Ad Code

សមត្ថកិច្ច​បាន​ដកហូត​ដាវ​សាំ​ម៉ូ​រ៉ៃ កាំបិត ពូថៅ រាប់​សិប​ដើម ក្នុង​រយៈពេល​១​ខែ​នៅ​ទូទាំង​ខេត្ត​


កំពង់ឆ្នាំង ៖ នៅក្នុង​ការ​ពង្រឹង​ការ​អនុវត្តន៍​គោលនយោបាយ​ភូមិ​/ឃុំ​មាន​សុវត្ថិភាព​រយៈពេល​១​ខែ គិត​ពី​ថ្ងៃទី​១០ ខែវិច្ឆិកា ដល់​ថ្ងៃទី​០៧ ខែធ្នូ ឆ្នាំ​២០១៤ ការិយាល័យ​គ្រប់គ្រង​អាវុធ​ជាតិ​ផ្ទុះ នៃ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង បាន​ធ្វើការ​ត្រួតពិនិត្យ​ដកហូត​បាន​នូវ​ប្រភេទ​អាវុធ​ដាក់​តាម​ខ្លួន​មួយ​ចំនួន​ដូចជា កាំបិត ដាវ ពូថៅ កន្ត្រៃ ច្រវាក់ ចំពាម​រាប់​សិប​ដើម​ពី​អ្នក​ដើរលេង​ពេលយប់។​

លោក កែវ ឈុន នាយការិយាល័យ​គ្រប់គ្រង​អាវុធ​ជាតិ​ផ្ទុះ​បាន​និយាយ​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០១៤ ថា ក្នុង​របាយការណ៍​បូក​សរុប​របស់​ការិយាល័យ​គ្រប់គ្រង​អាវុធ​ជាតិ​ផ្ទុះ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ចាប់ពី​ថ្ងៃ​ទី​១០ ខែវិច្ឆិកា រហូតដល់​ថ្ងៃទី​០៧ ខែធ្នូ ឆ្នាំ​២០១៤​នេះ កម្លាំង​ចម្រុះ​បាន​ចុះ​ចល័ត​ត្រួតពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ​ពេលយប់​បាន​ចំនួន​៨៤​លើក ជា​លទ្ធផល​គឺ​ដកហូត​បាន ដាវ​សាំ​ម៉ូ​រ៉ៃ ចំនួន​១៦​ដើម​,​កាំបិត​ប៉ាំងតោ​៣,​កាំបិត​ស្នៀត​២,​កាំបិត​ចិត្ត​បន្លែ​៨,​កាំបិត​ត្នោត​៣,​កាំបិត បន្ទុះ​១,​កាំបិត​ចំពុះ​ទង់​៣,​កណ្ដៀវ​២,​ចំពាម​កៅស៊ូ​៨,​កន្ត្រៃ​១០, ច្រវាក់​៩, ស្នាប់ដៃ​៥,​ដែក បំពង់​ទីប​២,​ដែក​ស្រួច​១,​បំពង់​ពីរ​កំណាត់​១ ព្រមទាំង​ឃាត់ខ្លួន​ជនសង្ស័យ​ប្រើប្រាស់​ថ្នាំញៀន​បាន​ចំនួន​២​នាក់ និង​ដកហូត​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក​បាន​ចំនួន​២​កញ្ចប់​តូច​, ម៉ូតូ​១​គ្រឿង​,​ទូរស័ព្ទ​ដៃ​៣​គ្រឿង ,​ប្រគល់​ជូន​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ចាត់ការ​បន្ត។
ក្នុង​ពេល​ប្រតិបត្តិការ​ត្រួតពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ កម្លាំង​ចម្រុះ​បាន​ដក​នូវ​អាវុធ​ទាំងនេះ​ពីក្រោម​គោយន្ត ក្រោម​កែបម៉ូតូ ដែល​ពួកគេ​បាន​ដាក់​តាម​សំរាប់​តតាំង​ជាមួយ​គូ​ជំលោះ​របស់​ខ្លួន​នៅពេល​មាន​ទំនាស់​ក្នុង​ពិធី​រាំ​ធុងបាស ពិធី​បុណ្យទាន និង​ការ​ប្រគំ​តន្ត្រី​ជាដើម។​
ក្រោយពី​មានការ​ត្រួតពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ​ពេលយប់​ជាប្រចាំ​រួចមក គេ​សង្កេត​ឃើញ​ថា​ ករណី​បទល្មើស​ដែល​ស្ដែង​ចេញពី​អំពើ​ហិង្សា​មានការ​ថយ​ចុះ​គួរ​ឲ្យ​កត់សម្គាល់។ សន្តិសុខ​សុវត្ថិភាព​នៅ​គ្រប់​មូលដ្ឋាន គឺជា​កត្តាចាំបាច់​បំផុត​សំរាប់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ ដែល​ចាំបាច់​ស្នងការ​ដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង​បាន​សហការ​ជាមួយ​បញ្ជា​ការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត នឹង​នៅតែ​បន្ត​ចុះ​ត្រួតពិនិត្យ​នៅ​តាម​គោលដៅ​ជាច្រើន​ទៀត ដើម្បី​រឹត​បណ្ដឹង​ក្នុង​ការ​រក្សា​សន្តិសុខ សុវត្ថិភាព​ក្នុង​មូលដ្ឋាន​ក្រុង​កំពង់ឆ្នាំង ដោយ​បង្កើន​ការ​ចុះ​ត្រួតពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ​ទៅលើ​គ្រប់​មធ្យោបាយ​គ្រប់​ប្រភេទ ដែល​ធ្វើដំណើរ​នៅ​ពេលយប់ និង​ដកហូត​អាវុធ​ដែល​មាន​គ្រោះថ្នាក់​ដល់​មនុស្ស៕
( ឈៀង ថា​រិ​ទ្ធ )

Post a Comment

0 Comments

Close Menu