Ad Code

សង្កាត់​សាមគ្គី​បង្កើត​ឲ្យ​មាន​ប្រជា​ការពារ​ចំនួន​១៣០​នាក់​


ស្ទឹងត្រែង ៖ សង្កាត់​សាមគ្គី​ក្រុង​ខេត្តស្ទឹងត្រែង​បង្កើត​ឲ្យ​មាន​អ្នក​ប្រជា​ការពារ​ចំនួន​១៣០​នាក់​នៅក្នុង​សង្កាត់ សំរាប់​បំរើ​ឲ្យ​ការងារ​សន្តិសុខ ដោយសារ​កន្លងមក​កំលាំង​សកត្ថ​កិច្ច​ប៉ុស្តិ៍ មាន​គ្នា​តិច​ភូមិសាស្ត្រ​ធំ​បទល្មើស​កើតឡើង ចាត់វិធានការ​មិនបាន​ធ្វើអោយ​ប្រជាពលរដ្ឋ នៅក្នុង​ភូមិ​សង្កាត់​ការ​ភ័យព្រួយ​ពី​សុវត្ថិភាព​រស់នៅ។

ក្នុង​កម្មវិធី​ចែក​អាវ​ជូន​ប្រជា​ការពារ នៅ​វត្ត​ជោ​ត្តិ​ញ្ញា​រាម​(​ហៅ​វត្ត​គីឡូ​៨)​ស្ថិតក្នុង​ភូមិ​គីឡូ​៨​សង្កាត់​សាមគ្គី ​ក្រុង​ស្ទឹងត្រែង​ថ្មីៗ​នេះ លោកស្រី​វ៉ន ប៊ុនលី ជា​ចៅសង្កាត់​លើក​ថា សង្កាត់​សាមគ្គី​មាន​ភូមិសាស្ត្រ​ធំ​ប្រជាពលរដ្ឋ​រស់នៅ​ដាច់​ដោយ​ដុំ ពេល​កើតមាន​បទល្មើស​សមត្ថ​កិច្ច ពិបាកធ្វើ​ការបង្ក្រាប​ការចាប់​ជន ល្មើស ក៏​មិនបាន​ទាន់ពេលវេលា ទើប​អាជ្ញាធរ​រៀបចំ​បង្កើត ឲ្យ​មាន​ប្រជា​ការពារ​ចំនួន​១៣០​នាក់ នៅ​ក្នុង សង្កាត់​នេះ ដើម្បី​ធ្វើ​កិច្ចសហប្រតិបត្តិការ​រួម​គ្នា ការពារ​សន្តិសុខ​នៅក្នុង​មូលដ្ឋាន។

លោក​វរសេនីយ៍ត្រី ​ឈូក កុ​ម៉​ល់ អធិការ​ក្រុង​ស្ទឹងត្រែង​បានបញ្ជាក់​ថា ចលនា​ប្រជា​ការពារ​មាន​តួនាទី​សំខាន់​ការពារ​សន្តិសុខ​នៅក្នុង​ភូមិ ធ្វើជា​អ្នក​ចំ​រើ​ប្រជាពលរដ្ឋ ការពារ​សណ្តាប់ធ្នាប់​សា​ធារណៈ​នៅក្នុង​មូលដ្ឋាន​របស់ខ្លួន គឺជា​ការចូលរួម​ដោយ​ស្មា​ក​ចិត្ត​ដើម្បី ធ្វើ​ឲ្យ​ភូមិ​ឃុំ​សង្កាត់​របស់​យើង​មាន​សន្តិសុខ​ល្អ​អនុវត្តបាន​នូវ​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុ​វត្តិភាព​ទាំង​៩​ចំណុច។

លោក​បន្ថែមថា ប្រជា​ការពារ​អាច​ពាក់​សំលៀកបំពាក់​ជា​ឯកសណ្ឋាន​មាន​លក្ខណៈ​មិន​ខុសពី​កម្លាំងប្រដាប់អាវុធ​នោះទេ គ្រាន់តែ​ពុំមាន​សិទ្ធ​ប្រើប្រាស់​អាវុធ តែបើ​មានរឿង​រ៉ាវ​អ្វី​កើត​ឡើងវិញ​នោះ គឺមាន​សិទ្ធ​ឃាត់ខ្លួន​ជនសង្ស័យ ហើយ​រាយការណ៍​ជូន​មន្ត្រី​ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល ឬ​កងរាជ​អាវុធហត្ថ​ជាបន្ទាន់ ដែល​មាននៅ​ជិត​បំផុត។

បន្ថែម​ពីលើ​នេះ លោក ផាន់ ម៉េង​ឈឿន សមាជិក​ក្រុម​ព្រឹក្សា​ខេត្ត និង​ជា​ប្រធាន​ក្រុមការងារ​ចុះជួយ​សង្កាត់​សាមគ្គី បាន​សំណូមពរ​ដល់​បងប្អូន​ប្រជា​ការពារ​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់​ខិតខំ​បំពេញ​តួនាទី​របស់ខ្លួន ការពារ​សេចក្តីសុខ​ជូន​ប្រជាពរដ្ឋ នៅក្នុង​សង្កាត់​របស់​យើង​ឲ្យ​បានល្អ​ប្រសើរ ឈានទៅ​រួមគ្នា​លប់បំបាត់ អំពើ​លួច ឆក់ ប្លន់ ល្បែងស៊ីសង​អំពើ​ហិង្សា ក្នុង​គ្រួសារ និង​សកម្មភាព​បទល្មើស​ផ្សេងៗ​ទៀត។

សូមបព្ជាក់ថា នៅក្នុង​សង្កាត់​សាមគ្គី​មាន​ភូមិ​ចំនួន​៦​ភូមិ ចំណែក​កំលាំង​ប៉ូលិស​ប៉ុស្តិ៍​មាន​គ្នា​តិច​ទើប​បង្កើត ឲ្យ​មាន​កំលាំង​ប្រជា​ការពារ បន្ថែម​មាន​សម្លៀកបំពាក់ ឯកសណ្ឋាន​គ្រប់ៗ​គ្នា ដើម្បី​ជា​សញ្ញា​សំគាល់​ពេល​ចុះ​ធ្វើ​កិច្ចសហប្រតិបត្តិការ​ការពារ​សន្តិសុខ​នៅក្នុង​ភូមិ៕



Post a Comment

0 Comments

Close Menu