ព្រះសីហនុ ៖ មិទ្ទិញរំឭកខួបអនុស្សាវរីយ៍លើកទី៣៦ ទិវាជ័យជម្នះ៧មករា (ថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩-ថ្ងៃទី៧ឋ ខែមករា ឆ្នាំ២០១៥) ត្រូវបានប្រារព្ធធ្វើឡើងនៅខេត្តព្រះសីហនុនៅព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៥ ក្រោមអធិបតីភាពលោក ប៉ុល សារឿន សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណៈកម្មាធិការកណ្ដាលចុះជួយក្នុងខេត្តព្រះសីហនុ។ មិទ្ទិញរំឮកខួបអនុស្សាវរីយលើកទី៣៦ ប្រារព្ធធ្វើនៅវេទិកាបុណ្យជាតិ៧មករា ស្ថិតក្នុងសង្កាត់លេខ៣ ក្រុងខេត្តព្រះសីហនុ មានការចូលរួមពីព្រះសង្ឃ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្ស និស្សិត និង ប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
លោក ប៉ុល សារឿន បានមានប្រសាសន៍ថា ៣៦ឆ្នាំកន្លងផុតទៅ ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះរស់រវើកក្នុងដួងចិត្តរបស់ប្រជាជនកម្ពុជាគ្រប់រូប ដែលស្នេហាសន្តិភាព សេរីភាព និង យុត្តិធម៌។ មហាជ័យជម្នះ៧មករា បានរំដោះប្រជាពលរដ្ឋឱ្យរួចចាកផុតពីសេចកី្តស្លាប់នៃរបបដ៏យង់ឃ្នង និងបានរស់នៅក្នុងកិត្តិយស សេចក្ដីថ្លៃថ្នូរ សុខសន្តិភាព រីកចម្រើនសម្បូរសប្បាយ មានសិទ្ធសេរីភាពយ៉ាងទូលំទូលាយប្រកបដោយក្តីសង្ឃឹមនេះគឺជាការពញ្ញាក់ស្មារតីយើងទាំងអស់គ្នាឱ្យនឹកឃើញភ្លាមៗដល់អ្នកមានគុណបានជួយរំដោះជីវិតយើងដោយបានចារឹកទុកជាប់ជានិច្ច និងជារៀងរហូត បើគ្មានរណសិរ្ស២ធ្នូ និងថ្ងៃ៧មករាទេ យើងក៏គ្មានអ្វីៗដូចសព្វថ្ងៃ។
លោក ប៉ុល សារឿន បានថ្លែងថា រាល់សមិទ្ធផលដែលយើងសម្រេចបាន ដោយមានការដឹកនាំខាងនយោបាយត្រឹមត្រូវ ប្រមូលផ្ដុំបាននូវកម្លាំងសាមគ្គីប្រជាជាតិទាំងមូលនៅក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ ទោះបីមានអតីតកាលនិន្នាការនយោបាយ ឬឋានៈសង្គមផ្សេងៗគ្នាក្តី ព្រមទាំងបានការជួយឧបត្ថម្ភគាំទ្រដ៏ស្មោះសរពីបណ្ដាប្រទេសជាមិត្តជិតឆ្ងាយ និងអង្គការអន្តរជាតិនានា។ សច្ចធម៌ក្នុងប្រវត្តិសាស្ត្រគ្មានជនណាម្នាក់អាចមកបំផ្លាញបានឡើយ។ ផ្ដើមចេញពីថ្ងៃជ័យជម្នះ៧មករា បើគ្មានជ័យជំនះ៧មករា តើធ្វើដូចម្តេចយើងមានអ្វីៗដូចសព្វថ្ងៃនេះ គឺនៅតែស្ថិតស្ថេរជានិច្ចក្នុងដួងចិត្តប្រជាជនកម្ពុជាគ្រប់រូបទាំងនៅក្នុងពេលបច្ចុប្បន្ន ក៏ដូចជាពេលអនាគតយូរអង្វែង ប្រៀបដូចជា ប្រទីបបំភ្លឺផ្លូវនាំយើងឱ្យឈានទៅរកជ័យជម្នះថ្មីៗបន្ថែមទៀត។
លោកបានថ្លែងថា ស្មារតី៧មករា នៅស្ថិតស្ថេរជានិច្ចក្នុងដួងចិត្តប្រជាជនកម្ពុជា ទាំងក្នុងពេលបច្ចុប្បន្ន ក៏ដូចអនាគតយូរអង្វែង និងជាមេរៀនបទពិសោធន៍យ៉ាងច្រើនដ៏មានតម្លៃសម្រាប់យើងទាំងអស់គ្នា ដើម្បីកសាងការពារមាតុភូមិតទៅមុខទៀត និងមានតម្លៃបំផុតសម្រាប់យើងទាំងអស់គ្នា។
លោក ប៉ុល សារឿនបានបញ្ជាក់ថា ស្មារតី៧មករាមានសត្រូវតែមួយប៉ុណ្ណោះ គឺរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានក្លាយជាបញ្ហាប្រវត្តិសាស្ត្រសម្រាប់ប្រជាជនកម្ពុជា ឈរលើមូលដ្ឋានរក្សាខ្ជាប់ស្មារតី៧មករា កម្ពុជាសម្រេចបានសមិទ្ធផលថ្មីៗលើគ្រប់វិស័យ និងកំពុងឈានចូលឆ្នាំ២០១៥ប្រកបដោយសុទិដ្ឋិនិយមយ៉ាងមុតមាំ៕ ស៊ុយ ចាន់ធា


0 Comments