Ad Code

សម្ពោធ​រឿង "សង្គ្រាម​បងប្អូន" ចាក់​បញ្ចាំង​នៅ​គ្រប់​រោង​ទំនើប​នៅ​ថ្ងៃទី​៩​ខែសីហា (Video)

ភ្នំពេញ ៖ ខ្សែភាពយន្ត​ខ្នាត​ធំ​រឿង “សង្គ្រាម​បងប្អូន” ដែល​សហការ​ផលិត​ដោយ​ទូរទស្សន៍​CTN និង​បណ្តាញ​ផ្សព្វផ្សាយ​GMA7​របស់​ប្រទេស​ហ្វីលីពីន​បាន​ប្រកាស​សម្ពោធ​ដាក់​បញ្ចាំង​កាលពី​ថ្ងៃទី​៧​សីហា​នេះ​នៅ​រោងភាពយន្ត Legend ផ្សារ​ទំនើប​TK Avenue ជាមួយនឹង​វត្តមាន​តារា​សម្តែង​ជាតិ​និង​អន្តរជាតិ​ជាច្រើន។ ខ្សែភាពយន្ត​នេះ​ចាប់​បញ្ចាំង​នៅ​កម្ពុជា​គ្រប់​រោងភាពយន្ត​ពី​ថ្ងៃ​ទី​៩​សីហា​នេះ​មុនពេល​ចាក់​បញ្ចាំង​នៅ​រោងភាពយន្ត​នៅ​ប្រទេស​ហ្វីលីពីន​និង​ប្រទេស​ជាច្រើន​ទៀត។

តារា​សម្តែង​ខ្មែរ​សំខាន់ៗ​នៅក្នុង​រឿង “សង្គ្រាម​បងប្អូន” មាន​លោក ខាត់ វ៉ៃ​ហាំង កញ្ញា ថន ស្រី​ណៃ លោក​ទេព​រិន្ទ​ដា​រ៉ូ រីឯ​តារា​សម្តែង​ល្បីឈ្មោះ​មកពី​ហ្វីលីពីន​ដែល​បាន​ចូលរួម​សម្តែង​ក្នុង​រឿង​នេះ​មាន​លោក Mikael Daez និង​កញ្ញា Andrea Torres បាន​ចូលរួម​ពិធី​សម្ពោធ​ដាក់​បញ្ចាំង​នេះ​ដោយ​អម​ជាមួយនឹង​ការ​ធ្វើ​ដំណើរ​លើ​កម្រាលព្រំ​ពណ៌​ក្រហម​អប​ដោយ​រថយន្ត​ទំនើបៗ​ដែល​បង្កើត​ឲ្យ​មានការ​ចាប់អារម្មណ៍​ខ្លាំង​។ ខ្សែភាពយន្ត​នេះ​ដឹកនាំ​សម្តែង​ដោយ​លោក Ken Simpson ជនជាតិ​កាណាដា​និង​ផលិត​ដោយ​ផលិតកម្ម​ភូមិ​ពេជ្រ​ភាពយន្ត។

លោក ដើ​ង ពុទ្ធ​ពណ៌​ចាងហ្វាង​ផលិតកម្ម​ភូមិ​ពេជ្រ​ភាពយន្ត​បាន​បញ្ជាក់​ថា “សង្គ្រាម​បងប្អូន” បាន​បង្កើត​ឲ្យ​មានការ​ចាប់អារម្មណ៍​ថ្មី​សម្រាប់​អ្នកទស្សនា​ព្រោះតែ​សាច់រឿង​ថ្មី​ប្លែង​មិន​ធ្លាប់​មាន រួម​ទាំង​បច្ចេកទេស​ផលិត​ខ្ពស់ និង​តារា​សម្តែង​នៃ​ប្រទេស​ហ្វីលីពីន និង​កម្ពុជា​បាន​ចូលរួម​សម្តែង​ជាមួយគ្នា។

លោក​ថា ក្រោយពី​ដាក់​បញ្ចាំង​នៅ​កម្ពុជា​រយៈពេល​១៥​ថ្ងៃ​ខ្សែភាពយន្ត​នេះ​នឹង​នាំ​យក​ទៅ​បញ្ចាំង​នៅ​រោងភាពយន្ត​ប្រទេស​ហ្វីលីពីន និង​ប្រទេស​មួយ​ចំនួន​ទៀត​ដែល​បណ្តាញ​ផ្សព្វផ្សាយ​GMA7​របស់​ប្រទេស​ហ្វីលីពីន​បាន​សហការ​ជាមួយ។ លោក​ថា វា​គឺជា​ក្តី​ស្រមៃ​របស់លោក​និង​សិល្បករ​ដទៃទៀត​ដែល​ចង់​ឃើញ​វត្តមាន​ខ្សែភាពយន្ត​ខ្មែរ និង​ទិដ្ឋភាព​នៃ​ប្រទេស​កម្ពុជា​ត្រូវ​បាន​ផ្សព្វផ្សាយ​ចេញទៅ​បរទេស​។ លោក​បញ្ជាក់​ថា ខ្សែភាពយន្ត​នេះ​បាន​បង្ហាញ​ពី​ការ​ប្រយុទ្ធ​គ្នា​រវាង​បងប្អូន​ពី​រូប​ដែល​មាន​ឪពុក​តែមួយ​ម្តាយ​ផ្សេងគ្នា​មានការ​ប៉ះទង្គិច​គ្នា​រវាង​ស្នេហា​និង​ការ​ប្រយុទ្ធ​របស់​អ្នក​ទាំងពីរ​។ ពិសេស​រឿង​នេះ​បាន​បង្ហាញ​ពី​សិល្បៈ​នៃ​ការ​ប្រយុទ្ធ​ក្បាច់​គុណ​ល្បុក្កតោ​ខ្មែរ​ផង​ដែរ​។

លោក​រំពឹង​ថា ខ្សែភាពយន្ត​ដែល​សហការ​ផលិត​ជា​ទ្រង់ទ្រាយ​ធំ​ខ្នាត​អន្តរជាតិ​នេះ​នឹង​ទទួលបាន​ការ​គាំទ្រ​ច្រើន​ពី​ទស្សនិកជន​ទាំង​ក្នុង​នឹង​ក្រៅ​ស្រុក​។ លោក​ទេព រិន្ទ ដា​រ៉ូ​ដែល​ជា​តួអង្គ​សំខាន់​ក្នុង​ខ្សែភាពយន្ត​នេះ​បាន​បញ្ជាក់​ថា លោក​រីករាយ​ដែល​ខ្សែភាពយន្ត​សហការ​ផលិត​រវាង​កម្ពុជា​និង​ហ្វីលីពីន​បានសម្រេច​ជា​ផ្លែផ្កា​ជាមួយនឹង​គុណភាព​ខ្ពស់។

លោក​បញ្ជាក់​ដែរ​ថា ការ​សម្តែង​ជាមួយនឹង​អ្នកដឹកនាំ​រឿង​ជនជាតិ​កាណាដា​នេះ​បាន​ផ្តល់​ឲ្យ​លោក​នូវ​សមិទ្ធផល​មួយ​ធំ​ថ្មី​បន្ថែម​ទៀត​សម្រាប់​រូបលោក​។ លោក Mikael Daez និង​កញ្ញា Andrea Torres​បាន​ថ្លែង​ដូចគ្នា​អំពី​បទពិសោធន៍​ថ្មី​ដ៏​ល្អ​សម្រាប់​ការ​សម្តែង​រួម​ជា​មួយ​សិល្បករ​កម្ពុជា ហើយ​លោក​បាន​ថ្លែងអំណរគុណ​ចំពោះ​អ្នកគាំទ្រ​ពួកគេ​នៅ​កម្ពុជា ហើយ​ពួកគេ​រំពឹង​ថា នឹង​មាន​កិច្ចសហការ​ថត​ខ្សែភាពយន្ត​ថ្មី​បន្ត​ទៀត​បន្ទាប់ពី​ខ្សែភាពយន្ត​នេះ​៕



សម្ពោធ​រឿង "សង្គ្រាម​បងប្អូន" ចាក់​បញ្ចាំង​នៅ​គ្រប់​រោង​ទំនើប​នៅ​ថ្ងៃទី​៩​ខែសីហា (Video)

Post a Comment

0 Comments

Close Menu