បាត់ដំបង ៖ បុរសម្នាក់ ត្រូវបានកម្លាំងទឹកអូរដែលកំពុងហូរខ្លាំង កួចលិចទៅបាត់រាប់ម៉ោង បណ្ដាលអោយស្លាប់យ៉ាងអាណោចអាធ័ម ខណៈដែលបុរសរូបនេះបានធ្វើអោយ ខ្សែភ្លើងជ្រុះធ្លាក់ទៅក្នុងទឹកអូរនោះ ហើយគេក៏បានចុះទៅរាវរកទាំងស្ថានភាពស្រវឹងជោកជាំផង។
ករណីលង់ទឹកស្លាប់នេះ បានកើតឡើងនៅវេលាម៉ោង ១២និង៣០នាទីថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ ត្រង់ចំណុចអូរមួយកន្លែង ក្នុងភូមិស្ពង់ ឃុំអន្លង់វិល ស្រុកសង្កែខេត្តបាត់ដំបង ដែលជនរងគ្រោះមានឈ្មោះ ផុន វុទ្ធី ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរជាកម្មករ រស់នៅភូមិតាថុក ឃុំធិបតី ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។
បើតាមសាក្សីបាននិយាយថា នៅមុនពេលកើតហេតុ គឺជនរងគ្រោះបានមកលេងជាមួយគ្នីគ្នាត្រង់ចំណុចខាងលើ ព្រមទាំងបានបើកវង់ផឹកស៊ីយ៉ាងស្រវឹងដាបម្នាក់ៗផង។ នៅពេលនោះដែរ ក្រោយពីបានបញ្ចប់ការផឹកស៊ី ជនរងគ្រោះបានឌុបគ្នាវិលត្រឡប់ទៅផ្ទះវិញ ដែលក្នុងនោះជនរងគ្រោះក៏បានដឹកខ្សែភ្លើងមួយដុំទៅជាមួយផង។
ប្រភពដដែលបានបន្ថែមថា ក្នុងការធ្វើដំណើរនៅលើម៉ូតូ ជនរងគ្រោះបានប្រលែងគ្នា ទើបធ្វើអោយដុំខ្សែភ្លើងធ្លាក់ចូលទៅក្នុងទឹកអូរ ដែលនៅចំណុចនោះ កម្លាំងទឹកក៏កំពុងកួចខ្លាំង ដោយសារទឹកជន់ ប៉ុន្តែជនរងគ្រោះនៅតែមានះ ចុះទៅហែលរាវរក ធ្វើអោយខ្សែទឹកកួចលិចទៅបាត់ទើបមានការឆោឡោឡើង។
ទោះបីជាអ្នកភូមិ និងសមត្ថកិច្ចនាំគ្នាដាក់កម្លាំងចុះរកសពយ៉ាងណាក៏ដោយ ក៏មិនមាននរណាម្នាក់រកឃើញដែរ រហូតដល់ម៉ោង ៤ និង ៣០ នាទី ល្ងាច ថ្ងៃ ដដែល ទើបគេបានប្រទះឃើញសព ដោយបច្ចុប្បន្ន ត្រូវបានបងប្អូនដឹកយកទៅធ្វើបុណ្យតាមប្រពៃណីហើយ៕
Source: Kampuchea Thmey Daily
0 Comments