Ad Code

ស្រវឹងស្រា​បង្ក​ទំនាស់​វាយតប់​គ្នា​ជាមួយ​អ្នកជិតខាង​បង្ក​ឱ្យ​មាន​របួស​ស្នាម ​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​


ភ្នំពេញ ៖ បុរស​ម្នាក់​ផឹកស្រា​ស្រវឹង​រួច​បង្ក​ទំនាស់​វាយតប់​ជាមួយ​អ្នកជិតខាង​បង្ក​ឱ្យ​មាន​របួស​ស្នាម​ ត្រូវ​បាន​សមត្ថកិច្ច​នគរ​បាល​ចាប់ខ្លួន​ភ្លាមៗ​ ក្រោយពេល​កើតហេតុ​បាន​បន្តិច កាលពី​វេលា​ម៉ោង​៧​កន្លះ​យប់ ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០១៤ នៅក្នុង​ភូមិ​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ។​

ជន​ដៃដល់​ប្រើ​ហិង្សា​ត្រូវ​បាន​ឃាត់ខ្លួន​ខាងលើ​ឈ្មោះ អឿន ភា​រិ​ទ្ឋ អាយុ​២៦ឆ្នាំ មុខរបរ​ជា​កម្មករ​សំណង់ មាន​ទីលំនៅ​ភូមិ​គោក​ឃ្លៀង ក្រុម​ទី​៨ សង្កាត់​ភ្នំពេញ​ថ្មី។ បើ​តាម​ការ​បំភ្លឺ​ពី​ភាគី​ខាង​ជនរងគ្រោះ​ឈ្មោះ ហេង បា​ប៊ី ភេទ​ប្រុស​អាយុ​២៨​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​ក្បែរ​គ្នា​ជាមួយ​ជន​បង្ក​បាន ប្រាប់​សមត្ថកិច្ច​ថា នៅ​មុន​ពេល​កើតហេតុ​ជន​បង្ក​ឈ្មោះ​ អឿន ភា​រិ​ទ្ឋ​ បាន​កំពុង​អង្គុយ​ផឹកស្រា​មុខ​ផ្ទះ​ជាមួយ​មិត្តភក្ដិ ក្រោយមក​ក៏​ងើប​ដើរមក​មុខ​ផ្ទះ​ ពេលនោះ​ប្រពន្ធ​របស់​ជនរងគ្រោះ​កំពុង​សា​សំលៀកបំពាក់​ដែល​ហាល​នៅមុខ​ផ្ទះ​ក៏​រលាស់​សារុង​ចំ​ក្បែរ​ជន​បង្ក​ដោយសារ​ពុំបាន​ដឹង​គាត់​ដើរមក​ក្បែរ ហើយក៏​បាន​ទំនាស់​គ្នា​ដោយ​ពាក្យសំដី ពេលនោះ​ជនរងគ្រោះ​ឃើញ​ចេញ​មក​សួរនាំ​ក៏​ឈាន​ទៅ​ប្រតាយប្រតប់​គ្នា​បណ្ដាល​ឲ្យ​ឈ្មោះ ​ហេង បា​ប៊ី​ រង​របួស​ធ្ងន់ធ្ងរ​ត្រង់​បរិវេណ​ក្បាល​ដេរ​ចំនួន​២០​ថ្នេរ​ ដោយសារ​ជន​ដៃដល់​វាយ​និង​ដុំឥដ្ឋ​ក្នុង​ពេល​វាយតប់​គ្នា​នោះ។​
ក្រោយ​កើតហេតុ​ក្រុម​គ្រួសារ​ជនរងគ្រោះ​បាន​មក​ប្ដឹង​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​ឲ្យ​ជួយ​អន្តរាគមន៍​ក៏​ឃាត់ខ្លួន​ជន​បង្ក​បាន​ភ្លាមៗ​នៅ​ក្បែរ​ផ្ទះ​លក់​ចាប់ហួយ​មួយ​ដែល​គេ​ព្យាយាម​ប៉ង​រត់​គេច​ខ្លួន៕ សឿន​

Post a Comment

0 Comments

Close Menu