Ad Code

រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ព្រមាន​ចំពោះ​ការតែងតាំង​បក្ខពួក និង​ក្រុម​គ្រួសារ​សាច់ញាតិ​ខ្លួនឯង​


ភ្នំពេញ ៖ លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​ធ្វើការ​ព្រមាន​ទៅលើ​មន្ត្រី​មួយចំនួន​ដែល​ធ្វើការ​តែងតាំង​មន្ត្រី ដោយ​ផ្អែក​ទៅ​លើ​មនោសញ្ចេតនា និង​បក្ខពួក ក្រុម​គ្រួសារ សាច់ញាតិ​របស់​ខ្លួន ដែល​បញ្ហា​នេះ​ធ្វើ​ឲ្យ​មន្ត្រី​ខ្លះ​ដែល​គ្មាន​សមត្ថភាព គ្មាន​លក្ខណៈ​សម្បត្តិ ក៏​ត្រូវ​ទទួល​តំណែង​ដោយ​មិន​សមរម្យ។​

រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ថ្លែង​បែបនេះ​នៅក្នុង​ពិធី​ផ្ទេរ​មុខតំណែង​អគ្គនាយក អគ្គនាយករង ប្រធាន​នាយកដ្ឋាន ចំណុះ​អគ្គនាយកដ្ឋាន​រដ្ឋបាល​នៃ​ក្រសួងមហាផ្ទៃ​កាលពី​ព្រឹក​ថ្ងៃទី​៩ ខែ​កុម្ភៈ ឆ្នាំ​២០១៥ នៅ​ទីស្ដីការ​ក្រសួងមហាផ្ទៃ​។ លោក​បញ្ជាក់​ថា "​ការតែងតាំង​មនុស្ស ត្រូវ​ឈរ​លើ​សច្ចៈ​ធម៌​ពិតប្រាកដ ធ្វើ​បាន​ឬ​មិនបាន ជៀសវាង​ការ​រើស​បក្ខពួក ដែល​ធ្វើ​ឲ្យ​មន្ត្រី​ដែល​ល្អ​មាន​សមត្ថភាព​គេ​មិន​សប្បាយចិត្ត មិន​ខំធ្វើការ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិច្ច​ការ​រួម​"​។ លោក​បន្ត​ថា ក្រសួងមហាផ្ទៃ​ហាក់​ដូចជា​បាន​ជៀស​ផុត​ស្ទើរ​ទាំងស្រុង​នូវ​បញ្ហា​នេះ តែ​វា​អាច​មាននៅ​ថ្នាក់ក្រោម​ខ្លះ អគ្គនាយកដ្ឋាន​ខ្លះ ប៉ុន្តែ​នៅក្នុង​ក្របខណ្ឌ​ក្រសួង គឺ​យើង​បាន​រៀបចំ​បញ្ហា​នេះ។​

តាម​លោក​ឧបនាយក​រដ្ឋមន្ត្រី​បញ្ជាក់​ថា "​នេះ​គឺជា​ចំណុច​ល្អ​ណាស់ មិនមែន​ថា យើង​ចង្អៀត​ចង្អល់​ចំពោះ​កូន​មន្ត្រី​ដែល​មាន​សមត្ថ​ភាពល្អ​នោះ​ទេ គឺ​យើង​ខិតខំ​លើកទឹកចិត្ត​ដែរ ប៉ុន្តែ​យើង​ជៀស​វាង​ថា កូន​មន្ត្រី​ដែរ ប៉ុន្តែ​សមត្ថភាព​អន់ គ្មាន​បទពិសោធន៍ ឬក៏​ការសិក្សា​រៀនសូត្រ​មិនបាន​ជ្រោះ​ជ្រះ ឬក៏​លក្ខណៈ​សម្បត្តិ​មិន​គ្រប់គ្រាន់ ហើយ​ចេះតែ​យក​មក​តែងតាំង​ក៏​មិន​បាន​ដែរ ពីព្រោះ​យើង​ទាំង​អស់​គ្នា​ត្រូវ​ទទួលខុស​ត្រូវ​ចំពោះ​ជោគវាសនា​របស់​ប្រទេសជាតិ មិនមែន​ទទួលខុសត្រូវ​ចំពោះ​ក្រុម​គ្រួសារ​មួយ​ទេ ទទួលខុសត្រូវ​ចំពោះ​សង្គម​ទាំងមូល អីចឹង​ហើយ​ត្រូវ​ឈរ​លើ​ទស្សន​បែបនេះ ដើម្បី​យើង​រៀបចំ​មន្ត្រី​របស់​យើង​ឲ្យ​បាន​សមស្រប​" ទាក់ទង​ការ​ដាក់​មន្ត្រី ដែល​ដល់​អាយុ​ចូលនិវត្តន៍ លោក​ឧបនាយករដ្ឋមន្ត្រី​បាន​អះអាង​ថា ក្រសួងមហាផ្ទៃ​មិនបាន​បោះបង់ចោល​មន្ត្រី ដែល​ចូល​និវត្តន៍​នោះ​ទេ គឺ​ដោយសារតែ​សុខភាព សមត្ថភាព និង​លទ្ធភាព​នៅ​មាន គឺ​ក្រសួងមហាផ្ទៃ​ប្រមែ​ប្រមូល​មន្ត្រី​ទាំងនោះ​មក​ឲ្យ​ជួយ​ការងារ​ផ្សេងៗ ដែល​អាច​ធ្វើ​ទៅ​បាន ឬក៏​អាច​តែងតាំង​ជា​អនុរដ្ឋ​លេខាធិការ​ជាដើម ជា​តំណែង​នយោបាយ ហើយ​នៅពេល​ខាងមុខនេះ ក្រសួងមហាផ្ទៃ​នឹង​ពិនិត្យ​មើល​លទ្ធភាព​ដើម្បី​ធ្វើ​ការ​ស្នើ​តែងតាំង​តំណែង​ចំពោះ​មន្ត្រី​ចូលនិវត្តន៍​មួយចំនួន​ដែល​មាន​បទ​ពិសោធន៍​ល្អៗ មាន​បទពិសោធន៍​ច្រើន ដែល​អាច​ជួយ​កិច្ច​ការងារ​របស់​ក្រសួង និង​រាជរដ្ឋាភិបាល​បាន​។ ថ្លែង​ទាក់ទង​ទៅ​នឹង​បញ្ហា​ការបោកប្រាស់ តាមរយៈ​ការ​ដើរ​តួ​ជា​មីក្រូហិរញ្ញវត្ថុ​នោះ លោក​ឧបនាយករដ្ឋមន្ត្រី​បាន​អះអាង​ថា នឹង​បង្កើត​ក្រុមការងារ​ចំនួន​២​ដើម្បី​ចាត់វិធានការ​ចំពោះ​ក្រុម​មនុស្ស​ដែល​យកឈ្មោះ​មីក្រូហិរញ្ញវត្ថុ​ទៅ​បោកប្រាស់​ប្រជាពលរដ្ឋ​តាមរយៈ​ឲ្យ​ខ្ចីប្រាក់ ហើយ​យក​ការប្រាក់​ខ្ពស់​ដែល​បញ្ជាក់​ថា នេះ​មិន​មែន​ជា​ការកាត់បន្ថយ​ភាព​ក្រីក្រ​ទេ តែ​វា​នឹង​បង្កើន​ភាព​ក្រីក្រ​ទៅវិញ​។ លោក​ឧបនាយករដ្ឋមន្ត្រី​បញ្ជាក់​ថា នៅ​ខេត្តបាត់ដំបង​ប្រជាជន​ដែល​បាន​ខ្ចី​លុយ​តាមរយៈ​មីក្រូហិរញ្ញវត្ថុ​មាន​ដល់​២៨៣​លាន​ដុល្លារ ហើយ​បើ​តាម​ការ​បូកសរុប​ប្រជាពលរដ្ឋ​ខ្ចី​លុយ​តាម​មីក្រូ​ហិរញ្ញវត្ថុ​ទូទាំង​ប្រទេស​កម្ពុជា​មាន​រហូត​ទៅដល់​៣.៥០០​លាន​ដុល្លារ ហើយ​ក្នុងចំណោម​មីក្រូ​ហិរញ្ញវត្ថុ ដែល​ឲ្យ​ប្រជាពលរដ្ឋ​ខ្ចី​លុយ​នេះ មាន​ខ្លះ​បាន​ចុះបញ្ជី​ត្រឹមត្រូវ តែ​ខ្លះ​អត់​បាន​ចុះបញ្ជី​ត្រឹម​ត្រូវ។ លោក​ឧបនាយករដ្ឋមន្ត្រី​បាន​លើក​ឡើង​ថា កាលពី​ប៉ុន្មាន​ថ្ងៃមុខ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​ចេញ​សេចក្តី​ប្រកាស​ថ្កោលទោស​ចំពោះ​អ្នកខ្លះ​ដែល​យកឈ្មោះ​អង្គការក្រៅរដ្ឋាភិបាល និង​មីក្រូ​ហិរញ្ញវត្ថុ​ដើម្បី​យក​លុយ​ឲ្យ​ប្រជាពលរដ្ឋ​ខ្ចី​។ លោក​បាន​បញ្ជាក់​ថា "​ពីព្រោះ​អាហ្នឹង​ដូចជា​កន្លែង​ប្រចាំ មិនមែន​ក្នុង​បំណង​ដើម្បី​ទៅ​ជួយ​កាត់បន្ថយ​ភាព​ក្រីក្រ​ប្រជាពលរដ្ឋ​ទេ គឺ​យក​ការ​ខ្ពស់ ហើយ​ត្រូវ​យក​ប្លង់ដី ប្លង់​ផ្ទះ​ទៅ​បញ្ចាំ​។ កាលណា​បើ​គាត់​រកលុយ​ទៅ​បង់​មិន​បានទេ គឺ​ផ្លូវ​តែ​ម្យ៉ាង​ទេ គេ​រឹប​អូស​យក​ដី និង​ផ្ទះ ឬមួយ​ក៏​គាត់​ទៅ​ធ្វើ​ការ​នៅ​ស្រុក​ក្រៅ​ដើម្បី​យក​លុយ​ទៅ​សង​គេ​"​។​

លោក​ឧបនាយករដ្ឋមន្ត្រី​បាន​បញ្ជាក់​ដែរ​ថា បញ្ហា​នេះ​ជា​កម្មវត្ថុ​មួយ ដែល​រាជរដ្ឋាភិបាល​ត្រូវ​គិត និង​ធ្វើការ​សិក្សា​អំពី​បញ្ហា​នេះ ហើយ​លោក​បាន​បញ្ជាក់​ថា បាន​បង្កើត​ក្រុម​ចំនួន​ពីរ គឺ​មួយ​ក្រុម​ក្រសួងមហាផ្ទៃ​ជា​អ្នកទទួលខុសត្រូវ មាន​វិធានការ​ចំពោះ​មីក្រូហិរញ្ញវត្ថុ​ណា ដែល​ធ្វើ​សកម្មភាព​ដោយ​មិនបាន​ចុះបញ្ជី ហើយ​ក្រុម​មួយទៀត​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ធនាគារជាតិ​ជា​អ្នក​ទទួល​ខុសត្រូវ៕

កោះ​កែវ​

Post a Comment

0 Comments

Close Menu