Ad Code

គ្រាប់​ផ្លោង​ទំហំ​១០៥​មិល្លីម៉ែត្រ​នៅ​មាន​អានុភាព​ ត្រូវ​គេ​ប្រទះឃើញ​ក្នុង​គុម្ព​សង្កែ​


បាត់ដំបង ៖ គ្រាប់​ផ្លោង​មួយ​គ្រាប់​ដែល​គុណភាព​វា​អាច​សម្លាប់​ជីវិត​មនុស្ស​បាន​ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​កប់​ក្នុង​ស្មៅ ​ស្ថិត​នៅ​ក្រោម​គុម្ព​សង្កែ​ ក្បែរ​ផ្លូវ​វាង​ក្រុង ក្នុងភូមិ​ព្រៃ​កូន​សេក សង្កាត់​អូរ​ចារ ក្រុង​បាត់ដំបង កាលពី​ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៥ ​វេលា​ម៉ោង​១០​ព្រឹក ខណៈ​ដែល​អ្នក​បើកបរ​រថ​យន្ត​ម្នាក់​ដើរ​ចុះទៅ​បត់ជើង​។​

តាម​សំដី​របស់​សមត្ថកិច្ច​ប៉ុស្តិ៍​អូរ​ចារ​ម្នាក់​បាន​និយាយ​ថា នៅ​ព្រឹក​នោះ​មាន​អ្នកបើកបរ​រថយន្ត​ដឹក​ជ្រូក​ម្នាក់​បាន​មក​ប្រាប់​ថា​គេ​បាន​ប្រទះឃើញ​គ្រាប់​ផ្លោង​មួយ​គ្រា​ប់​យ៉ាង​ធំ​នៅក្នុង​ដុប​សង្កែ​ ក្បែរ​ផ្លូវ​ពេល​ដែល​គាត់​ដើរ​ចុះទៅ​បត់ជើង ភ្លាមៗ​នោះ​សមត្ថកិច្ច​បាន​រាយការណ៍​ទៅ​កម្លាំង​អង្គភាព​CMAC​ដើម្បី​ចុះទៅ​ត្រួតពិនិត្យ និង​មាន​ចំណាត់ការ​ទៅតាម​ជំនាញ​។​

លោក ហេង មួយ ប្រធាន​ក្រុម​កម្ទេច​គ្រឿងផ្ទុះ​លេខ​២៦​នៃ​មជ្ឈមណ្ឌល​កំចាត់​មីន​ទី​​២​CMAC​បាត់ដំបង​បាន​លើក​ឡើង​ថា ​គ្រាប់​នេះ​ជា​ប្រភេទ​គ្រាប់​ផ្លោង​ទំហំ​១០៥​មិល្លីម៉ែត្រ ដោយ​ក្បាល​គ្រាប់​នេះ​មានការ​បាក់​មួយ​កំណាត់ ប៉ុន្តែ​ទោះបីជា​គ្រាប់​នេះ​មាន​សភាព​ច្រេះ​ស៊ី និង​បាក់​ក្បាល​កូនជ្រូក​

ក៏ដោយ​ក៏​គុណភាព និង​អានុភាព​វា​នៅ​មួយ​រយ​ភាគរយ​គឺ​អាច​សម្លាប់​មនុស្ស​បាន ព្រោះ​ដុំ​គីប​ខាង​ក្នុង​មិនអាច​ច្រេះ​ស៊ី​បាន​ឡើយ​។​

លោក​បាន​សន្និដ្ឋាន​ថា គ្រាប់​នេះ​គឺ​អាច​បន្សល់​មក​តាំងពី​អំឡុង​ឆ្នាំ២០០២​មក​ម្ល៉េះ ​ដោយសារ​តែ​មាន​ការ​ឆេះ​ឃ្លាំង​គ្រាប់​នៅ​ចំណុច​អណ្ដូង​ចេញ ហើយ​ធ្វើ​ឲ្យ​គ្រាប់​ផ្លោង​ជាច្រើន​បាន​ហោះ​ប៉ើង​តាម​កម្លាំង​នៃ​ការ​រុញច្រាន​របស់​កម្លាំង​ផ្ទុះ​របស់​គ្រាប់​ដទៃ ព្រោះ​ក្រោយពេល​ផ្ទុះ​ឃ្លាំង​គ្រាប់​នោះ ​ក្រុម​ការងារ​របស់​លោក​បាន​ដើរ​ប្រមូល​គឺ​មាន​ចម្ងាយ​រហូតដល់​៥​ទៅ​៦គីឡូម៉ែត្រ​ឯណោះ។ បើ​គិត​ចម្ងាយ​ពី​កន្លែង​ដែល​ប្រទះឃើញ​គ្រាប់​នេះ​ទៅ​ទល់នឹង​ឃ្លាំង​ដែល​ឆេះ​នោះ​គឺ​ប្រហែល​ជិត​៣គីឡូម៉ែត្រ​ប៉ុណ្ណោះ ដែល​ជា​ការ​ងាយ​បំផុត​សម្រាប់​គ្រាប់​នេះ​ហោះ​មក​។​

ជា​ចុងក្រោយ​លោក​បាន​បន្ថែម​ថា គ្រាប់​នេះ​គឺ​មិន​អាច​ធ្វើ​ការ​កម្ទេច​នៅ​នឹង​កន្លែង​ដែល​ប្រទះ​

ឃើញ​នោះ​បាន​ទេ ព្រោះ​អានុភាព​វា​នៅ​ខ្លាំង​ណាស់ ហើយ​លោក​ក៏​មិនអាច​យក​ទៅ​រក្សាទុក​បាន​ដែរ​

គឺ​ត្រូវ​នាំ​យក​ទៅ​កម្ទេច​ចោល​នៅ​វាល​បឹង​ត្រាវ​ ស្ថិត​ក្នុង​ភូមិ​ស្នឹង ព្រោះ​នៅ​ទីនោះ​វា​អាច​ឃ្លាតឆ្ងាយ​

ពី​លំនៅដ្ឋាន​របស់​ប្រជាពលរដ្ឋ​។​ លោក​បាន​ផ្តាំផ្ញើ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ថា​នៅ​ពេល​ណា​ដែល​

ពួកគាត់​បាន​ប្រទះឃើញ​គ្រាប់មីន​ឬ​គ្រាប់​មិនទាន់​ផ្ទុះ​ គឺ​ត្រូវ​រាយ​ការ​ជាបន្ទាន់​ដល់​អាជ្ញាធរ​ឬក៏​អង្គភាព​CMAC​ ដើម្បី​គេ​ចាត់​កម្លាំង​ចុះទៅ​ប្រមូល ​ឬក៏​ត្រូវ​កម្ទេច​ចោល ដោយ​មិនអាច​ប៉ះពាល់​បាន​ឡើយ​ ដែល​វា​អាច​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​ជីវិត​បាន​៕ សោ និយម​រ័ត្ន​

Post a Comment

0 Comments

Close Menu