Ad Code

ប្រទះឃើញ​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ ដែល​នៅ​សេសសល់​ពី​សម័យ​សង្គ្រាម



បាត់ដំបង​ ៖ ​គ្រាប់រំសេវ​ ដែល​នៅ​សេសសល់​ពី​សម័យ​សង្គ្រាម​ចំនួន​៤​ប្រភេទ​ ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះឃើញ​នៅក្នុង​គុម្ពោត​ព្រៃ លើ​ដី​ចំការ​របស់​ពួកគាត់ ដែល​គ្រាប់​ទាំងនេះ​ ត្រូវបាន​គេ​អះអាងថា​អាច​មានការ​លាក់​ទុក​តាំង​ពី​សម័យមុន​មក​ម្ល៉េះ​ ហើយក៏​អាច​សម្លាប់​ជីវិត​មនុស្ស​បានដែរ ប្រសិនបើ​យើង​យក​វា​ទៅ​កែច្នៃ​ធ្វើ​អ្វីមួយ។

ការ​ប្រទះ​ឃើញ​គ្រាប់​មិនទាន់​ផ្ទុះ​នេះ​ គឺ​នៅ​វេលា​ម៉ោង​៨​និង​៣០​នាទី ​ ថ្ងៃទី​២២ ​ខែ​សីហា​ ឆ្នាំ​២០១៨ ត្រង់​ចំណុច​ ជំនាប់​ទឹក​ចេញ ក្នុងភូមិ​រូង​១ ​ឃុំ​​ព្រៃ​ត្រឡាច ស្រុក​រុក្ខគិរី ខេត្ត​បាត់ដំបង ដោយ​ម្ចាស់​ចំការ​នោះ​មានឈ្មោះ ជឿន លំ​អាន ភេទ​ស្រី អាយុ ៣៨ ឆ្នាំ មុខរបរ​ធ្វើ​ចំការ រស់នៅ​ភូមិ​ព្រៃ​ខ្លូត ឃុំ​ព្រៃ​ត្រឡាច ស្រុក​រុក្ខ​គិរី ។​

​បើតាម​ការរៀបរាប់​ពី​ស្ត្រី​ដែលជា​ម្ចាស់​ចំការ​នោះ បាន​លើកឡើងថា នៅក្នុង​ខណៈ​ដែល​គាត់​កំពុង​កាប់​ឆ្ការព្រៃ​លើដី​ចំការ​របស់គាត់ ក៏​ស្រាប់តែ​គាត់​បាន​ប្រទះឃើញ​គ្រាប់​ទាំងនេះ​នៅក្នុង​គុម្ពោត​ព្រៃ ទើប​គាត់​បាន​រាយការណ៍​ទៅ​កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍ អោយ​ចុះទៅ​ត្រួតពិនិត្យ។

ក្រោយពេល​ពិនិត្យ សមត្ថកិច្ច​បាន​និយាយ​ថា គ្រាប់​ទាំងនេះ​មាន​៤​ប្រភេទ​គ្រាប់ គឺមាន​គ្រាប់ បេ ៤០ ចំនួន ១ គ្រាប់ គ្រាប់ផ្លោង ទំហំ ៦០ មិល្លីម៉ែត្រ ចំនួន ១ គ្រាប់ គ្រាប់​ផ្លោង​ទំហំ ៨០ មិល្លីម៉ែត្រ ចំនួន ១ គ្រាប់ និង​គ្រាប់ អឹម ៧៩ ចំនួន ១ គ្រាប់ ដោយ​ភ្លាមៗ​នោះ​មិនទាន់មាន​នរណាម្នាក់​ហ៊ាន​ប៉ះពាល់​ទេ ដោយ​កម្លាំង​បាន​រាយការណ៍​ទៅ​ផ្នែក​ជំនាញ​ស៊ីម៉ាក់​អោយមក​ទទួល​យកទៅរក្សា​ទុក​ធ្វើការ​កម្ទេចចោល៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu