រតនគិរី ៖ អាជីវករវេលុយវីងដែលប្ដីឈ្មោះ ជា សារឿន អាយុ៤៨ឆ្នាំ និងប្រពន្ធឈ្មោះ ជ្រៀន ផល្លី អាយុ៤៥ឆ្នាំ។ បុរសជាប្ដីបានរៀបរាប់ថា ជារៀងរាល់ថ្ងៃពេលល្ងាចៗគាត់ជិះម៉ូតូទៅផ្ទះវិញ ដែលស្ថិតភូមិ៧មករា សង្កាត់ឡាបានសៀក ក្រុងបានលុង(ខាងលិចប្រលានយន្តហោះ) បានជួលផ្ទះល្វែងមួយកន្លែងដែលមានទីតាំងនៅខាងត្បូងផ្សារបានលុង ស្ថិតនៅភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង នៅពេលយល់លក់ដូរជារៀងរាល់ពេលល្ងាចពីរនាក់ប្ដីប្រពន្ធជិះម៉ូតូម៉ាកវ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខរតនគិរី 1B-0946 លុះជិះម៉ូតូមកដល់បានចម្ងាយប្រមាណ៨០០ទៅ៩០០ម៉ែត្រ ដល់ចំណុចខាងកើតប្រលានយន្តហោះ ស្ថិតនៅភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបាលុង ស្រាប់តែមានជនសង្ស័យពីរនាក់ជិះម៉ូតូម៉ាកវ៉េវស៊េរី២០១៥ អត់ស្លាកលេខស្ទាក់ម៉ូតូគាត់ពីមុខអោយឈប់ និងគំរាមបានដកកាំភ្លើងខ្លីភ្ជង់កុំឲ្យស្រែកប្រយ័ត្នបាញ់សម្លាប់ ខណៈគាត់កំពុងជិះម៉ូតូឌុបប្រពន្ធ។ ជនរងគ្រោះជាប្ដីប្រាប់បន្តទៀតថា ជនសង្ស័យជាអ្នកបើកម៉ូតូយកដកកាំភ្លើងខ្លីភ្ជង់គាត់ រួចបាញ់មួយគ្រាប់តែអត់ផ្ទុះ ហើយជនសង្ស័យជិះពីក្រោយស្ទុះទៅដណ្ដើមសោម៉ូតូចាក់គូថម៉ូតូ ដែលដាក់លុយក្នុងនោះ ហាក់បីដូចជាជនសង្ស័យខាងលើនេះតាមដានពួកគាត់ជាយូរមកហើយ។ ជនរងគ្រោះបានបញ្ជាក់ឲ្យដឹងទៀតថា លុយដែលជនសង្ស័យយកនោះមានចំនួន៥១លានរៀល។ ជនរងគ្រោះបានបញ្ជាក់ទៀតថា ជនសង្ស័យបានសកម្មភាពនៅវេលាម៉ោង៦និង១៥នាទីល្ងាច ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៥ ហើយក៏ជាសំណាងរបស់គាត់ផងដែរ ដែលជនសង្ស័យបាញ់គាត់តែមិនផ្ទុះ ក្រុមជនសង្ស័យទាំងនេះមិនពាក់មួក និងម៉ាសបិទមុខអ្វីទាំងអស់ ហើយកន្លែងប្លន់នេះនៅកណ្ដាលវាល និងជាទីប្រជុំជនទៀត ហើយអ្នកឃើញហេតុការណ៍នេះមិនហ៊ានជួយ ព្រោះជនសង្ស័យខាងលើនេះមានអាវុធកាន់ជាប់ដៃ យកលុយបានដោយសុវត្ថិភាព។ ករណីនោះដែលអ្នកសារព័ត៌មានយើងបានធ្វើការសម្ភាសមន្ត្រីប៉ូលិសពីថ្នាក់ប៉ុស្តិ៍សង្កាត់ឡាបានសៀក រហូតដល់អធិការដ្ឋាននគរបាលបានលុង ក៏ប៉ុន្តែខាងសមត្ថកិច្ចបានប្រាប់អ្នកសារព័ត៌មានថា ក្រុមជនសង្ស័យពិតជាធ្វើសកម្មភាពប្លន់ជនរងគ្រោះពិតប្រាកដមែន ដោយប្រើអាវុធខ្លីតែមិនស្គាល់ម៉ាក សមត្ថកិច្ចមិនទាន់ទម្លាយព័ត៌មាននេះទេ សមត្ថកិច្ចកំពុងតាមប្រមាញ់ជនសង្ស័យយ៉ាងសកម្ម៕
តាជួង
0 Comments