រើន​ផ្ទាំង។ ​ខណៈ​រថយន្ត​ខូចខាត​ផ្នែក​ខាងមុខ​ទៅលេង​រួចហើយនោះ​ ក្រុម​អ្នកសារព័ត៌មាន​បាន​ចុះ​ដល់​កន្លែងកើតហេតុ ដើម្បី​ផ្តិត​យក​រូបភាព​ពី​ទិដ្ឋភាព​នៃ​គ្រោះថ្នាក់​នោះ ​​​តែ​ត្រូវ​ម្ចាស់​រថយន្ត​ដែល​មាន អាការៈ ដូចជា​ស្រវឹងស្រា​ទៀតផង​នោះ បានមក​ហាម​មិន​ឲ្យ​ថត ហើយ​ថែមទាំង​រករឿង​ក្រុម​អ្នកសារព័ត៌មាន​យ៉ាង​ចាស់ដៃ និង​បាន​ប្រមាថ​ជីវិត​ក្រុម​អ្នកសារព័ត៌មាន​ថា "​បើ​នៅតែ​ថត ប្រាប់​ហើយ​មិន​ស្តាប់​ទេ ប្រយ័ត្ន​បាត់​ជីវិត​វើយ​"​។​

ប្រភព​ព័ត៌មាន​បាន​បន្តថា​ ក្រោយពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន ​បាន​ចុះ​មក​ដល់ ​បាន​ឲ្យ​ភាគី​ខាង​រថយន្ត សម្របសម្រួល​ជាមួយ​ខាង​ម្ចាស់​ផ្លូវ ព្រោះ​ផ្លូវ​នេះ ជា​ផ្លូវ​របស់​ឯកជន ដើម្បី​បញ្ចប់រឿង​នៅនឹងកន្លែង​កើតហេតុ​។ បន្ទាប់មក ម្ចាស់​រថយន្ត​បាន​ហៅ​រថយន្ត​មក​អូស​យក​ទៅ​ជួសជុល​ដោយ​ខ្លួនឯង​ផងដែរ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu