Ad Code

សុខ ធី ផ្តួល Petch Ngen Thong​ទឹក​៤ ខណៈ​ឈឿន ឆៃ​ដែន សន្លប់​ទឹក​២



អ្នក​ប្រដាល់​ជើង​ខ្លាំង សុខ ធី ក្លិប​សៅ​យ៉ាន់​នាគា ខេត្តបន្ទាយមានជ័យ និង​ជា​ម្ចាស់​ខ្សែក្រវាត់​គូ​បូ​តា​ទម្ងន់​៥៧​គីឡូក្រាម គេ​បាន​យកឈ្នះ​ជា​លើក​ទី​២ លើ​អ្នក​ប្រដាល់​ថៃ Petch Ngen Thong Sor.Jor Vichipetriw ក្នុង​ការជួប​សងសឹក​គ្នា​នៅលើ​សង្វៀន​បាយ័ន​ស្ទឹងមានជ័យ កាលពី​យប់​ថ្ងៃទី​០១ ខែ​កក្កដា ​ឆ្នាំ​២០១៨​។

សុខ ធី បាន​ផ្តួល Petch Ngen Thong អោយ​សន្លប់​ក្នុង​ទឹក​ទី​៤ ដោយ​កណ្តាប់ដៃ​របស់គេ បាន​ដាល់​ត្រូវ​មុខ​របស់ Petch Ngen Thong បណ្តាលអោយ​អ្នក​ប្រដាល់​ថៃ​រូបនេះ ដួល​ដេក​លើ​រេញ​លែង​ក្រោក​តែម្តង ។ នេះ​ជា​លើក​ទី​២ របស់​សុខ ធី​ហើយ ដែល​បាន​វាយ​ឈ្នះ Petch Ngen Thong ដែល​កាលពី​ជួប​លើក​ទី​១ សុខ ធី​ឈ្នះ​ត្រឹម​ពិន្ទុ​ប៉ុណ្ណោះ តែ​លើក​ទី​២​នេះ គេ​បាន​ផ្តួល Petch Ngen Thong អោយ​សន្លប់ ។​

ចំពោះ​អ្នក​ប្រដាល់​ឈឿន ឆៃ​ដែន មកពី​ក្លិប​និរោធ​មានជ័យ​វិញ គេ​បាន​ត្រូវ​អ្នក​ប្រដាល់​ថៃ​Bukjoh Sor.Anucha វាយ​អោយ​សន្លប់​ក្នុង​ទឹក​ទី​២ ។ ឆៃ​ដែន ត្រូវ​Bukjoh​អុក​នឹង​ជង្គង់​ចូល​ចុង​ឆ្អឹងជំនី​ស្តាំ ធ្វើ​ឲ្យ​គេ​ដួលសន្លប់ ទោះបី​អាជ្ញាកណ្តាល​រាប់​ដល់​ដប់​ហើយ​ក្តី ក៏​គេ​មិនអាច​ក្រោក​បន្ត​ការប្រកួត​ទៀត​បានដែរ ។ ពួកគេ​ទាំងពីរ​នាក់​នេះ ជួប​ប្រកួត​គ្នា​ក្នុង​ទម្ងន់​៦០​គីឡូក្រាម ។

Bukjoh ជា​អ្នក​ប្រដាល់​ចំណូល​ថ្មី ដែលមាន​កំនត់ត្រា​ប្រកួត​ចំនួន​៧៨​លើក ឈ្នះ​៦០​លើក និង​មិនដែល​ចាញ់ ខ​ណះ​ឈឿន ឆៃ​ដែន មាន​ប្រវត្តិ​ប្រកួត​ប្រមាណ​៨៥​លើក ឈ្នះ​៦៧​លើក ចាញ់​១៧​លើក និង​ស្មើ​០១​លើក ។​

ចំណែក ការប្រកួត​រវាង​អ្នក​ប្រដាល់​រួម​ជាតិ​វិញ ជុន សាវុធ អ្នក​ប្រដាល់​ក្លិប​កុសល​កីឡា បាន​វាយ​ឈ្នះ​អាន ទាវ អ្នក​ប្រដាល់​ក្លិប​យុវ​វាល​ស្បូវ​ខណ្ឌ​ច្បារអំពៅ ដោយ​ពិន្ទុ​បន្ទាប់ពី​ប្រកួត​គ្នា​យ៉ាង​ស្វិតស្វាញ​៥​ទឹក​ពេញ​នោះ ។ ពីរ​នាក់​នេះ ប្រកួត​គ្នា​ក្នុង​ទម្ងន់​៥៤​គីឡូក្រាម​៕

នី​ម នន ឈ្នះ​ពានរង្វាន់​បាយ័ន​ទម្ងន់​៥៧​គ​.​ក្រ​ ​
​អ្នក​ប្រដាល់​នី​ម នន មកពី​ក្លិប​កងពលតូច​ទ័ព​ឆ័​ត្រ​យោង​៩១១ បានឈ្នះ​ពាន​អនុស្សាវរីយ៍​បាយ័ន​ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម ឆ្នាំ​២០១៨ បន្ទាប់ពី​គេ​បាន​វាយ​ឈ្នះ​កំពែង ខ្មៅ សមាគម​កីឡាប្រដាល់​ក្រសួងកសិកម្ម ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ ។​

នៅក្នុង​ការប្រកួត​ជម្រុះ​ដំណាក់កាល​ទី​១ តាម​រូបមន្ត​ប្រកួត​ម៉ា​រ៉ា​តុង​ដែល​ប្រកួត​៣​ទឹក​នោះ នី​ម នន គេ​បាន​វាយ​ឈ្នះ អ៊ូច ភា​រិ​ទ្ធ អ្នក​ប្រដាល់​ក្លិប​អាណាចក្រ​គុន​ខ្មែរ​ដោយ​ពិន្ទុ​។​ឯ កំពែង ខ្មៅ​វិញ គេ​វាយ​ឈ្នះ​ជ័រ ពៅ អ្នក​ប្រដាល់​ក្លិប​ថ្មគោល​ពោធិ​សែន​ជ័យ​ដោយ​ពិន្ទុ​ដែរ​។​

សូមបញ្ជាក់ថា ការប្រកួត​ដណ្តើមពាន​អនុស្សាវរីយ៍​បាយ័ន​ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម ឆ្នាំ​២០១៨ នេះ មាន​អ្នក​ប្រដាល់​៤​រូប​ចូលរួម គឺ អ៊ូច ភា​រិ​ទ្ធ ក្លិប​អាណាចក្រ​គុន​ខ្មែរ , កំពែង ខ្មៅ សមាគម​កីឡាប្រដាល់​ក្រសួងកសិកម្ម ,​ជ័រ ពៅ ក្លិប​និរោធ​មានជ័យ​និង នី​ម នន មកពី​ក្លិប​កងពលតូច​ទ័ព​ឆ័​ត្រ​យោង​៩១១ ។​

ការប្រកួត​ប្រព្រឹត្ត​ទៅតាម​រូបមន្ត​ជា​Marathon គឺ​ចាញ់​ជ្រុះ​ហាលអាវ ឈ្នះ​ត្រូវ​បន្ត​ការប្រកួត​ទៀត ទាល់តែ​រកឃើញ​ជើង​ខ្លាំង​ម្ចាស់​ពាន​ក្នុងពេល​តែមួយ ។​

ចំពោះ​ការប្រកួត​គូ​ឯក​វិញ​នោះ ឆាយ មាស អ្នក​ប្រដាល់​ក្លិប​សំរោង​កោង​ខេត្តបាត់ដំបង បាន​វាយ​ចាញ់​លី កែវ​ឡុង អ្នក​ប្រដាល់​ស្រករ​ក្រោយ​ក្លិប​ថ្មគោល​ពោធិ​សែន​ជ័យ ដោយ​ពិន្ទុ ក្នុងការ​ជួបគ្នា​ទម្ងន់​៦០​គីឡូក្រាម៕​


​ ​

​ ​



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu