Ad Code

ប្រជុំ​រៀបចំ​នីតិ​វិធី​ក្នុង​ការ​បង្ក្រាប​បទ​ល្មើស​គ្រឿងញៀន​របស់​មន្ត្រី​នគរបាល​យុត្តិធម៌​


កំពង់ធំ ៖ តុលាការ​ខេត្តកំពង់ធំ​កោះហៅ​មន្ត្រី​នគរបាល​យុត្តិធម៌ និង​អង្គភាព​ពាក់ព័ន្ធ ដើម្បី​ចូលរួម​ប្រជុំ​ស្ដីពី​ការ​រៀបចំ​សំណុំរឿង និង​ដំណើរការ​អនុវត្ត​ដោយ​នីតិ​វិធី​ចំពោះ​គ្រឿងញៀន ក្នុង​ការ​បញ្ជូន​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​។​

ពិធី​ប្រជុំ​មន្ត្រី​នគរបាល​យុត្តិធម៌ ត្រូវ​បាន​ចូលរួម​ពី​សំណាក់​លោក អ៊ិត សុធា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ធំ និង​លោក សាយ ណូ​រ៉ា ព្រះរាជអាជ្ញា​រង និង​ប៉ូលិស ប៉េអិម​ចូលរួម ជា​ច្រើន​នាក់​នៅក្នុង​សាល​ប្រជុំ​តុលាការខេត្ត​កំពង់ធំ​នៅ​ព្រឹក​វេលា​ម៉ោង​៨​និង​៣០​នាទី ថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ​២០១៥​។ លោក សាយ ណូ​រ៉ា ​ព្រះរាជអាជ្ញា​រង​បាន​មានប្រសាសន៍​ណែនាំ​ឲ្យ​មន្ត្រី​នគរបាល​យុត្តិ​ធម៌​ទាំងអស់​ខិតខំ​សិក្សា អនុវត្តន៍​ច្បាប់ និង​ការរៀបចំ​ដោយ​សន្តិវិធី​ក្នុង​ការ​ចុះ​បង្ក្រាប​បទ​ល្មើស​ពាក់ព័ន្ធ​ទៅ​នឹង​គ្រឿងញៀន និង​សូម​ឲ្យ​មានការ​ប្រុងប្រយ័ត្ន​ក្នុង​ពេល​ចុះ​ប្រតិបត្តិការ និង​សូម​ឲ្យ​មាន​មានការ​លុបបំបាត់​នូវ​ការ​ដាំដុះ​សារធាតុ​ញៀន​នៅ​តាម​ភូមិសាស្ត្រ ប៉ុស្តិ៍ អធិការ​ត្រូវ​ទទួលខុស ត្រូវ​ចំពោះ​ធាតុ​សារធាតុ​នៅក្នុង​គោលដៅ​ទទួលខុសត្រូវ​។​ លោក ចាន់​ ស៊ីណា អធិការរង​ស្រុក​បារាយណ៍​បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​ស្រុក​បារាយណ៍​បាន​ធ្វើការ​បង្ក្រាប​ជា​បន្តបន្ទាប់ និង​ធ្វើ​ឲ្យ​ទទួល​បាន​ជោគជ័យ តែ​ក្នុង​នោះ​សមត្ថកិច្ច​បាន​ជួប​នូវ​ផល​លំបាក ខណៈ​ពេល​ដែល​មុខសញ្ញា​ណាត់គ្នា ទទួល​វត្ថុ​តាង និង​វេរ​លុយ​តាម​វិ​ន​។​

លោក​វរសេនីយ៍ត្រី ឃុន ប៊ុន​ហូ មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​ស្ទោង​បាន​ឲ្យ​ដឹង​ថា ចំពោះ​គ្រឿងញៀន​បាន​ថយ​ចុះ​ក្នុង​ឆ្នាំ​២០១៤​នេះ និង​បាន​ធ្វើ​ការ​បង្ក្រាប​ជា​បន្តបន្ទាប់ ក្នុង​កិច្ច​សហការ​ល្អ​ជាមួយ​កងកម្លាំង​ និង​ប្រជាពលរដ្ឋ​ដើម្បី​ឲ្យ​មានការ​ចូល​រួម​ចំណែក​ផ្តល់​ព័ត៌មាន​មក​សមត្ថកិច្ច​ប្រចាំការ​មូលដ្ឋាន ដើម្បី​ថែរក្សា​នូវ​សន្តិសុខ សុវត្ថិភាព ក៏ដូចជា​ការគោរព​នូវ​គោល​នយោ​បាយ​ភូមិ​/ឃុំ​មាន​សុវត្ថិភាព​ទាំង​៩​ចំណុច។​

លោក អ៊ិត សុធា ព្រះរាជអាជ្ញា​ខេត្តកំពង់ធំ​បាន​មានប្រសាសន៍​ផ្តាំផ្ញើ​ឲ្យ​មន្ត្រី​នគរបាល​យុត្តិ​ធម៌​ទាំងអស់​យកចិត្តទុកដាក់​ស៊ើប​អង្កេត​រក​ទីតាំង និង​ឃ្លាំមើល​មុខសញ្ញា​ការចែក​ចាយ​គ្រឿងញៀន​វែក​រកមុខ​មេខ្លោង​ធំ​ដែល​នៅ​ពីក្រោយ​ការ​ចែកចាយ​គ្រឿងញៀន និង​សូម​ឲ្យ​បន្ត​ការ​ស៊ើប​អង្កេត​បន្ថែម​ទៅមុខ​សញ្ញា​ដែល​ត្រូវ​បាន​បង្ក្រាប ក្រោយពី​ការ​បង្ក្រាប​បាន​វត្ថុ​តាង​ត្រូវ​មានការ​វិច​ខ្ចប់​ឲ្យ​បាន​ត្រឹមត្រូវ និង​ការរៀបចំ​សំណុំ​បែបបទ​បញ្ជូន​ទៅ​តុលាការ។ លោក​បាន​បន្ត​ថា មាត្រា​ច្បាប់​តាម​មាត្រា​៨៥ គឺ​ត្រូវ​មាន​ការ​ណែនាំ​អប់រំ​ចំពោះ​លើក​ទី​១ លើក​ទី​២ ចំណែក​លើក​ទី​៣​គឺជា​ករណី​មិន​រាងចាល ត្រូវ​បាន​បញ្ជូន​ទៅ​ដាក់​ពន្ធនាគារ​តាម​ការ​ឯកភាព អាណាព្យាបាល ក្នុង​នោះ​ក៏បាន​នែ​នាំ​ឲ្យ​ប៉ុស្តិ៍​រដ្ឋបាល​ចុះ​ណែនាំ​ដល់​អាជីវករ​ដែល​លក់​កាវ​ឲ្យ​ក្មេង​សម្រាប់​យក​ទៅ​ហិត ដែល​ជា​សារធាតុ។ ចំណែក​មន្ត្រី​នគរបាល​យុត្តិធម៌​ហាម​ដាច់ខាត​មិន​ឲ្យ​មានការ​ចូលរួម​លាក់លៀម ជួយ​មុខ​សញ្ញា​ចែកចាយ​គ្រឿងញៀន លក្ខណៈ​នៃ​ការ​ចុះ​បង្ក្រាប​ជាក់ស្តែង ពេល​ដែល​បាន​ជួបនឹង​បទល្មើស​ជាក់ស្តែង​ត្រូវតែ​បង្ក្រាប​ភ្លាម ដោយ​មិន​ចាំ​បាច់​រង់ចាំ​សុំ​ការ​អនុញ្ញាតិ​នោះ​ទេ ត្រូវតែ​បង្ក្រាប​រួច​ចាំ​រាយការណ៍​មក​ព្រះរាជអាជ្ញា​តាម​ក្រោយ៕​


ដោយ ប៊ុន​រដ្ឋា​.

Post a Comment

0 Comments

Close Menu