Ad Code

ខែ​មករា​ជា​ខែ​ថ្មី​នៃ​ក្តី​សង្ឃឹម​របស់​ពលរដ្ឋ​ខ្មែរ​គ្រប់រូប

ខែ​មករា​គឺជា​ខែ​ទី​១​នៃ​ឆ្នាំ​ ហើយក៏​ជា​ខែ ដែល​បញ្ជាក់​ថា​ឆ្នាំ​ថ្មី​មកដល់​ហើយ និង​បាន​បញ្ជាក់​ថា​ក្តីសង្ឃឹម​ថ្មី​ក៏​មកដល់​ដែរ​។ មិន​ថាតែ​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ពិភពលោក ឬ​ប្រជាជន​ខ្មែរ​នោះទេ ប៉ុន្តែ​ពួកគេ​គ្រប់ៗ​គ្នា បាន​រំពឹង​ទុក​នូវ​ការមកដល់​នៃ​វត្តមាន​ខែ​ថ្មី ឬ​ឆ្នាំ​ថ្មី គ្រប់ៗ​គ្នា​។ ចំពោះ​ប្រជាពលរដ្ឋ​ខ្មែរ ខែមករា ឬ​ខែ​១​នៃ​ឆ្នាំ​ថ្មី រឹតតែ​សំខាន់​ណាស់ សម្រាប់​ជីវភាព​រស់នៅ​របស់​ពួកគាត់​។ ប្រជាពលរដ្ឋ​ខ្មែរ បាន​ចាត់ទុកថា​ខែមករា​គឺជា​ខែ ដែល​ផ្តល់នូវ​អ្វី​ថ្មីៗ​សម្រាប់​ពួកគាត់ ជាពិសេស​គឺ​ការ​មានជីវិត​ថ្មី​របស់​ពួកគាត់​។ តើ​ខែ​មករា​បានផ្តល់​អ្វីខ្លះ ដល់​ប្រជាពលរដ្ឋ​ខ្មែរ​?

កាលណា​គេ​និយាយ​ពី​ខែមករា គេ​ប្រាកដជា​នឹកឃើញ​ដល់​ថ្ងៃទី​៧ មករា​ឆ្នាំ​១៩៧៩ ដែល​ជា​ថ្ងៃមួយ​បាន​ផ្តល់​នូវ​កំណើត​ថ្មី ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ក្មេង​ចាស់​ប្រុស​ស្រី​។ ជីវិត​ថ្មី​ចាប់ផ្តើម​ឡើងវិញ នៅថ្ងៃនោះ ហើយ​ប្រជាពលរដ្ឋ​ប្រុស​ស្រី​ពិតជា​សប្បាយ​នឹង​ការ​រស់​រួច​ជីវិត​ពី​ការកាប់សម្លាប់​ដ៏​សាហាវយង់ឃ្នង​នៃ​របប​ប៉ុលពត​។ សេចក្តី​វេទនា សេចក្តី​ឈឺចាប់ ការរស់នៅ​ក្នុង​គុក​អត់​ជញ្ជាំង គ្មាន​បាយ​ហូប​គ្រប់គ្រាន់ គ្មាន​សម្លៀកបំពាក់​ស្អាត​ល្អ​ត្រឹមត្រូវ​។ ការរស់នៅ​ក្នុង​របប ដែល​ដឹកនាំ​ដោយ​ពួក​អង្គការ​អាវខ្មៅ គឺជា​ការរស់នៅ ដែល​រង់ចាំ​តែ​សេចក្តីស្លាប់​ពីមួយថ្ងៃ​ទៅមួយ​ប៉ុណ្ណោះ​។ គ្មាន​អ្នកណាម្នាក់​និយាយ​ពី​សេរីភាព ដែល​កើតមាន​ក្នុង​របប​នោះ​ទេ គ្មាន​ទេ​សេរីភាព​សារព័ត៌មាន គ្មាន​ទេ​អង្គការ​សិទ្ធិមនុស្ស គ្មាន​ទេ​សង្គម​ស៊ីវិល គ្មាន​ទេ​អ្នកធ្វើ​បាតុកម្ម​តាមផ្លូវ​ថ្នល់​។ ផ្ទុយទៅវិញ​អ្វី ដែល​មាន​គឺ​ការ​លីសែង ជីក​ទំនប់ទឹក និង​ហូប​ទឹក​បបរ។
អ្វីៗ​បាន​ប្រែប្រួល​គ្រប់យ៉ាង​ចាប់តាំងពី​ថ្ងៃទី​៧ ខែមករា​ឆ្នាំ​១៩៧៩ រហូតមកដល់​ថ្ងៃទី​៧​មករា ឆ្នាំ​២០១៥​។ បច្ចុប្បន្ន​នេះ កម្ពុជា​បាន​ក្លាយ​ខ្លួនជា​ប្រទេស​មួយ ដែល​កំពុង​អភិវឌ្ឍ​លើ​គ្រប់​វិស័យ និង​ជាពិសេស​គឺ​វិស័យ​អប់រំ និង​វិស័យ​ទេសចរណ៍ រួម​ទាំង​វិស័យ​សំខាន់ៗ​មួយ​ចំនួនទៀត ដែល​បានផ្តល់​ប្រភព​ចំណូល និង​ប្រភព​ធនធាន​ដ៏​សំខាន់​សម្រាប់​ប្រទេស​កម្ពុជា។
ក្រុមមនុស្ស​មួយចំនួន​បាន​ស្រែកថា​ប្រទេស​កម្ពុជា​ពុំមាន​សេរីភាព​សារព័ត៌មាន ឬ​សេរីភាព​បញ្ចេញមតិ​ដូច​ប្រទេស​ប្រជាធិបតេយ្យ​ផ្សេងៗ​ឡើយ​។ ការស្រែក​របស់​ពួកគេ​ប្រហែល​មិនបាន​មើលឃើញ​ពី​សកម្មភាព​របស់​រដ្ឋាភិបាល​ទេ​។ មិនបាន​មើល​ពី​សកម្មភាព​របស់​រដ្ឋាភិបាល​នៅត្រង់ថា​ពួកគេ​គ្មាន​បាន​លើក​យក​អំណះអំណាង​ត្រឹមត្រូវ​នឹង​ច្បាស់លាស់​នោះទេ​។ ពួកគេ​បាន​ចាត់ទុកថា​រដ្ឋាភិបាល​បាន​បិទ​សិទ្ធិ​បញ្ចេញមតិ​របស់​ពួកគេ ដោយសារតែ​ពួកគេ​បានឃើញ​រដ្ឋាភិបាល​ហាម​មិន​ឲ្យ​មានការ​តវ៉ា​នៅតាម​ផ្លូវថ្នល់​។ ប៉ុន្តែ​ពួកគេ​មិនបាន​មើលឃើញ​ពី​សកម្មភាព ឬ​ទង្វើ​របស់​ខ្លួនឯង ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិ​សេរីភាព​របស់​អ្នកដទៃ​ឡើយ​។ ជាក់ស្តែង​ដូចជា​ការ​តវ៉ា​បិទផ្លូវ​ជាដើម ពួកគេ​បានធ្វើ​ឲ្យ​មានការ​រំខាន​ដល់​មនុស្ស​ដទៃ​ច្រើនណាស់​។ តើ​សង្គម​ស៊ីវិល​មុននឹង​អះអាង​បែបនេះ គេ​បាន​គិត​ពី​រយៈពេល​៣០​ឆ្នាំ​កន្លងមក​ឬទេ​? តើ​កម្ពុ​ជាមាន​សិទ្ធិសេរីភាព​ប៉ុណ្ណា​ដែរ​?
ស្ពាន​ថ្នល់​សាលារៀន​របស់​រដ្ឋ​មាន​គ្រប់​ទីកន្លែង ហើយ​វា​បានផ្តល់​នូវ​លក្ខណៈ​ងាយស្រួល​ដល់​ប្រជាពលរដ្ឋ​បញ្ជូន​កូនចៅ​ទៅ​សាលារៀន ទៅ​មន្ទីរពេទ្យ ដែល​ចំណាយ​ថវិកា​តិច​។ ក្រុមមនុស្ស​មួយចំនួន​បាន​និយាយថា​ប្រព័ន្ធ​សុខាភិបាល​របស់​រដ្ឋ​បាន​យក​លុយ​ពី​ប្រជាពលរដ្ឋ ប៉ុន្តែ​តើ​មាន​ប្រទេស​ណា ដែល​ប្រព័ន្ធ​សុខាភិបាល​គេ​មិន​គិត​ប្រាក់​ពី​ប្រជាពលរដ្ឋ​? តួយ៉ាង​ដូចជា​ប្រទេស​ប៉ែក​អឺរ៉ុប​ជាដើម គេ​បាន​គិត​សេវា​សុខភាព​ដោយ​ភ្ជាប់​មក​ជាមួយ​នឹង​ពន្ធ​ជាស្រេច​ ហេតុដូច្នេះ​ទើប​ធ្វើ​ឲ្យ​ប្រព័ន្ធ​សុខាភិបាល​គេ​មិន​គិត​ប្រាក់​ច្រើន​ពី​ប្រជាពលរដ្ឋ​។ យ៉ាងណាមិញ ដោយសារតែ​អំណាច​ផ្ទាល់ខ្លួន ទើប​ក្រុម​មនុស្ស​មួយ​ចំនួន​នោះ​បាន​ពន្យល់​ថា​ស្រុក​គេ​ព្យាបាល​មិន​យក​លុយ ប៉ុន្តែ​ពួកគេ​មិន​បាន​គិត​ថា ប្រទេស​ផ្សេងៗ​ទាំង​នោះគេ​ដំឡើង​ពន្ធ ដើម្បី​បាន​ប្រាក់​ឧបត្ថម្ភ​មន្ទីរពេទ្យ​ទេ​។
បើ​គ្មាន​ថ្ងៃ​៧​មករា ប្រហែលជា​គ្មាន​ថ្ងៃ​នេះ​ដែរ​។ រហូតមកដល់​ពេលនេះ កម្ពុជា​បាន​កសាង​ខ្លួន​ក្លាយជា​ប្រទេស​កំពុង​អភិវឌ្ឍ​​មួយ ក្នុងចំណោម​ប្រទេស​ផ្សេងៗ​ទៀត ក្នុង​តំបន់ ហើយ​ក្នុង​ឆ្នាំ​២០១៥​នេះ កម្ពុជា រួម​ទាំង​ប្រទេស​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​នឹង​ធ្វើ​សមាហរណកម្ម​មួយ​។ នេះ​គឺជា​ផ្លែផ្កា​ថ្មី ក្រោម​ការដឹកនាំ​របស់​រដ្ឋាភិបាល​កម្ពុជា​។ ទាំងអស់​នេះហើយ គឺជា​ក្តីសង្ឃឹម​ថ្មី​របស់​ប្រជាពលរដ្ឋ​ប្រុស​ស្រី ដែល​ធ្លាប់​រស់នៅក្នុង​របប​គុក​អត់​ជញ្ជាំង ហើយ​ត្រូវបាន​គេ​ប្រមាថ​អាយុជីវិត​ជា​រៀងរាល់ថ្ងៃ​។​
ដូច្នេះ មនុស្ស​មួយចំនួន ដែល​រួច​រស់​ជីវិត​ឡើងវិញ មេត្តា​សម្លឹង​មើល​ពី​អតីតកាល​របស់ខ្លួន​ផង ថា​តើ​ខ្លួន​មាន​ប្រភព​មកពីណា​។ ការ​ភ្លេច​កំណើត​របស់ខ្លួន​គឺជា​រឿង​មួយ ដែល​មិនអាច​ទទួលយក​បានទេ​។ កំណើត​ប្រៀបបាន​នឹង​ការ​ចាប់ផ្តើម​នូវ​អ្វីៗ​ទាំងអស់ ហើយ​ការ​ភ្លេច​ពី​កំណើត​របស់ខ្លួន​ប្រៀប​បាន​នឹង​ការ​ភ្លេចគុណ​ឪពុកម្តាយ​ដូច្នេះ​ដែរ​។ អញ្ចឹង ប្អូនៗ​ជំនាន់​ក្រោយ ដែល​មិន​ធ្លាប់​ឆ្លងកាត់​នូវ​របប​វាល​ពិឃាដ មេត្តា​កុំ​ប្រមាថ​ឪពុកម្តាយ​ខ្លួនឯង ឬ​អ្នក​ដែលមាន​គុណ​ជួយ​ជីវិត​ឪពុកម្តាយ​របស់​ប្អូនៗ​គ្រប់គ្នា​៕

Post a Comment

0 Comments

Close Menu