Ad Code

ហួន សុខ​នី​ម​ជួប​ថន វាសនា ឯ សំអាង ឌុន ជួប យ៉ា​ម​ខេមរា នៅ​សង្វៀន​បាយ័ន​ស្ទឹងមានជ័យ



ហួន សុខ​នី​ម អ្នក​ប្រដាល់​ក្លិប​ម​ហិ​ទ្ធ​រិ​ទ្ធ​តា​ដំបង​ដែក ត្រូវគេ​ផ្គូផ្គង​អោយ​ជួប​ប្រកួត​ជាមួយ​ថន វាសនា អ្នក​ប្រដាល់​ក្លិប​នាគរាជ​មានជ័យ នា​យប់​ថ្ងៃ​សុក្រ​ទី​២៤ ខែ​សីហា​ ឆ្នាំ២០១៨​នេះ នៅលើ​សង្វៀន​បាយ័ន​ស្ទឹងមានជ័យ។

ពីរ​នាក់​នេះ មិន​ធ្លាប់​ជួបគ្នា​ទេ​កន្លងមក។ ដូច្នេះ ជំនួប​លើក​នេះ គឺជា​ការ​ជួបគ្នា​លើកដំបូង។ ពួកគេ​ទាំងពីរ ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦៣,៥០០​គីឡូក្រាម។

ថន វាសនា ជា​អ្នក​ប្រដាល់​មានឈ្មោះ​បោះ​សំឡេង​គួរសម​ដែរ តែ​គេ​ជា​អ្នក​ប្រដាល់​ដែល​មាន​ចិត្ត​តូច។ ជា​ទម្លាប់​របស់​ថន វាសនា គេ​ឡើង​ប្រកួត​ច្រើន​វ៉ៃ​មិន​យោគយល់​អ្វី​នោះទេ។ ការប្រកួត​ចុងក្រោយ​(២១​កក្កដា​២០១៨)​កន្លងទៅនេះ គេ​បាន​វាយ​ចាញ់​សុខ សុវណ្ណ អ្នក​ប្រដាល់​ជើង​ខ្លាំង​ក្លិប​កងពលធំ​អន្តរាគមន៍​លេខ​២ ដោយ​ពិន្ទុ ។​

ចំពោះ​ហួន សុខ​នី​ម​វិញ ជា​អ្នក​ប្រដាល់​ជើងចាស់ ដោយ​ត្រូវបាន​អ្នក​ស្នេហា​កីឡាប្រដាល់​ចាប់អារម្មណ៍ ដោយសារតែ​ការប្រកួត​របស់គេ​ល្អ ហើយ​លទ្ធផល​ឈ្នះ​ច្រើនជាង​ចាញ់ ។

ទោះជា​គេ​មាន​វ័យ​ច្រើនជាង ថន វាសនា បន្តិច​ក្តី សម្រាប់​ស្នៀត​ប្រដាល់​របស់​ហួន សុខ​នី​ម មិនជា​ចាញ់​វាសនា​នោះទេ ។ សំរាប់​ការជួបគ្នា​នេះ បើសិនជា​ហួន សុខ​នី​ម ពុំមាន​បញ្ហា​អ្វី​កើតឡើង​ទេនោះ វាសនា​គឺ​ពិបាក​ហើយ ព្រោះ​សុខ​នី​ម​មាន​ទិច​និ​ច​ល្អ​ជាង ។ សុខ​នី​ម យ៉ាប់​តែ​បញ្ហា​កម្លាំង​កាយសម្បទា​មួយ​មុខ​ប៉ុណ្ណោះ ឯ​ស្នៀត​ប្រដាល់​របស់គេ​មាន​ផ្លែ​ល្អ ។ តែ​យ៉ាងណា ថន​វាសនា​ក៏មាន​ផ្លែ​ល្អ​ដែរ ។ ដូច្នេះ ក្នុង​ការជួប​ប្រកួត​គ្នា​លើក​នេះ គឺ​មិនអាច​ទាយ​មុន​ថា ហួន សុខ​នី​ម​ឈ្នះ​ឬ​ថន វាសនា​ឈ្នះ​នោះឡើយ ? ។​

យ៉ា​ម ខេមរា អ្នក​ប្រដាល់​ក្លិប​រស្មី​កុមារកំព្រា នឹង​ជួប​ជាមួយ​សំអាង ឌុន អ្នក​ប្រដាល់​ក្លិប​អេ​ភូ​ថង​កីឡា ដោយ​ជួប​ប្រកួត​គ្នា​ក្នុង​ទម្ងន់​៦៧​គីឡូក្រាម ។​

សំអាង ឌុន បាន​អាក់ខាន​ឡើង​សង្វៀន​ជាង​កន្លះ​ឆ្នាំ​ហើយ បន្ទាប់ពី​គេ​វាយ​ចាញ់​គឹម វាសនា​អ្នក​ប្រដាល់​ក្លិប​កងពលតូច​ទ័ព​ឆ័​ត្រ​យោង​៩១១​ក្នុង​ទឹក​ទី​២​កាលពី​ចុងឆ្នាំ​២០១៧​កន្លងមក​នោះ ។​តាមពិត សំអាង​ឌុន គឺ​ពិបាក​រក​គូ​អោយគេ​ប្រកួត​ជាមួយ​ដោយសារតែ​ទម្ងន់​នេះ​មិនសូវមាន ពោល​គឺមាន​អ្នកខ្លាំង​ខ្លាំងពេក អ្នក​អន់​គឺ​អន់​ពេក មិន​ស្មើគ្នា ទើប​មិនអាច​ផ្គូផ្គង​ឲ្យ​ជួប​ប្រកួត​បាន ។​
យ៉ា​ម ខេមរា មិនជា​ខ្លាំង និង​ល្អ​ប៉ុន្មាន​នោះទេ តែ​រាល់ពេល​ជួប យ៉ា​ម ខេមរា គេ​វាយ​ឈ្នះ​ច្រើនជាង​ចាញ់ ។​ប្រកួត​ចុងក្រោយ​មាស ភារ​ម្យ អ្នក​ប្រដាល់​ជើងចាស់​ក្លិប​កងទ័ពជើងទឹក​ក្នុង​ទឹក​ទី​៣ កាលពី​ថ្ងៃទី​២៥​កុ​ន្ភះ​២០១៨ ។ ចាំមើល តើ​យ៉ា​ម ខេមរា គេ​អាច​យកឈ្នះ សំអាង ឌុន បាន​ឬ​អត់​នៅក្នុង​ការជួបគ្នា​លើក​នេះ ? ។​

វុត្ថា លាន់​លិញ អ្នក​ប្រដាល់​ក្លិប​អង្គរ​ធំគុន​ខ្មែរ មិនដឹងថា​មានសំណាង​ឈ្នះ​ឈាន រស្មី អ្នក​ប្រដាល់​ក្លិប​រាជសីហ៍​ខេត្តរតនគិរី ឬ​អត់​នោះទេ នៅក្នុង​ការជួបគ្នា​លើកដំបូង​នេះ ។

រវាង វុត្ថា លាន់​លិញ និង ឈាន រស្មី​នេះ ពីមុនមក​ពុំដែល​ប៉ះគ្នា​នោះទេ ។ និយាយ​រួម វុត្ថា លាន់​លិញ គេ​ជា​អ្នក​ប្រដាល់​ស្រករ​ក្រោយ​ឈាន រស្មី ។ តែ​លាន់​លិញ​គេ​មានចិត្ត​ប្រដាល់​ធំ មាន​ផ្លែ​ល្អ​និង​កម្លាំង​ស៊ុ​ហ្វ​រឹងមាំ ។

ចំពោះ ឈាន រស្មី វិញ​នោះ ជា​អ្នក​ប្រដាល់​ចាស់វស្សា ប៉ុន្តែ​គេ​មាន​ភាពស្ពឹក​ស្រពន់ ស្នៀតគុន ក៏​មិន​ជាមាន​ផ្លែ​ល្អ​ដែរ ។ អ្វី​ដែលជា​ចំណុចខ្សោយ​របស់​រស្មី គឺ​ការការពារ​របស់គេ មិនសូវ​ល្អ ម្ល៉ោះហើយ​រាល់ពេល​ប្រកួត គេ​ឧស្ស​ហ៍​បែក​ឈាម ដោយសារ​កែង​របស់​គូប្រកួត ។ ទោះជា​យ៉ាងណា សម្រាប់​ការប្រកួត​នេះ ឈាន រស្មី គេ​ត្រូវការ​ឈ្នះ ព្រោះ​ថាបើ​វាយ​ចាញ់​វុត្ថា លាន់​លិញ ដែលជា​អ្នក​ប្រដាល់​ស្រករ​ក្រោយ​នោះ គឺ យ៉ាប់​ហើយ ។

ចាំមើល រវាង​ឈាន រស្មី និង វុត្ថា លាន់​លិញ ជួប​ប្រកួត​គ្នា​នេះ តើន​រណា​ជា​អ្នកទទួលបាន​ជ័យជំនះ​នោះ ? ។​

ចាន់ គឹម​លន់ អ្នក​ប្រដាល់​ក្លិប​និរោធ​មានជ័យ ត្រូវគេ​ផ្គូ​អោយ​ជួប​ប្រកួត​ជាមួយ​ហេង សុ​ភ័​ក្រ អ្នក​ប្រដាល់​ក្លិប​ព្រៃទទឹង​ខេត្តបាត់ដំបង ដោយ​ជួបគ្នា​ក្នុង​ទម្ងន់​៦០​គីឡូក្រាម៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu