ស្ទឹងត្រែង ៖ ប្រជាពលរដ្ឋនៅតាមបណ្តា ភូមិ ឃុំ ក្នុងខេត្តស្ទឹងត្រែង បានធ្វើការរិះគន់ទៅ លើមន្ត្រីបំរើផ្នែកសេវាសុខាភិបាលថា មិនបានបំពេញការងារជាអ្នកបំរើប្រជាពលរដ្ឋទេ ច្រើនយកម៉ោងធ្វើការរដ្ឋទៅប្រកបអាជីពនៅផ្ទះ ចោលកន្លែងធ្វើការធ្វើឲ្យអ្នកជម្ងឺ បាត់បង់ជំនឿទៅលើផ្នែកនេះ។
នៅក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា នៅខេត្តស្ទឹងត្រែងកន្លងមកថ្មីៗនេះ លោក ងិន ណារ៉េត នៅភូមិឃុំស្រែក្រសាំង ស្រុកសៀមបូក បានលើកឡើងថា ប្រជាពលរដ្ឋមានជម្ងឺនាំគ្នាទៅមណ្ឌលសុខភាព តែមន្ត្រីពេទ្យបំពេញភារកិច្ច ដើរចោលកន្លែងធ្វើការខ្វះការទទួលខុសត្រូវ ចង់ឲ្យលោកគ្រូពេទ្យគាត់ទទួលខុសត្រូវខ្លះ ព្រោះប្រជាពលរដ្ឋយើង បានមកមណ្ឌលសុខភាព ក៏ប៉ុន្តែរកគ្រូពេទ្យអត់ឃើញទេ បាទ។
លោក អ៊ុង សូវៀត ប្រធានមន្ទីរសុខាភិបាលខេត្តស្ទឹងត្រែង បានបញ្ជាក់ ថា បញ្ហាខាងលើនេះលោកធ្លាប់បានធ្វើការណែនាំដល់មន្ត្រីសុខាភិបាលរួចមកហើយដែរ តែភាពយឺតយ៉ាវ និងការដើរចោលកន្លែងនោះវាជារឿងបុគ្គលមួយចំនួនតែប៉ុណ្ណោះ ដែលមិនទទួលខុសត្រូវទៅលើភារកិច្ចរបស់ខ្លួន។
លោកប្រធានមន្ទីរបន្ថែមថា បញ្ហាទាំងនេះលោកនិងទទួលយកដើម្បីធ្វើការកែប្រែឡើងវិញរីឯចំណែកប្រជាពលរដ្ឋ បើជួបភាពអសកម្មណាមួយ ក៏ត្រូវរាយការណ៍មកមន្ទីរសុខាភិបាល ឲ្យបានឆាប់ដែរទទួលយកចំណុចខ្វះខាត ជាមួយហ្នឹងព័ត៌មានទាំងអស់ ទៅពិនិត្យមើលឡើងវិញនូវមន្ទីរពេទ្យរបស់យើង ហើយហ្នឹងធ្វើឲ្យមន្ទីរពេទ្យរបស់យើងឲ្យប្រសើរឡើង ហើយជាសំណូមពររបស់ខ្ញុំ សុំឲ្យបងប្អូនប្រជាពលរដ្ឋ ទាំងអស់មានបញ្ហាដែលទាក់ទងហ្នឹងក្រមសីលធម៌វិជ្ជាជីវៈ របស់ពេទ្យមានបញ្ហាមិនប្រក្រតី នៅក្នុងមន្ទីរពេទ្យសុំឲ្យបងប្អូនរាយការណ៍ជូនជាបន្ទាន់បុគ្គលិកមន្ត្រីទាំងអស់ មានស្លាក់ឈ្មោះទាំងអស់ អត់ពិបាកទេបុគ្គលណាធ្វើមិនល្អ បុគ្គលណាធ្វើខុសរាយការណ៍ជូនមកខ្ញុំ ថ្នាក់ដឹកនាំមន្ទីរពេទ្យមកយើងអាចកឬលំអបាន។
សូមបញ្ជាក់ថា នៅខេត្តស្ទឹងត្រែងមានមន្ទីរពេទ្យបង្អែកចំនួនមួយ និងមណ្ឌលសុខភាពចំនួន១២នៅតាមបណ្តាឃុំ សង្កាត់ និងឃុំមួយចំនួនទៀត មិនទាន់មាននៅឡើយទេ ចំណែកនៅមន្ទីរពេទ្យបង្អែកខេត្ត ក៏ខ្វះការយកចិត្តទុកដាក់ព្យាបាលជម្ងឺជូនប្រជាបលរដ្ឋដែរ ជាក់ស្តែងកាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៤ កុមារឈ្មោះចាន់ ឌីណា អាយុ១២ឆ្នាំម្នាក់ នៅភូមិព្រៃចាស់ សង្កាត់សាមគ្គី គ្រោះថ្នាក់ចរាចរណ៍បាក់ជើង ទុករហូតដល់ស្លាប់នៅលើឡានពេទ្យ ដែលបំរុងបញ្ជូនទៅខេត្តសៀមរាប៕

0 Comments