បន្ទាយមានជ័យ ៖ សត្វអណ្ដើក១៣០ក្បាល ដែលបង្ក្រាបពីឈ្មួញនាំចូលពីប្រទេសថៃ ត្រូវបាននាំមកលែងនៅតំបន់អភិរក្សអូររន្ទះបាញ់ នៅព្រឹកថ្ងៃទី ២១ ខែសីហា ឆ្នាំ២០១៨ នៅស្រុកព្រះនេត្រព្រះខេត្តបន្ទាយមានជ័យ។
លោក ជា ផល្លី នាយខណ្ឌរដ្ឋបាលព្រៃឈើបន្ទាយមានជ័យបានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា សត្វអណ្តើកចំនួន១៣០ក្បាល ត្រូវបាននាំយកមកដោះលែងនៅតំបន់អភិរក្សអូររន្ទះបាញ់ក្នុងស្រុកព្រះនេត្រព្រះ ហើយសត្វអណ្ដើកនេះក្នុងចំណោមសត្វព្រៃចំនួន១៧០ក្បាលដែលកម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ សហការជាមួយមន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើបន្ទាយមានជ័យដែលបង្ក្រាបបានកាលពីថ្ងៃទី ៥ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅចំណុចស្រុកព្រះនេត្រព្រះ។
លោកបានបញ្ជាក់ថា សត្វអណ្ដើក ដែលត្រូវបានដោះលែងចំនួន១៣០ក្បាល គឺជាសត្វអណ្ដើក ដែលឈ្មួញនាំចូលពីប្រទេសថៃ ហើយនាំទៅខេត្តសៀមរាប និងភ្នំពេញ។ កន្លងមកមន្ត្រីជំនាញសហការជាមួយកងកម្លាំង បង្ក្រាបសត្វព្រៃបាន៥ករណី ក្នុង១ករណីមិនតិចជាង១០០ទៅ៥០០ក្បាល ដែលសហការជាមួយកម្លាំងវ៉ៃអ៊ែក។
លោកឃូរ ពៅ អភិបាលស្រុកព្រះនេត្រព្រះបានបញ្ជាក់ថា ក្រោយពេលដែលកម្លាំងកងរាជអាវុធហត្ថសហការជាមួយមន្ត្រីមេព្រៃបង្ក្រាបបទល្មើសសត្វព្រៃចាប់បានសត្វអណ្តើតពីឈ្មួញនាំចូលពីប្រទេសថៃនោះ ត្រូវបានលោក ប៉ាង វណ្ណាសេដ្ឋ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យដឹកនាំមន្ត្រីជំនាញរួមជាមួយកងកម្លាំងនាំយក ដោះលែងនៅតំបន់អភិរក្សអូររន្ទះបាញ់ស្ថិតស្រុកព្រះនេត្រព្រះ។
លោកបានបញ្ជាក់ថា តំបន់អភិរក្សអូររន្ទះបាញ់ ត្រូវបានអភិរក្សសហគមន៍ជាច្រើនឆ្នាំមកហើយដែលមានទំហំ១០ហិកតា ហើយត្រូវបានដោះលែងសត្វអណ្តើកដែលបង្ក្រាបបាន ក្នុងនោះអាជ្ញាធរស្រុកសុំឲ្យមន្ត្រីរដ្ឋបាលជនផលព្រះនេត្រព្រះ ត្រូវការពារឲ្យបាននូវតំបន់អភិរក្សអូររន្ទះបាញ់៕
Source: Kampuchea Thmey Daily
0 Comments