Ad Code

បារមី​ ចូល​រូប ​វាយ​អោយ​ខ្មោច​ចេញ​រហូត​ដល់​អ្នកជំងឺ​ដាច់ខ្យល់​ស្លាប់



ស្ទឹងត្រែង ​៖ ​ស្ត្រី​ជា​គ្រូ​ចូល​រូប​ម្នាក់​ថា​មាន​បារមី​ខ្លាំងពូកែ​អះអាង​ថា ​ខ្លួន​ជា​អ្នក​ល្បី​ខាង​ដេញ​ខ្មោច​បាន​ជាន់ក​វាយ​អ្នកជំងឺ​នឹង​មោង​ឫស្សី​អោយ​ខ្មោច​ចេញ​រហូតដល់​អ្នកជំងឺ​ដាច់ខ្យល់​ស្លាប់។

ហេតុការណ៍​នេះ​ បានកើត​ឡើង​នៅ​ម៉ោង 16 ល្ងាច​ ថ្ងៃទី 21​ ខែ​សីហា ​ស្ថិតនៅ​ក្នុងភូមិ​ឆ្វាំង ឃុំ​សំអាង ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង។

កូនស្រី​របស់​ជនរងគ្រោះ​ឈ្មោះ​ស៊ឹម អូន​បាន​និយាយ​ថា ​ម្ដាយ​របស់​នាង ​ដែល​ត្រូវ​បាន​គ្រូ​ដេញ​ខ្មោច​ចូល ​វាយ​រហូតដល់​ស្លាប់​នោះ​ មានឈ្មោះ​ឡុង សែម ភេទ​ស្រី អាយុ​៦៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ស្រម៉ ឃុំ​ទឹក​ជ្រៅ ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ។ ចំណែក​គ្រូ​ចូល​រូប​មាន​ឈ្មោះ ឈន់ ភេទ​ស្រី​(​ជា​គ្រូ​ចូល​រូប​) ប្តី​ឈ្មោះ ស៊ុ ស្រុង មាន​ទីលំនៅ​ក្នុងភូមិ​ឆ្វាំង ឃុំ​សំអាង ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង។

កូនស្រី​របស់​ជនរងគ្រោះ​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា​ មុន​ពេល​កើតហេតុ​រូប​ខ្លួន​បាន​យក​ម្តា​យ​មក​ព្យាបាល​ជំងឺ​​នឹង​គ្រូ​ចូល​រូប​នេះ ដោយ​ម្តាយ​ខ្លួន​មាន​ជំងឺ​ក្តៅ​រោលរាល និង​ឈឺ​សន្លាក់ជើង​។​ បន្ទាប់ពី​គ្រូ​មាន​បារមី​ចូល​ហើយ បាន​យក​មោង​ឬ​ស្សី ប្រហែល​ប៉ុនកដៃ​ប្រវែង​ប្រហែល​១​ម៉ែត្រ មក​វាយ​ជនរងគ្រោះ​ដោយ​គ្រូ​សួរ​ថា​ឯង​ជា​អ្នកណា​ឆ្លើយ​ប្រាប់​អញ​មក បើ​មិន​ឆ្លើយ​ប្រាប់​អញ​ទេ និង​មិន​ព្រម​ចេញពី​អ្នកជំងឺ​ទេ​ អញ​នឹង​វា​ឯង​រហូតដល់​ស្លាប់។

កូនស្រី​ជនរងគ្រោះ​បាន​បន្តថា​ ពេលនោះ​ម្ដាយ​របស់​នាង​បាន​ស្រែកថា​អញ​ឈឺ​ណាស់​ឈឺ​ណាស់​អញ​មិនដឹង​ទេ។ ​ដោយ​ជនរងគ្រោះ​ឆ្លើយថា​អញ​មិនដឹង​ទេនោះ ​គ្រូ​ចូល​ខ្មោច​ បាន​បន្ត​វាយ​ខ្លាំង​ទៅៗ​ថែមទាំង​ឲ្យ​ប្តី​ឈ្មោះ​ស៊ុំ ស្រុង ជួយ​ចាប់​និង​អូស​ជនរងគ្រោះ​មក​​​មាត់​បង្អួច​ជាន់​.​ក ឲ្យ​ប្រពន្ធ​វាយ​បន្ត​រហូតដល់​បាត់​មាត់​បាត់​ក។

ដោយ​ឃើញ​សភាព​ជនរងគ្រោះ​បាត់​មាត់ គ្រូ​និង​ប្តី​បាន​ចុះមក​ដី ហើយ​ប្រាប់​ទៅ​កូន​ជនរងគ្រោះ​ថា​ខ្លួន​ទៅ​បត់ជើង​សិន ម៉ោង​៨​គាត់​ដឹងខ្លួន​ហើយ ​តែ​តាម​ការពិត​គ្រូ​ចូល​ខ្មោច​ដ៏​ល្បី​នោះ​ រំដោះខ្លួន​រត់គេច​ពី​ការ​វាយ​ជនរងគ្រោះ​រហូតដល់​ស្លាប់​សោះ។

កូនស្រី​បន្តថា ​ដោយ​បាត់​គ្រូ​យូរ​ពេក កូន​បានមក​មើល​ម្តាយ​ស្រាប់តែ​ម្ដាយ​របស់ខ្លួន​បាន​ដាច់ខ្យល់​ស្លាប់បាត់​ទៅហើយ​។ ​បន្ទាប់ពី​មាន​ហេតុការណ៍​កើតឡើង​ត្រូវបាន​ក្រុមគ្រួសារ​ជនរងគ្រោះ​ ប្រាប់​ដល់​សមត្ថកិច្ច​ចុះ​មកដល់​កន្លែង​កើតហេតុ​ធ្វើ​កោសល្យវិច័យ​ពិនិត្យ​ទៅលើ​ជនរងគ្រោះ​ឃើញថា​ជនរងគ្រោះ​បាន​ស្លាប់​ដោយសារ​មាន​ជំងឺ​និង​ការ​វាយ​ជាន់ក​បន្ថែម​ទើប​ជនរងគ្រោះ​ដាច់ខ្យល់​ស្លាប់​។​

បច្ចុប្បន្ន​សព​ជនរងគ្រោះ​ត្រូវបាន​ប្រគល់​ឲ្យ​ក្រុមគ្រួសារ​ជនរងគ្រោះ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។​ចំណែក​ជនសង្ស័យ​ទាំងពីរ​នាក់​ប្ដី​ប្រពន្ធ​ជា​គ្រូ​ចូល​ខ្មោច​ដែល​បាន​រត់​គេចខ្លួន​​សមត្ថកិច្ច​កំពុងតែ​ធ្វើការ​ស្រាវជ្រាវ​ដើម្បី​តាម​ចាប់ខ្លួន​យក​មក​ផ្តន្ទាទោស​ទៅតាម​ផ្លូវច្បាប់៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu