នៅព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៥ ក្រុមការងារឯកឧត្តម ហ៊ុន ម៉ាណែត បាននាំយកនូវស័ង្កសី៣០០សន្លឹក ស៊ីម៉ង់១០តោន ដែកសរសៃ១៦លី ៣តោន ដែកសរសៃ០៦លី ០២តោន លួសចងដែក៥០០គីឡូ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈ ឯកឧត្តម ហ៊ុន ម៉ាណែត ប្រគល់ជូនកងពលតូចទ័ពពិសេសឆត្រយោង៩១១។
ឧត្តមសេនីយ៍ឯក ចាប ភក្តី មេបញ្ជាការកងពលតូចទ័ពពិសេសឆត្រយោង៩១១ ជំនួសមុខឱ្យនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម ហ៊ុន ម៉ាណែត ជាពិសេសសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានបាននិងកំពុងគិតគូរពីសុខទុក្ខនិងយកចិត្តទុកដាក់ចំពោះជីវភាពរស់នៅកងទ័ពតាមរយៈការតំឡើងប្រាក់បៀវត្ស ប្រាក់របបផ្សេងៗ និងសាងសង់សំណង់អាគារនៅតាមបណ្ដាអង្គភាពនានាសំដៅលើកកំពស់ជីវភាពរស់នៅរបស់កងទ័ពនិងគ្រួសារកងទ័ព។ ជាក់ស្តែងការផ្តល់នូវសម្ភារៈសំណង់ទាំងនេះដល់អង្គភាព ដើម្បីដាក់ឲ្យដំណើរការជួសជុល និងសាងសង់អាគារស្នាក់នៅកងពលតូចទ័ពពិសេសឆត្រយោង៩១១ដែលឈជើងនៅនៅតំបន់ព្រំដែននាពេលនេះ។
ជាមួយនឹងការថ្លែងអំណរគុណចំពោះសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ក៏ដូចជាដើម្បីឆ្លើយតបទៅនឹងគុណបំណាច់ដ៏ធំធេងបំផុតរបស់ប្រមុខរាជរដ្ឋាភិបាល ជាពិសេសក្នុងបុព្វហេតុការពារជាតិ បូរណភាពទឹកដី និងការពារភាពសុខសាន្តរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ក្នុងនាម នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់នៃអង្គភាពកងពលតូចទ័ពពិសេសឆត្រយោង៩១១ប្ដេជ្ញាប្រកាន់ជំហរដាច់ខាតគោរព និងអនុវត្តតាមគោលនយោបាយយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល និងប្ដេជ្ញាត្រៀមខ្លួនជានិច្ចក្នុងបុព្វហេតុការពារជាតិមាតុភូមិដ៏បវរនៃយើង៕
0 Comments