Ad Code

​ចូល​ទិញ​ថ្នាំញៀន​នៅ​ម្តុំ​ពេទ្យលោកសង្ឃ ពេល​ចេញ​មក​វិញ​ក៏​ត្រូវ​សមត្ថកិច្ច​ចាប់​ឃាត់​ខ្លួន


ភ្នំពេញ ៖ បុរស​ក្មេងៗ​ចំនួន​ពីរ​នាក់ ត្រូវ​បាន​សមត្ថកិច្ច​នគរ​បាល​ខណ្ឌ​សែន​សុខ​ចាប់​ខ្លួន​ពី​បទ​ជាប់​ពាក់ព័ន្ធ​ទិញ និង​ប្រើប្រាស់​គ្រឿងញៀន កាលពី​ម៉ោង​ពី​ទៀបភ្លឺ​ឈាន​ចូល​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០១៤ នៅ​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុស្សី ស្ថិត​ក្នុង​ភូមិ​សេ​ប៉េសេ សង្កាត់​ទឹកថ្លា​ខណ្ឌ​សែន​សុខ។​
មន្ត្រី​នគរបាល​មូលដ្ឋាន​ប៉ុស្តិ៍​ទឹកថ្លា​បាន​ឲ្យ​ដឹង​ថា ការ​ឃាត់​ខ្លួន​ជន​ជាប់ចោទ​ទាំងពីរ​ធ្វើឡើង​ខណៈ​ពេល​ដែល​កម្លាំង​យាមល្បាត​បាន​ប្រទះ​ឃើញ​ពួកគេ​ជិះ​ម៉ូត​ចូលក្នុង​ភូមិ​ត្រពាំង​ឈូក​ រួច​ចេញ​មកវិញ​ដោយមាន​ការ​សង្ស័យ​ក៏​បោះដៃ​តាម​វិទ្យុ​ទាក់ទង​ឲ្យ​កម្លាំង​ផ្សេងៗ​ទៀត​ត្រៀម​ស្ទាក់​ឃាត់​សួរនាំ និង​ឆែកឆេរ​រក​ឃើញ​ថ្នាំ​មួយ​កញ្ចប់​តូច​នៅក្នុង​ហោប៉ៅ​របស់​ពួកគេ ទើប​ចាប់​ឃាត់ខ្លួន​បញ្ជូន​ទៅ​ទីស្នាក់ការ​ប៉ុស្តិ៍​តែម្តង ដើម្បី​សួរនាំ​។ តាម​ចម្លើយ​សារភាព​របស់​ពួកគេ​បាន​បញ្ជាក់​ថា ​ថ្នាំញៀន​មួយ​កញ្ចប់​នេះ​បាន​ទិញ​តម្លៃ៣០.០០០រៀល​ពី​មនុស្ស​ប្រុស​ម្នាក់​មិន​ស្គាល់ឈ្មោះ។​

ជនជាប់ចោទ​បាន​ប្រាប់​ថា ពួកគេ​ទាំងពីរ​នាក់ ឈ្មោះ ក​យ សារ៉ាត់ អាយុ​១៨​ឆ្នាំ មាន​ទីលំនៅ​ក្នុង​សង្កាត់​កា​កាប ខណ្ឌ​ពោធិ​សែន​ជ័យ និង​មានមុខ​របរ​ជា​អ្នក​ហៅភ្ញៀវ​ប្រចាំ​ហាង​ខារ៉ាអូខេ ពិភព​តារា នៅ​ផ្លូវ​២០០៤។ និង​ម្នាក់ទៀត​ឈ្មោះ​ លេង ពេជ្រ អាយុ​១៩​ឆ្នាំ ទីលំនៅ​និង​មុខរបរ​ដូចគ្នា។​
ជនជាប់ចោទ​ទាំងពីរ​នាក់​ ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ​បន្ត​ដើម្បី​ត្រៀម​បញ្ជូន​ទៅ​តុលាការ​វិនិច្ឆ័យ​ទោស៕
សឿន​

Post a Comment

0 Comments

Close Menu