បាត់ដំបង ៖ ក្នុងមួយថ្ងៃៗមានត្រីងាប់ដោយសារកើតរោគដំបៅមិនតិចជាង១០គីឡូក្រាមនោះឡើយនៅក្នុងសហគមន៍នេសាទស្តីក្រោមរហាលសួង ស្ថិតក្នុងឃុំព្រែកហ្លួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង
ដែលជាតំបន់អភិរក្សពូជត្រី ដោយសារតែផ្ទៃទឹកបឹងកាន់តែរួមតូច ហើយទឹកក៏កាន់តែរាក់ និងមានភក់ច្រើនដោយមិនស៊ីគ្នាទៅនឹងបរិមាណត្រីដែលមានប្រមាណជាង២០តោន។
លោក ហោ សំអាត អនុប្រធានសហគមន៍នេសាទស្តីក្រោមរហាលសួងបានសំដែងនូវការព្រួយបារម្ភយ៉ាងខ្លាំងអំពីពូជត្រី ស្ថិតនៅក្នុងសហគមន៍បានងាប់ជាបន្តបន្ទាប់នៅរៀងរាល់ថ្ងៃដោយក្នុងមួយថ្ងៃៗមិនតិចជាង១០គីឡូក្រាមឡើយ ដែលត្រីទាំងនោះគឺជាប្រភេទត្រីរ៉ស់ ត្រីដៀប និងត្រីឆ្ដោរ នេះក៏ដោយសារតែទំហំទឹកកំពុងរួមតូច មានដីល្បាប់ និងភក់ច្រើនថែមទៀត ទើបធ្វើឲ្យទឹកមានក្លិនស្អុយ ឯត្រីក៏មានដំបៅពេញខ្លួន និងងាប់ជាហូរហែ។
ផ្ទៃទឹកបឹងដែលជាតំបន់អភិរក្សគឺមានទំហំជាង១៥.០០០ម៉ែត្រការ៉េ ដោយឆ្នាំនេះពូជត្រីកាន់តែមានកំណើនច្រើនឡើងជាងឆ្នាំមុនៗ ហើយកាលពីដើមឆ្នាំ២០១៤ ត្រីក៏មានងាប់ដែរ ប៉ុន្តែមិនដល់ឆ្នាំនេះទេ ហើយឆ្នាំនេះអាចនឹងងាប់ច្រើនជាងនេះទៅទៀត បើអាជ្ញាធរ មន្ត្រីជលផល និងអង្គភាពពាក់ព័ន្ធមិនបានយកចិត្តទុកដាក់លើការជួយរកវិធីជួយសង្គ្រោះទេនោះ។
លោកបានសង្កត់ធ្ងន់ថា បើគិតមកទល់នឹងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៥ បរិមាណនៃត្រីងាប់
មានប្រហែល២០០គីឡូម៉ែត្រ ហើយនេះមិនទាន់គិតអំពីត្រីដែលងាប់នៅក្នុងជួរព្រៃរនាម និងនៅក្នុងកំប្លោកដែលយើងមិនអាចចូលទៅបានផង ឯវិធីដែលត្រូវជួយសង្គ្រោះបន្ទាន់គឺមាន២យ៉ាង ទី១-ត្រូវរកវិធីសាស្ត្រជីកស្តាផ្នែកខ្លះនៃផ្ទៃបឹងដើម្បីបញ្ចូលទឹកថ្មី។ ទី២-ប្រភពទឹកគឺមានចម្ងាយប្រហែល១គីឡូម៉ែត្រ ដូច្នេះត្រូវរកវិធីបូមយកទឹកពីទីនោះមកដាក់បញ្ចូលដែលចាំបាច់ត្រូវមានការសហការពីអាជ្ញាធរ មន្ត្រីជលផល និងអង្គភាពពាក់ព័ន្ធ ទាំងការស្តា និងការឧបត្ថម្ភទាំងសម្ភារៈ ថវិកាទើបអាចធ្វើការសង្គ្រោះពូជត្រីទាំងនេះបាន បើមិនដូច្នេះទេ ពូជត្រី និងវិនាសពីមួយថ្ងៃទៅមួយថ្ងៃរហូតដល់បាត់បង់ជាមិនខាន។
មន្ត្រីជលផលម្នាក់បាននិយាយថា មិនមែនមានតែតំបន់អភិរក្សស្តីក្រោមរហាលសួងប៉ុណ្ណោះទេ ដែលមានត្រីងាប់នៅទៅកន្លែងដទៃទៀតក៏មានដែរ ដោយគ្រាន់តែវាមិនច្រើនដូចនៅតំបន់នេះ
ប៉ុន្តែទោះជាយ៉ាងណាក៏នៅថ្ងៃទី២៥ ខែកុម្ភៈខាងមុខនេះ លោក ហោ សំអាត នឹងធ្វើការកោះប្រជុំ
រវាងថ្នាក់ដឹកនាំសហគមន៍ អាជ្ញាធរពាក់ព័ន្ធ និងមន្ត្រីជលផលដើម្បីរកវិធានការជាបន្ទាន់ក្នុងការជួយ
សង្គ្រោះដល់ពូជត្រីទាំងនេះឲ្យបានឆាប់បំផុត ហើយលោកក៏បានអំពាវនាវតាមរយៈកម្ពុជាថ្មីដែរដល់អង្គភាពពាក់ព័ន្ធទាំងអស់មេត្តាជួយឧបត្ថម្ភគាំទ្រទាំងស្មារតី និងសម្ភារៈ ក៏ដូចជាថវិកាដើម្បីសង្គ្រោះដល់ពូជត្រីដែលស្ទើរតែវិនាសអស់ទៅហើយនេះ៕
សោ និយមរ័ត្ន
0 Comments